កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ពិន័យ ​Bayern ជិត៥ម៉ឺនដុល្លារ ដោយសារអ្នកគាំទ្របង្ហាញផ្ទាំងបដាប្រមាថ PSG អំឡុងប្រកួត UCL
09, Mar 2023 , 2:39 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ពិន័យក្លិប Bayern Munich ជាប្រាក់ ៤៧,១៩៣ដុល្លារ បន្ទាប់ពីអ្នកគាំទ្រពួកគេបានប្រើប្រាស់ផ្ទាំងបដាបែបប្រមាថទៅលើក្រុមគូប្រជែង Paris Saint Germain និងបង្កការរំខានអំឡុងការប្រកួតពានរង្វាន់ UEFA Champions league កាលពីជំនួបជើងទី១។



Bayern Munich ដណ្តើមបានកៅអីវគ្គ ៨ក្រុមចុងក្រោយ​ Champions League ក្រោយយកឈ្នះ PSG ក្នុងលទ្ធផល ២-០ ជំនួបជើងទីពីរនាកីឡដ្ឋាន Allianz Arena រាត្រីថ្ងៃទី៨ ឈានចូលទី៩ ខែមីនា។ កាលពីជើងទីមួយនៅទឹកដីបារាំង​ Bayern បានយកឈ្នះដោយលទ្ធផល ១-០ ម្តងរួចមកហើយ ដែលកាលនោះអ្នកគាំទ្រក្លិបមកពីអាល្លឺម៉ង់ក៏បានលើកផ្ទាំងបដា​ ដែលពន្យល់ពីការតវ៉ាប្រឆាំង នឹងតម្លៃសំបុត្រខ្ពស់សម្រាប់ការប្រកួត។
 
អ្វីដែលធ្វើឱ្យខុសច្បាប់ហាមឃាត់របស់ UEFA គឺការប្រើប្រាស់ផ្ទាំងបដានោះ ប្រៀបដូចជាការប្រមាថមួយដល់ក្រុមម្ចាស់ផ្ទះ PSG។ «ច្បាប់ UEFA ហាមឃាត់ទៅអ្នកគាំទ្រក្រុមនានា ចំពោះសារបង្កហេតុដែលមានលក្ខណៈ នយោបាយ មនោគមវិជ្ជាសាសនា និងការប្រមាថ។»។ នេះបើតាមច្បាប់របស់ ​UEFA។
 
ក្រុម ​Bayern Munich ត្រូវបានរងពិន័យសម្រាប់ការរំខានដល់ហ្វូងមនុស្ស បន្ទាប់ពីមានអ្នកគាំទ្រមួយចំនួនពាក់ម៉ាស់បិទមុខ ​​​​​បានប៉ះទង្គិចខ្លាំងជាមួយប៉ូលិស ព្រមទាំងការដុតកាំជ្រួចភ្លើងក្នុងទីលានប្រកួត។
 
ចំណែកក្រុម ​PSG វិញក៏ត្រូវរងពិន័យប្រមាណជាង ៤ម៉ឺនដុល្លារដូចគ្នាចំពោះការបិទផ្លូវច្រកចេញចូលកីឡដ្ឋាន Parc des Princes ខណៈដែលអ្នកគាំទ្រខ្លួនក៏បានដុតកាំជ្រួចភ្លើងដូចគ្នាក្នុងហេតុការណ៍នោះ៕
 

Tag:
 UEFA Champions League
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com