អន្តរជាតិ
ចិន លើកបម្រាមផ្ដល់ទិដ្ឋាការដល់ជនបរទេសជាលើកដំបូងតាំងពីឆ្នាំ២០២០
14, Mar 2023 , 5:39 pm        
រូបភាព
ទីក្រុងប៉េកាំង នឹងចាប់ផ្ដើមផ្ដល់ទិដ្ឋាការជាច្រើនប្រភេទដល់ជនបរទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែមីនា ដែលជាលើកដំបូងគិតចាប់ពីឆ្នាំ២០២០ មក។​ នេះជាការបន្តវិធានការបើកប្រទេសពីសំណាក់រដ្ឋាភិបាលចិន ក្រោយការបន្ធូរបន្ថយវិធានការរឹតត្បិតនៅចុងខែធ្នូឆ្នាំ២០២២។

 
ក្រោមវិធានការថ្មី ចិននឹងចាប់ផ្ដើមផ្ដល់ទិដ្ឋាការថ្មីចាប់ពីពាក់កណ្ដាលខែមីនា។ ចំណែកអ្នកដែលមានទិដ្ឋាការចេញមុនថ្ងៃទី២៨ ខែមីនា ហើយនៅមានសុពលភាព អាចធ្វើដំណើរទៅចិនបាន។ លើសពីនេះ ចិនក៏ចាប់ផ្ដើមអនុវត្តឡើងវិញការទៅដល់ដោយមិនមានទិដ្ឋាការអ្នកដំណើរតាមនាវាកម្សាន្តទៅដល់សៀងហៃ និងសម្រាប់ទេសចរណ៍ជាក្រុមពីហុងកុង និងប្រទេសអាស៊ានមួយចំនួន។
 
ក្រោយការផ្ទុះជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ចិនបានរឹតត្បិតយ៉ាងខ្លាំងលើការធ្វើដំណើរចេញចូលទឹកដីរបស់ខ្លួន។ ខណៈដែលប្រទេសនានាលើពិភពលោកចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតបន្តឹងដើម្បីសម្រួលសកម្មភាពសេដ្ឋកិច្ច ចិននៅតែពង្រឹងវិធានការរបស់ខ្លួនក្រោមគោលនយោបាយមិនមានកូវីដ-១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ។ កាលនោះ ចិនប្រកាសទម្លាក់ចោលស្ទើរទាំងស្រុងចំណាត់ការដ៏តឹងរ៉ឹងរបស់ខ្លួន ហើយអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរដោយមិនមានការរាំងស្ទះអ្វីឡើយ។
 
បើតាមទិន្នន័យអង្គការទេសចរណ៍ពិភពលោក ចិនទទួលអ្នកទេសចរអន្តរជាតិជាង៦៥លាននាក់នៅឆ្នាំ២០១៩ ពោលគឺមុនផ្ទុះជំងឺកូវីដ-១៩។ 
 
ការបន្តសម្រួលចរន្តទេសចរ នឹងជួយជំរុញសេដ្ឋកិច្ចចិនដែលកំពុងមានកំណើនថយចុះ។ នៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចមាន៣ភាគរយប៉ុណ្ណោះ ដែលទាបជាងផែនការ៥,៥ភាគរយ។ នៅឆ្នាំ២០២៣ ចិនដាក់ផែនការសម្រេចកំណើនសេដ្ឋកិច្ចជុំវិញ៥ភាគរយ។ ប៉ុន្តែនាយករដ្ឋមន្រ្តីចិនថ្មី លី ឈាំង និយាយថា ការសម្រេចបានកំណើនខ្ពស់បែបនេះ មិនមែនជារឿងងាយស្រួលឡើយ៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com