កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid មិនសហការជាមួយ UEFA សងប្រាក់ទៅអ្នកគាំទ្រខ្លួនឡើយ
10, Mar 2023 , 6:29 pm        
រូបភាព
Real Madrid នឹងមិនសហការជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក្នុងការសងប្រាក់ថ្លៃសំបុត្រទស្សនាការប្រកួតទៅកាន់អ្នកគាំទ្រក្រុមខ្លួនដែលរងផលប៉ះពាល់អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅប្រទេសបារាំងកាលពីឆ្នាំ​ ២០២២។ នេះបើតាមការលើកឡើងពីសំណាក់ក្លិប Real Madrid ថ្ងៃទី៩ ខែមីនា។



ចំពោះការមិនសហការគ្នានេះ ក្លិប Real Madrid បានបញ្ជាក់ថាសំណងដែលស្នើដោយស្ថាប័នគ្រប់គ្រងគឺគ្មាន​សំណើរគ្រប់គ្រាន់។ កាលពីថ្ងៃទី៧ មីនា UEFA បានប្រកាសថានឹងប្រគល់ប្រាក់ថ្លៃសំបុត្រទៅអ្នកគាំទ្រ Liverpool វិញ ក្រោយអ្នកគាំទ្រទាំងនោះជួបភាពចលាចលក្រៅកីឡដ្ឋាន រីឯអ្នកគាំទ្រ Real Madrid ដែលជួបបញ្ហាដូចគ្នាក៏នឹងទទួលបានប្រាក់សំណងថ្លៃសំបុត្រដូចគ្នា។
 
ទោះយ៉ាងណា Real Madrid បានអះអាងក្នុងសេចក្តីថ្លែងការណ៍ខ្លួនថាបានជជែកជាមួយ UEFA ជាមួយគោលបំណងវាយតម្លៃសំណងដែលនឹងត្រូវសងជូនទៅកាន់អ្នកគាំទ្រ។
 
«ជាការសោកស្តាយ ក្លិបរបស់យើងជឿជាក់ថា សំណើររបស់ UEFA គឺមិនគ្រប់គ្រាន់។ ការប្រកួតត្រូវពន្យាពេល អ្នកគាំទ្រមិនអាចទទួលយកបាន អ្នកគាំទ្ររងភាពអសន្តិសុខ ការវាយដំ​ ការគំរាមកំហែង សម្រាប់ហេតុផលនេះ Real Madrid មិនសហការជាមួយសំណើរ UEFA ឡើយ ព្រោះជាបញ្ហាដែលពួកគេត្រូវទទួលខុសត្រូវ។»។ ក្លិប Real Madrid បាននិយាយបែបនេះ។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុងប៉ារីសកាលពីឆ្នាំ ២០២២ កន្លងទៅ បានពន្យាពេលរយៈពេល ៣៦នាទីមុនការប្រកួតចាប់ផ្តើម បន្ទាប់ពីអ្នកគាំទ្រ Liverpool មិនអាចចូលក្នុងកីឡដ្ឋានប្រកួតទាន់ពេលវេលាក្នុងកីឡដ្ឋាន Stade de France។ ការប្រកួតនោះបញ្ចប់ទៅលទ្ធផល ១-០ ដែល Real Madrid បានយកឈ្នះលើ Liverpool គ្រងជើងឯក Champions League លើកទី១៤។
 
ឧប្បតិ្តហេតុត្រូវបានគេថតបានថាមានប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់ដាក់អ្នកគាំទ្រ Liverpool ដោយក្នុងនោះមានទាំងស្រ្តី និងកុមារ។ ទោះយ៉ាងណាភ្លាមៗ UEFA ស្តីបន្ទោសអ្នកគាំទ្ររបស់ក្រុមអង់គ្លេស ចំពោះហេតុការណ៍នោះ។ ប៉ុន្តែក្រោយការស៊ើបអង្កេតឯករាជបានបញ្ជាក់ពីភាពស្អាតស្អំរួចមក ​UEFA ក៏បានសុំទោសចំពោះអ្នកគាំទ្រ Liverpool​ ហើយថែមទាំងប្រគល់ប្រាក់ថ្លៃសំបុត្រថែមទៀតផង។
 
UEFA អះអាងថា​ អ្នកគាំទ្រដែលកាន់សំបុទ្រត្រង់ទីតាំងអង្គុយ A, B, C, X, Y និង Z ហើយរងប៉ះពាល់អំឡុងការប្រកួត នឹងត្រូវសងប្រាក់វិញ។ អ្នកគាំទ្រ ​Liverpool ប្រមាណជិត ២០០០០នាក់ ទទួលបានសំបុត្រសម្រាប់ចូលរួមវគ្គផ្តាច់ព្រ័ត្រកាលនោះ៕
 

Tag:
 UEFA
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com