ជាតិ
ចិនបន្តជួយកម្ពុជាឱ្យសម្រេចគោលដៅប្រទេសលែងមានមីនត្រឹមឆ្នាំ២០២៥
10, Mar 2023 , 5:39 pm        
រូបភាព
ពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីនគម្រោងថ្មីដំណាក់កាលទី៣ ដែលជាជំនួយរបស់ចិន នាថ្ងៃទី៩ មីនា នាស្រុកស្វាយលើ។
ពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីនគម្រោងថ្មីដំណាក់កាលទី៣ ដែលជាជំនួយរបស់ចិន នាថ្ងៃទី៩ មីនា នាស្រុកស្វាយលើ។
សៀមរាប៖ ការបើកប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម ដំណាក់កាលទី៣ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ត្រូវបានប្រកាសជាផ្លូវការនៅក្នុងឃុំស្វាយលើ ខេត្តសៀមរាប។ គម្រោងហិរញ្ញប្បទាននេះ ជាផ្នែកមួយសំខាន់ក្នុងការជួយកម្ពុជាសម្រេចគោលដៅ ជាប្រទេសលែងមានមីននៅត្រឹមឆ្នាំ២០២៥។

 
កន្លងទៅថ្មីៗនេះ ប្រទេសចិនបានប្រកាសផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បី​បន្ដបោសសម្អាតមីន និងយុទ្ធភណ្ឌសល់ពីសង្រ្គាម ក្រោយជំនួយទ្វេភាគីរវាងសម្ដេច ហ៊ុន សែន និងប្រធានាធិបតី ស៊ី ជីនពីង នៅខែ មករា កន្លងទៅ។ 



ក្នុងពិធីបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន នៅថ្ងៃទី៩ មីនា នាភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ លោក វ៉ាង វីនធីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្លែងថា គម្រោងដំណាក់កាលទី៣នេះ នឹងអនុវត្តន៍ក្នុងខេត្តចំនួន ៣ មានខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ លើផ្ទៃដីសរុប ១០១.៤៥ គីឡូម៉ែត្រក្រឡា។ គម្រោងនេះ អនុវត្តន៍ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។
 
មន្រ្តីទូតរូបនេះ មានសុទិដ្ឋនិយមថា តាមរយៈជំនួយថ្មីនេះ នឹងជួយឱ្យកម្ពុជាសម្រេចគោលដៅ ប្រទេសលែងមានគ្រាប់មីន និងយុទ្ធភណ្ឌសង្រ្គាម ត្រឹមឆ្នាំ២០២៥ ដែលកម្ពុជាបានប្រកាស។
 
តាមរបាយការណ៍ដែលអានដោយលោក វ៉ាន វីនធីន ចាប់ពីឆ្នាំ២០១៨ ដល់២០២២ ចិន បានគាំទ្រកម្ពុជាក្នុងវិស័យបោសសម្អាតមីន ក្នុងទំហំថវិកាសរុប ១០លានដុល្លារ គឺមានពីរដំណាក់កាល រួចហើយ។ គម្រោងទាំងនោះបានជួយការងារបោសសម្អាតមីននៅក្នុងខេត្តចំនួន៨ រួមមាន សៀមរាប ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង ក្រចេះ និងស្វាយរៀង លើផ្ទៃដីសរុបជិត៧៥ គីឡូម៉ែត្រក្រឡា។ សម្រាប់ភាគីចិន ជំនួយមនុស្សធម៌ទាំងនេះបានជួយកម្ពុជាកាត់បន្ថយនូវ​អត្រាមរណភាព និងរងរបួសរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ក៏ដូចជាផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋលើសពី ៦០ម៉ឺននាក់។

ក្នុងពិធីនៅពេលនោះដែរ សម្ដេច ទៀ បាញ់ ថ្លែងថា៖«យើងមានរយៈពេលប្រមាណ៣ឆ្នាំទៀត ដែលត្រូវបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅ ចុងក្រោយរបស់យើង គឺការ​ប្រកាស​ប្រាប់ពិភពលោកថា កម្ពុជានឹងមិនមានមីនប្រឆាំងមនុស្ស ចាប់ពីឆ្នាំ២០២៥។ ហើយការគម្រាម​ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមផ្សេងៗទៀត នឹងត្រូវការកាត់បន្ថយដល់កម្រិតអប្បបរិមា»។ 

 
គិតតាំងពីឆ្នាំ១៩៩២ ដល់២០២២ គឺជាង៣០ឆ្នាំហើយ ដែលអាជ្ញាធរមីនបានបង្កើតឡើង។ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ បានឱ្យដឹងថា តាមរបាយការណ៍របស់អង្គការស៊ីម៉ាក់ គិតត្រឹមខែ ធ្នូ ឆ្នាំ២០២២ ការបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម សរុបបានជាង២ម៉ឺនគីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួនជាង១លានគ្រាប់ មីនប្រឆាំងរថគ្រោះជាង ២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងៗជាង៣លានគ្រាប់។ ក្នុងនោះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៩លាននាក់។
 
សម្ដេច ទៀ បាញ់ បន្ថែមថា បច្ចុប្បន្នកម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ ប្រមាណជិត ២ពាន់គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនជាង៦០០គីឡូម៉ែត្រក្រឡាទៀត។
 
សម្រាប់ការប្រកាសគម្រោងដំណាក់កាលទី៣របស់ភាគីចិននៅពេលនេះ នឹងបន្តគាំទ្រកម្ពុជាក្នុង ការងារបោសសម្អាតមីន ក៏ដូចជារួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ផ្តល់ដីមានសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ។ តាមការពន្យល់ពីសម្ដេច ទៀ បាញ់ ជំនួយដំណាក់កាលទី៣នេះ ផ្តោតលើការ បោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម ការស្រាវជ្រាវប្រមូលព័ត៌មាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោម ជាតិលើការអប់រំ និងយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្រ្គោះជនពិការភាពដោយសារមីន។
 
គួរបញ្ជាក់ថា សម្រាប់ឆ្នាំទី១ នៃគម្រោងរយៈពេល៣ឆ្នាំនេះ ចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់ កម្ពុជាសរុប ៤,៤០០,០០០ដុល្លារ ដែលកម្ពុជាស្នើសុំសរុបសម្រាប់អនុវត្តន៍ទាំងមូលមានចំនួន ១៣,២០០,០០០ដុល្លារ៕
 

Tag:
 ស៊ីម៉ាក់
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com