កីឡាអន្តរជាតិ
អន្តរជាតិ
PSG នឹងដាក់សំណើដេញថ្លៃសម្រាប់កីឡដ្ឋាន Stade de France
12, Mar 2023 , 9:59 am        
រូបភាព
ក្លិប Paris Saint Germain នឹងដាក់សំណើដេញថ្លៃ សម្រាប់កីឡដ្ឋានដ៏ធំជាងគេក្នុងប្រទេសបារាំង Stade de France។ ក្លិបជើងឯកបារាំងមួយនេះ កំពុងសម្លឹងមើលការផ្លាស់ប្តូរកីឡដ្ឋានចេញពីទឹកដីចាស់ Parc des Princes។



កីឡដ្ឋានរបស់ក្រុមជម្រើសជាតិបារាំងមួយនេះ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ ១៩៩៨ និងការប្រកួតផ្តាច់ព្រ័ត្រ Champions League ចំនួន ៣លើក ចាប់តាំងពីឆ្នាំ ២០០០ មក។ កាលពីឆ្នាំមុនកីឡដ្ឋាននេះ ជាទីកន្លែងដែល Real Madrid បានប្រកួតឈ្នះ Liverpool គ្រងជើងឯកលើកទី១៤ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
 
Stade de France ជាកីឡដ្ឋានដ៏ធំប្រចាំប្រទេសបារាំង ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៨០០០០នាក់។ បើតាមអ្នកនាំពាក្យក្លិប PSG ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិបស្ថិតក្នុងទីក្រុងប៉ារីសមួយនេះ នឹងដាក់សំណើដេញថ្លៃសម្រាប់កីឡដ្ឋាន Stade de France។ ក្លិបក៏កំពុងពិចារណាក្នុងការកែលម្អកីឡដ្ឋាន Parc des Princes នាពេលបច្ចុប្បន្ន។
 
កីឡដ្ឋាន Parc des Princes គ្រប់គ្រងដោយគណៈកម្មាធិការក្រុមប្រឹក្សាទីក្រុងប៉ារីស ហើយកីឡដ្ឋាននេះ ត្រូវបានប្រើប្រាស់ដោយក្លិប PSG ធ្វើជាទឹកដីចាប់តាំងពីក្រុមនេះឈានជើងឡើងមកកាន់លីគកំពូលតាំងពីឆ្នាំ ១៩៧៤ មក។
 
កាលពីឆ្នាំ​ ២០១៣ PSG បានឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមប្រឹក្សាទីក្រុងប៉ារីស ដើម្បីបន្តកិច្ចសន្យាប្រើប្រាស់កីឡដ្ឋាននេះ រហូតដល់ឆ្នាំ ២០៤៣ ។ បន្ទាប់ពី PSG បានចំណាយប្រាក់ប្រមាណ ៧៩,៩លានដុល្លារ ដើម្បីកសាងបន្ថែមកីឡដ្ឋានរួចរាល់ក្នុងរយៈពេល ៣ឆ្នាំ។
 
ក្លិបស្ថិតក្នុងលីគកំពូលបារាំងមួយនេះ ក៏បានប្រកាសថាពួកគេនឹងសម្លឹងដាក់សំណើប្រាក់ ៥០០លានអឺរ៉ូ សម្រាប់ការកែលម្អកីឡដ្ឋាន Stade des Princes ប្រសិនបើពួកគេក្លាយជាម្ចាស់កីឡដ្ឋានមួយនេះ។
 
បើតាមការអះអាងបន្ថែមពីសំណាក់អ្នកនាំពាក្យក្លិប PSG ជម្រើសការទី៣ សម្រាប់ PSG នោះគឺកសាងកីឡដ្ឋានថ្មីរបស់ខ្លួនឯកផ្ទាល់តែម្តង ដែលប្រហែលមានទីតាំងនៅខាងក្រៅទីក្រុងប៉ារីស៕
 

Tag:
 Paris Saint Germain
  Stade de France
© រក្សាសិទ្ធិដោយ thmeythmey.com