កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid នឹងកោះប្រជុំក្រុមប្រឹក្សាភិបាល ពិភាក្សារឿងអាស្រូវ Barca សូកប៉ាន់អាជ្ញាកណ្តាលដើម្បីបង្វែរលទ្ធផលការប្រកួត
12, Mar 2023 , 4:19 pm        
រូបភាព
Real Madrid នឹងកោះប្រជុំក្រុមប្រឹក្សាភិបាលខ្លួនថ្ងៃទី១២ ខែមីនា ពិភាក្សាលើការប៉ុនប៉ង់ពីសំណាក់ក្រុមគូប្រជែង Barcelona ក្នុងការសូកប៉ាន់មន្ត្រីអាជ្ញាកណ្តាលបង្វែរលទ្ធផលនៃការប្រកួត។​ ប៉ុន្តែក្លិប Barcelona ក៏បានចេញមុខបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

កាលពីពេលថ្មីៗនេះ រដ្ឋអាជ្ញាអេស្ប៉ាញបានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុម Barcelona និងអតីតប្រធានក្លិបនៅ La Liga ពីររូបផ្សេងទៀត ជុំវិញការចោទប្រកាន់ថា បានបង់ប្រាក់ទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងក្រុមមន្ត្រីអាជ្ញាកណ្តាលជាន់ខ្ពស់របស់អេស្ប៉ាញ ដើម្បីឱ្យជួយបង្វែរលទ្ធផលនៃការប្រកួត។
 
សេចក្តីថ្លែងការណ៍ចេញដោយលោក Florentino Perez ប្រធានក្លិប Rela Madrid បានជំរុញឱ្យក្រុមប្រឹក្សាភិបាលក្លិបជួបប្រជុំគ្នា ដើម្បីជជែកពិភាក្សាពីរឿងនេះ នៅថ្ងៃទី១២ មីនា។
លោក Perez បាននិយាយដូច្នេះថា៖«ដើម្បីសម្រេចចិត្តលើសកម្មភាពដែល Real Madrid យល់ឃើញថាគួរតែធ្វើអ្វីមួយសមរម្យទាក់ទងនឹងបញ្ហានេះ។»។ 
 
មន្ត្រីជាន់ខ្ពស់ក្លិប Barcelona ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១០ មីនា ថា ក្លិបបានរំពឹងទុកពីបញ្ហាពាក្យបណ្តឹងរបស់ព្រះរាជអាជ្ញា ហើយបានបន្ថែមថា គ្មានអ្វីច្បាស់លាស់ក្រៅពីសកម្មភាពស៊ើបអង្កេតបឋមទាំងស្រុងលើរឿងនេះឡើយ ។
 
មន្ត្រីជាន់ខ្ពស់រូបនោះ បានបន្ថែមថា ក្លិបនឹងចូលរួមសហការជាមួយការស៊ើបអង្កេត មិនថាក្រោមលទ្ធភាពណាមួយនោះទេ។ Barca ក៏បានបញ្ជាក់ដែរថា ខ្លួនមិនដែលប្រើប្រាស់លុយសូកប៉ាន់អាជ្ញាកណ្តាលឡើយ ហើយក៏មិនបានព្យាយាមប្រើឥទ្ធិពលលើការសម្រេចចិត្តរបស់មន្ត្រីណាមួយដែរ៕
 

Tag:
 Real Madrid
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com