អន្តរជាតិ
លោកពូទីន អបអរលោកស៊ី ជិនពីង ដែលធ្វើជាប្រធានាធិបតីចិនអាណត្តិទីបី
10, Mar 2023 , 9:29 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាមួយសមភាគីចិន លោកស៊ី ជិនភីង (ខាងស្តាំ)។ រូបភាព AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាមួយសមភាគីចិន លោកស៊ី ជិនភីង (ខាងស្តាំ)។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី​ លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១០ ខែមីនា បានអបអរសាទរលោក ស៊ី ជិនភីង ដែលត្រូវបានជ្រើសតាំងជាប្រធានាធិបតីចិននៅអាណត្តិទី៣។ បើតាមលោកពូទីន ប្រទេសទាំងពីរ នឹងបន្តធានាពីការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន។



លោក ស៊ី ជិនភីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោតឱ្យបន្តកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទី៣ នាកិច្ចប្រជុំពេញអង្គថ្ងៃទី១០ ខែមីនា។ ក្រោយការជ្រើសតាំងនេះ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអបអរសាទរ និងហៅលោកស៊ី ជាមិត្តភក្តិថែមទៀត។ 
 
«ជូនចំពោះមិត្តភក្តិ សូមទទួលយកការអបអរសាទរក្នុងឱកាសជាប់ឆ្នោតជាថ្មី»។ លោកពូទីន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយវិមានក្រេមឡាំង នៅថ្ងៃទី១០ ខែមីនា ដោយបន្តថា រុស្ស៊ីផ្តល់តម្លៃឱ្យយ៉ាងខ្លាំងចំពោះស្នាដៃរបស់លោកស៊ី ចំពោះការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រជាជាតិទាំងពីរ។ 
 
ក្នុងសេចក្តីថ្លែងការណ៍នោះ មេដឹកនាំរុស្ស៊ី បានបង្ហាញក្តីជឿជាក់ថា ការធ្វើការជាមួយគ្នារវាងចិន និងរុស្ស៊ី នឹងនាំឱ្យមានការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរប្រកបដោយផ្លែផ្កា នៅលើវិស័យផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Moscow Times។ 
 
កន្លងមក លោកពូទីន និងលោកស៊ី បានចាត់ទុកទំនាក់ទំនងទ្វេភាគី ជាដៃគូគ្មានដែនកំណត់ ស្របពេលប្រទេសទាំងពីរ បានព្យាយាមរក្សាតុល្យភាពអំណាចជាមួយលោកខាងលិច និងអាម៉េរិក។ ទន្ទឹមនេះ ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ចិន ត្រូវបានចាត់ទុកជាដៃគូដ៏សំខាន់មួយសម្រាប់រុស្ស៊ី ក្នុងការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងៗ។ 
 
ដោយសារតែភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ប្រទេសលោកខាងលិច បានព្រមានជុំវិញការផ្តល់ជំនួយយោធាឱ្យរុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ ចិនតែងបដិសេធការចោទប្រកាន់នោះ និងព្យាយាមរក្សាខ្លួនឯងឱ្យនៅកណ្តាលនៃជម្លោះ៕ 
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com