ទំនុកចិត្ត គឺជាកត្តាដ៏សំខាន់នៅក្នុងការធានានូវប្រតិបត្តិការ និងការអភិវឌ្ឍធនាគារពាណិជ្ជ ប្រកបដោយភាពជោគជ័យ ។ ជាមួយនឹងទំនុកចិត្តដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួន បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារឈីហ្វ (ខេមបូឌា) ជឿជាក់ថា ស្ថាប័នរបស់លោកមានការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។
«ប្រាកដណាស់ វាមានបញ្ហាប្រឈមមួយចំនួន ដោយសារឥទ្ធិពលសេដ្ឋកិច្ចអវិជ្ជមាននាពេលថ្មីៗនេះ ដែលបណ្តាលមកពីការផ្ទុះឡើងជាសកលនៃជំងឺកូវីដ១៩ ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អត្រាអតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើងជាសកល។ ទោះជាយ៉ាងណាក៏ដោយ ដោយសារយើងមានក្រុមការងារដ៏ល្អ, វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងកម្លាំងហិរញ្ញវត្ថុរឹងមាំ យើងជឿជាក់ថាយើងនឹងយកឈ្នះលើបញ្ហាទាំងនេះដោយជោគជ័យ កាន់តែរឹងមាំ និងកាន់តែមានស្ថិរភាព។

បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា ៖«លើសពីនេះ យើងដឹងច្បាស់ថា រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយជំរុញឱ្យមានតម្រូវការតាមរយៈការលើកទឹកចិត្តពាក់ព័ន្ធនឹងរូបិយវត្ថុ និងសារពើពន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបញ្ហាសកលទាំងនេះមក លើសេដ្ឋកិច្ចកម្ពុជា»។
ធនាគារ ឈីហ្វ (ខេមបូឌា) មានកំណើនដ៏រឹងមាំនៅកម្ពុជា គិតចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងខែធ្នូ ឆ្នាំ ២០១៣ ជាមួយនឹងដើមទុនដំបូងត្រឹមតែ១០លាន ដុល្លារប៉ុណ្ណោះ និងបុគ្គលិកប្រហែល២០នាក់ ខណៈទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងរហូតដល់ ២២២លានដុល្លារ គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ហើយមានបុគ្គលិកសរុបជាង ១៦០នាក់។ បណ្ឌិត ម៉ូរ៉ារិទ្ធ ចាត់ទុកអតិថិជនជាដៃគូរយូរអង្វែង ខណៈស្ថាប័នហិរញ្ញវត្ថុមួយនេះនៅតែបន្តរីកចម្រើន។
«ទស្សនវិជ្ជាសាជីវកម្មរបស់យើងគឺ «The Chief Way» កសាងជំនឿទុកចិត្ត និងភាពជាដៃគូជាមួយអតិថិជនរបស់យើង ដែលជាគន្លឹះចែករំលែកវិបុលភាព និងរបៀបដែលអាជីវកម្មរបស់យើងត្រូវបានអនុវត្តដោយភាពស្មោះត្រង់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត»។

លោកមានប្រសាសន៍បន្ថែមថា ៖«ធនាគារ ឈីហ្វ បានប្រើប្រាស់គំរូអាជីវកម្មមួយដែលស័ក្តិសមបំផុតសម្រាប់តម្រូវការជាក់ស្តែងរបស់អតិថិជននៅកម្ពុជា។ យើងបានធ្វើការយ៉ាងសកម្មដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតនូវផលិតផលរបស់យើងដែលមានស្រាប់ និងណែនាំផលិតផល និងសេវាកម្មថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនរបស់យើងដែលកំពុងកើនឡើង»។
ដើមឡើយគឺត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងហុងកុងក្នុងឆ្នាំ១៩៧៩, ឈីហ្វ គ្រុប បានឆ្លងកាត់ព្យុះភ្លៀង ជាច្រើន រួមទាំងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ និងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៧-២០០៨ ប៉ុន្តែយើងកាន់តែមានភាពរឹងមាំ ដោយប្រកាន់ខ្ជាប់នូវជំនឿស្នូលរបស់ខ្លួន គឺការអនុវត្តប្រកបដោយក្រមសីលធម៌ និងវិនិយោគដោយប្រុងប្រយ័ត្ន។
លោកបានសង្កត់ធ្ងន់ថា ៖«យើងបានបន្តដំណើរទៅមុខ ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យ បេសកកម្ម គោលដៅ និងទស្សនវិជ្ជារបស់យើង តាមរយៈការបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អជាងពេលណាៗទាំងអស់ ដើម្បីទទួលបានលទ្ធផលកាន់តែគាប់ប្រសើរ។ ភាពជោគជ័យរបស់យើងគឺដោយសារមានស្មារតីក្រុមដ៏រឹងមាំ ជាមួយចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់»។

យោងតាមបណ្ឌិត ម៉ូរ៉ារិទ្ធ បានឱ្យដឹងថា ធនាគារឈីហ្វបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០១៣ ជាមួយនឹងដើមទុនដំបូងត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ ខណៈដែលទ្រព្យសកម្មសរុបរបស់ធនាគារកើនឡើងរហូតដល់ជាង ២២២លានដុល្លារ។ ថ្វីបើមានការព្យាករអំពីភាពច្របូកច្របល់នៃវិស័យហិរញ្ញវត្ថុនៅពេលខាងមុខក្តី ក៏លោកនៅតែមានទំនុកចិត្តលើកំណើនដែលនៅតែបន្តកើនឡើងដដែល។
«តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិក, គណៈគ្រប់គ្រងទាំងអស់ និងដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនដ៏ល្អរបស់យើង និងនិយតករពាក់ព័ន្ធ ជាពិសេសធនាគារជាតិនៃ កម្ពុជា (NBC) យើងជឿជាក់ថា ធនាគារមានជំហរល្អ ក្នុងការបន្តការអនុវត្តឱ្យបានកាន់តែល្អនៅឆ្នាំ២០២៣ នេះ និងឆ្នាំខាងមុខៗទៀត»។

ការប្រកាន់ខ្ជាប់របស់ធនាគារឈីហ្វទៅនឹងស្តង់ដារខ្ពស់បំផុតនៅក្នុងវិស័យធនាគារ គឺត្រូវបានគេមើលឃើញនៅក្នុងគោលនយោបាយដ៏ហ្មត់ចត់របស់ខ្លួនលើការគ្រប់គ្រងហានិភ័យ។
«ថ្វីបើមានវត្ថុបញ្ចាំ ឬការស្នើសុំឥណទានបានរលូនយ៉ាងណាក្តី ក៏យើងប្រកាន់ខ្ជាប់លើសុច្ចរិតភាព ដើម្បីយុទ្ធសាស្រ្តអាជីវកម្មយូរអង្វែង និងប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់ចំពោះទំនួលខុសត្រូវសង្គម»
លោកសង្កត់ធ្ងន់ថា ៖«យើងបានធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានដើមទុន, គ្រប់គ្រង និងប្រតិបត្តិការដោយប្រុងប្រយ័ត្ន និងបង្កើនការវិនិយោគរបស់យើង។ យើងបន្តផ្តោតលើការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា ធនាគារឈីហ្វមានភាពរឹងមាំ និងស្ថិរភាពនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនមួយនេះ»។

បណ្ឌិត ម៉ូរ៉ារិទ្ធ មានប្រសាសន៍បន្ថែមថាគន្លឹះដើម្បីទទួលបានជោគជ័យជាលំដាប់របស់ធនាគារ ឈីហ្វនៅកម្ពុជាគឺការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជន និងការវិនិយោគប្រកបដោយក្រមសីលធម៌ គួបផ្សំនឹងគំរូជោគជ័យរបស់ឈីហ្វ គ្រុប និងបទពិសោធន៍ជាច្រើនទសវត្សរ៍នៅក្នុងវិស័យហិរញ្ញវត្ថុពិភពលោកដ៏ធំនៅទីក្រុងហុងកុង។
«ជាមួយសាវតារបស់ភាគទុនិករបស់យើងនៅក្នុងទីក្រុងហុងកុង ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយអស់រយៈពេលជាង ៤៣ឆ្នាំមកហើយនោះ ធនាគារឈីហ្វប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាផ្តោតលើអតិថិជន ជាមួយនឹងការខិតខំប្រឹងប្រែងផ្តល់សេវាកម្មឥតឈប់ឈរ និងប្រកបដោយឧត្តមភាព»។
«យើងប្តេជ្ញាធ្វើជាដៃគូដ៏ល្អជាមួយអតិថិជនដ៏ស្មោះត្រង់របស់យើង ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងភាពជោគជ័យ។ ធនាគារឈីហ្វ កំពុងធ្វើការដើម្បីអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា, អតិថិជន, បុគ្គលិករបស់យើង និងឧស្សាហកម្មធនាគារនៅកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ជោគជ័យរបស់ពួកគាត់ ជាជោគជ័យរបស់យើង»។

បច្ចុប្បន្ន ធនាគារឈីហ្វ មាន ៥សាខា ហើយសាខាទាំងអស់គឺស្ថិតនៅទីតាំងដ៏ល្អ ក្នុងរាជធានីភ្នំពេញ ដូចជា សាខាបឹងកក់ សាខាច្បារអំពៅ សាខាអូឡាំពិក សាខាព្រះនរោត្តម និងសាខាថ្មីរបស់យើងគឺនៅផ្សារទំនើបអ៊ីអនមានជ័យ ដែលសុទ្ធសឹងជាទីតាំងយុទ្ធសាស្ត្រ ដើម្បីបម្រើអតិថិជនគោលដៅរបស់យើងដូចជាសហគ្រាសធុនខ្នាតតូចបំផុត តូច និងមធ្យម (M/SMEs) សេវាធនាគារបុគ្គល និងសាជីវកម្ម ឱ្យកាន់តែល្អប្រសើរ ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់យើង។
ការវិវឌ្ឍថ្មីមួយក្នុងចំណោមការអភិវឌ្ឍថ្មីៗជាច្រើនរបស់យើង គឺកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចតាមប្រពន្ធ័ ឌីជីថល «Chief Easy» ។ កម្មវិធី Chief Easy គឺជាវេទិកាផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធឌីជីថលដែលគ្រប់គ្រងនិងដំណើរការដោយធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ជាមួយនឹងគោលបំណងរបស់យើង គឺជំរុញរលកនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មធនាគារនៅកម្ពុជា។

អតិថិជនអាចស្នើសុំប្រាក់កម្ចីរហូតដល់ ៥ ០០០ ដុល្លារ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានទ្រព្យធានា តាមរយៈទូរស័ព្ទដៃ។ អតិថិជននឹងទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងរយៈពេល ២៤ម៉ោង នៃថ្ងៃធ្វើការ។
សាខាថ្មីរបស់យើងមានឈ្មោះថា សាខាអ៊ីអនមានជ័យ (សាខាទី៥) ដឹកនាំដោយប្រធានសាខាដែលមានបទពិសោធន៍ខ្ពស់ គឺលោក ច្រឹង វ៉ាន់នឿន ដែលមានបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងវិស័យធនាគារពាណិជ្ជ។ សាខាថ្មីនេះមានទីតាំងល្អស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ លេខសម្គាល់ F033, ស្ថិតនៅតាមបណ្តាយមហាវិថីសម្តេច ហ៊ុន សែន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ពាណិជ្ជកម្មមួយដ៏មមាញឹក និងជាតំបន់យុទ្ធសាស្ត្រថ្មី ហើយរំពឹងថានឹងផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីជំរុញនូវផលប័ត្រធនាគាររបស់យើងជាវិជ្ជមាន, បង្កើនលទ្ធភាពទទួលបានអតិថិជនកាន់តែច្រើន, បង្កើនលទ្ធភាពខ្ពស់ក្នុងការបង្កើតអតិថិជនជាប់លាប់ និងស្មោះត្រង់ប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងមូលដ្ឋានអតិថិជនដែលមានស្រាប់ឱ្យបានល្អ បង្កើនការការយល់ដឹងអំពីម៉ាកយីហោ និងពង្រីកភាពខ្លាំងរបស់យើងឱ្យកាន់តែមានប្រសិទ្ធិភាព ។ល។
