អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលប្រដេញដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពីរគ្រាប់ចេញពីនាវាមុជទឹក
13, Mar 2023 , 9:59 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១២ ខែមីនា បានបាញ់មីស៊ីលប្រដេញ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួនពីរគ្រាប់ ចេញពីនាវាមុជទឹកស្ថិតនៅក្បែរឆ្នេរភាគខាងកើត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១៣ មីនា។

 
កូរ៉េខាងជើង នៅតែបន្តបាញ់មីស៊ីលឥតដាច់ ខណៈអាម៉េរិក និងកូរ៉េខាងត្បូងមានសមយុទ្ធយោធាជាបន្តបន្ទាប់ បើទោះឧបទ្វីបកូរ៉េមានភាពតានតឹងក៏ដោយ។ នៅព្រឹកថ្ងៃទី១២ ខែមីនា ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលប្រដេញ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពីរគ្រាប់ចេញពីនាវាមុជទឹក 8.24 Yongung នៅក្នុងដែនទឹកក្បែរឆ្នេរ Kyongpho Bay នៅក្នុងសមុទ្រខាងកើត។
 
«សមយុទ្ធ បានបញ្ជាក់ពីភាពទុកចិត្តបាននៃប្រព័ន្ធអាវុធ និងការត្រួតពិនិត្យលើប្រតិបត្តិការវាយប្រហារពីក្រោមទឹកនៃកងកម្លាំងនាវាមុជទឹក ដែលត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់របស់សមត្ថភាពនុយក្លេអ៊ែរក្នុងការបង្អាក់អាវុធនុយក្លេអ៊ែរ»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ។ 
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយនេះ បានបញ្ជាក់ផងដែរថា មីស៊ីលទាំងនោះ បានវាយប្រហារត្រូវគោលដៅ ក្រោយពីធ្វើដំណើរបានប្រមាណ ១៥០០គីឡូម៉ែត្រ។ 
 
ក្រោយការបាញ់នេះ នាយសេនាធិការចម្រុះកូរ៉េខាងត្បូង​​ (JCS) បានអះអាងថា យោធាខ្លួនបានស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់ ហើយទីភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង បានធ្វើការជាមួយភាគីអាម៉េរិក ដើម្បីវិភាគលើមីស៊ីលទាំងនោះ។ 
 
ជុំវិញការបាញ់មីស៊ីលនេះ ទីភ្នាក់ងារព័ត៌មាន KCNA បានបន្ថែមថា ការបាញ់មីស៊ីលជាការប្តេជ្ញារបស់កូរ៉េខាងជើង ក្នុងការគ្រប់គ្រងស្ថានភាព ដែលអាម៉េរិក និងកូរ៉េខាងត្បូង ប្រឆាំងនឹងសកម្មភាពយោធារបស់ខ្លួន។ ការបាញ់មីស៊ីលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនអាម៉េរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធា «Freedom Shield 23» រយៈពេល ១១ថ្ងៃ៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com