ជាតិ
សម្ដេច ហ៊ុន សែន ហាមប្តីប្រពន្ធ លែងលះគ្នា កុំហែកហួរកេរ្តិ៍លើហ្វេសប៊ុក
07, Mar 2023 , 11:02 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មី ឱ្យប្តីប្រពន្ធគ្រប់រូប ដែលលែងលះគ្នាហើយ កុំបង្ហោះសារហែកហួរគ្នា នៅលើបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា លើកទី១១២ នាព្រឹកថ្ងៃទី៧ មីនា។



សម្ដេច ហ៊ុន សែន បានបន្ថែមថា ការបង្ហោះសារឌឺដង និងហែកកេរ្តិ៍គ្នាលើបណ្ដាញសង្គម ក្រោយចែកផ្លូវគ្នានេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងផ្លូវចិត្តកូនៗ។ «មុនការអំពាវនាវរបស់ខ្ញុំ នៅពេលបុរស និងស្រ្តី លែងលះគ្នា ឬបែកបាក់គ្នា ដោយជាប្តីប្រពន្ធក្តី និងជាគូសង្សារក្តី ហែកហួរគ្នាទៅតាមហ្វេសប៊ុកមិនតិចទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ដែលបន្ថែមថា ករណីនេះ បានកាត់បន្ថយច្រើនហើយ ចាប់តាំងពីសម្ដេច អំពាវនាវឱ្យបញ្ឈប់ទង្វើរបែបនេះកន្លងមក។
 
តែយ៉ាងណា វាមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។ ដូច្នេះប្រមុខរដ្ឋាភិបាល ទាមទារឱ្យធ្វើសកម្មភាពព្រមគ្នា ទាំងបុរស និងស្តី្រ បញ្ឈប់សកម្មភាពហែកកេរ្តិ៍គ្នាលើបណ្ដាញសង្គមនេះ ដោយប្រកាន់យកការគោរពគ្នា ទៅវិញទៅមក ដើម្បីទុកមុខឱ្យកូនៗ ក្រោយលែងលះគ្នាហើយ។
 
«ស្ត្រីក្តី បុរសក្តី បើទោះជាខ្លួនបែកបាក់គ្នា ,រស់នៅមិនចុះសម្រុងគ្នា ហើយចែកផ្លូវគ្នា តែត្រូវទុកកិត្តិយសឱ្យកូន។ បើសិនជាយើងហែកកេរ្តិ៍គ្នាទៅវិញទៅមក តើកូនរបស់យើងថ្ងៃក្រោយ វាយកមុខទៅទុកនៅឯណា? វានឹងកើតជាការអាម៉ាសមួយ សម្រាប់កូន ឬបើសិនជាគ្មានកូនទេ វានឹងកើតជាការអាម៉ាសមួយ សម្រាប់ក្រុមគ្រួសារយើង និងខ្លួនយើង»។ សម្ដេច បន្ថែម៕

Tag:
 ហ៊ុន សែន
  នយោបាយ
  សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com