កីឡាអន្តរជាតិ
អន្តរជាតិ
Benzema ថាគ្រូបារាំងកុហករឿងបញ្ហាសុខភាពខ្លួននៅ World Cup 2022
12, Mar 2023 , 9:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Karim Benzema បានឆ្លើយតបទៅកាន់លោក Didier Deschamps ជុំវិញបញ្ហាដែលថា រូបគេមានរបួស ហើយមិនអាចត្រៀមខ្លួន លេងក្នុងព្រឹត្តិការណ៍ World Cup ២០២២ បាន។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ អះអាងថា គ្រូបង្វឹកក្រុមបារាំងនិយាយកុហកតែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Real Madrid ត្រូវបានដកចេញពីក្រុមជម្រើសជាតិបារាំង អំឡុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា ដោយសារតែរងរបួសសាច់ដុំភ្លៅខាងឆ្វេង។ ក្រោយទទួលបានការបញ្ជាក់ពីបញ្ហារបួស Benzema បានចាកចេញពីក្រុមភ្លាមៗ ដែលកំពុងហ្វឹកហាត់ត្រៀមការប្រកួត។
 
អំឡុង World Cup ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ១សម័យ Benzema បានវិលចូលហ្វឹកហាត់វិញជាមួយក្រុម Real Madrid ក្នុងថ្ងៃទី១០ ខែធ្នូ ពោលគឺ៤ថ្ងៃមុនការប្រកួតបារាំងទល់ក្រុមម៉ារ៉ុកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
លោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ដែលកំពុងរងការរិះគន់ច្រើននាពេលបច្ចុប្បន្ន ចំពោះការដឹកនាំ បាននិយាយប្រាប់កាសែត Parisien ក្នុងកិច្ចសម្ភាសជាសាធារណៈ កាលពីថ្ងៃទី១១ មីនា ថា Benzema បានប្រាប់លោកថាគេមិនអាចត្រៀមខ្លួនរួចរាល់ឡើយសម្រាប់ការប្រកួត World Cup។
 
«Karim ប្រាប់ខ្ញុំថារូបគេមិនទាន់ត្រៀមខ្លួនរួចរាល់ឡើយ នៅពេលដែល Karim រងរបួស ក្រុមគ្រូពេទ្យរបស់យើងប្រាប់រូបគេឱ្យទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យ។ Karim បានផ្តល់លទ្ធផលពិនិត្យទៅកាន់មនុស្សម្នាក់ដែលមកតាមពីទីក្រុង Madrid ហើយក៏ជាអ្នកផ្តល់ជម្រើសដល់រូបគេ នៅពេលគេវិលមកកាន់សណ្ឋាគាវិញ រូបគេក៏បានរៀបចំអីវ៉ាន់ចាកចេញនៅពាក់កណ្តាលយប់។ ខ្ញុំក៏បានជួប Karim ប្រហែល ២០ និងបានជជែកពីលទ្ធផលនៃការធ្វើតេស្តនោះ»។
 
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Deschamps ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ខ្លួនថាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង និយាយថាកុហកចំពោះបញ្ហារបួសរបស់គេរហូតរូបគេមិនអាចលេងក្នុង World Cup បាន។
 
«ប៉ុន្តែអ្វីជាការពិត នោះគឺអ្នកកុហក អ្នកជាមនុស្សកុហក។»។ នេះជាអ្វីដែល Benzema បានសរសេរបែបនេះនៅលើ Instagram។
ក្រោយក្រុមបារាំងបានប្រកួតចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022 Benzema បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ស្របពេលខកចិត្តនឹងរឿងរ៉ាវមិនបានជួយក្រុម និងបញ្ហាចម្រូងចម្រាស់ជាមួយគ្រូបង្វឹក។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com