ជាតិ
សម្ដេច ហ៊ុន សែន ៖សូមកុំឱ្យប្រជាជនកម្ពុជា ក្លាយជាឧបករណ៍ធ្វើតេស្តរបស់ប្រទេសណាមួយឱ្យសោះ
07, Mar 2023 , 4:36 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់ការផលិតផល និងទំនិញគ្មានគុណភាព ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ សម្ដេច ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ។



«បញ្ហាយើងពេលនេះ ត្រូវរកវិធីដោះស្រាយយ៉ាងម៉េច (ទប់ស្កាត់) ព្រោះវាទំនាក់ទំនងនឹងការផលិត។ បើសិនជាការផលិតសមស្រប វាបង្កើតជាចំណីអាហាររបស់ប្រជាពលរដ្ឋរបស់យើង មានសុវត្ថិភាព និងសុខភាពល្អ»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ពីជំនាន់ ប៉ុល ពត ឬក្រោយសម័យសង្គ្រាម គឺប្រជាជន មិនគិតពីសុខភាពឡើយ ពោលគឺគិតតែរឿងក្រពះឆ្អែត ប៉ុន្តែបច្ចុប្បន្ន ត្រូវគិតពី អាហារឆ្ងាញ់ ឆ្អែត និងធានាសុវត្ថិភាពសុខភាពវិញម្ដង។
 
«ការផលិតកែច្នៃខ្លះ វាទាមទារឱ្យមានការពិនិត្យ មុននឹងចរាចរលើទីផ្សារ។ កន្លងទៅយើងក៏បានផ្សព្វផ្សាយ មិនឱ្យប្រើប្រាស់ទឹកសារ៉ូមួយប្រភេទ ដែលបានធ្វើឱ្យស្លាប់មនុស្សនៅក្នុងប្រទេសជាច្រើន។ អ៊ីចឹងក្នុងប្រទេសរបស់យើង មុននឹងនាំចូលអ្វីមក ត្រូវតែពិនិត្យថា អាហ្នឹងវាធានាសុវត្ថិភាពទេ?សូមកុំឱ្យប្រជាជនកម្ពុជា ក្លាយទៅជាអ្នក ដែលត្រូវគេធ្វើតេស្តថ្នាំរបស់ប្រទេសណាមួយឱ្យសោះ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ផលិតផលនាំចូល ត្រូវធានាពីសុវត្ថិភាព។ ម្យ៉ាងទៀតមុននាំចូលផលិតទាំងនោះ មកទីផ្សារកម្ពុជា លុះត្រាតែប្រទេសផលិតនោះ ដាក់ចរាចរលើទីផ្សារក្នុងប្រទេសសាមីសិន។  
 
សម្ដេច ប្រកាសជាថ្មីថា កម្ពុជា មិនមែនជាប្រទេសធុងសំរាម សម្រាប់ប្រទេសណាមួយឡើយ។ មេដឹកនាំកម្ពុជា បានរម្លឹកឡើងវិញថា៖«កម្ពុជា មិនមែនជាធុងសំរាមបោះចោល នូវបច្ចេកវិទ្យាហួសសម័យ។ ខ្ញុំ(ធ្លាប់) បានប្រកាសនៅឆ្នាំ១៩៨៨ ។ អ៊ីចឹងកម្ពុជា អត់ត្រូវទទួលអ្វីដែលវាហួសសម័យយទេ រាប់ទាំងប្រព័ន្ធឌីជីថល អត់មានអាចាស់នៅស្រុកយើង អាថ្មីនៅស្រុកគេទេ»៕

Tag:
 ហ៊ុន សែន
  នយោបាយ
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com