អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់ទៀត ស្របពេលអាម៉េរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធធំ
14, Mar 2023 , 10:10 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី១៤ ខែមីនា បានបាញ់មីស៊ីលចម្ងាយខ្លី ២គ្រាប់ជាថ្មីនៅក្នុងសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបាញ់មីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងស្របពេលអាម៉េរិក និងកូរ៉េខាងត្បូង​ ធ្វើសមយុទ្ធយោធារួមគ្នាធំបំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។

 
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) នៅព្រឹកថ្ងៃទី១៤ ខែមីនា បានចាប់សញ្ញានៃការបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីចេញពីតំបន់Jangyon ស្ថិតនៅក្នុងខេត្ត South Hwanghae របស់កូរ៉េខាងជើងនៅវេលាម៉ោង៧ និង៤១ព្រឹក និងម៉ោង ៧ និង៥១ព្រឹក (ម៉ោងនៅក្នុងស្រុក) ទៅសមុទ្រខាងកើត។ 
 
«ខណៈពង្រឹកការឃ្លាំមើល និងប្រុងប្រយ័ត្នក្នុងការត្រៀមខ្លួនប្រឆាំងនឹងលទ្ធភាពនៃការបាញ់បន្ថែម យោធារបស់យើងបានត្រៀមខ្លួនជាស្រេច ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិក»។ នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសារទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមីនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
ស្របគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានអះអាងថា ជប៉ុនកំពុងប្រមូលទិន្នន័យលើមីស៊ីលរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ ជប៉ុន មិនបានបញ្ជាក់ពីការខូតខាតណាមួយចេញពីការបាញ់នោះឡើយ។
 
ការបាញ់មីស៊ីលជាថ្មីនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលប្រដេញដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពីរគ្រាប់ចេញពីនាវាមុជទឹកទៅសមុទ្រខាងកើត។ 
 
ក្នុងថ្ងៃកូរ៉េខាងជើងបាញ់មីស៊ីលចម្ងាយខ្លីនេះ អាម៉េរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធាធំបំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ សមយុទ្ធ Freedom Shield 23 គ្រោងនឹងធ្វើឡើងយ៉ាងហោចណាស់ ១០ថ្ងៃ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការគំរាមកំហែងពីសំណាក់ក្រុងព្យុងយ៉ាង។ 
 
កន្លងមក ក្រសួងការបរទេសកូរ៉េខាងជើង​ បានចោទអាម៉េរិកធ្វើឱ្យស្ថានភាពតំបន់ និងឧបទ្វីបកូរ៉េ កាន់តែដុនដាប និងព្រមានចាត់វិធានការខ្លាំងក្លាបំផុត ដើម្បីឆ្លើយតបនឹងសកម្មភាពយោធាអាម៉េរិក និងកូរ៉េខាងត្បូង៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com