អន្តរជាតិ
មេ​បញ្ជាការ​កងទ័ព​អាមេរិក​តំបន់​ប៉ាស៊ីហ្វិក​ រៀបរាប់​ពី​ការ​​ប្រឈម​​​ បង្ក​ដោយ​​ចិន
15, Mar 2023 , 8:29 am        
រូបភាព
រូបឯកសារ៖ មេ​បញ្ជាការ​ជាន់ខ្ពស់នៃ​​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូបាស៊ីហ្វិក​​លោក​ឧត្តមសេនីយ៍ Charles A. Flynn (កណ្ដាល) និយាយ​ជាមួយ​នឹង​កងទ័ព​ដទៃទៀត​នៅ​កោះ​ Amami Oshima ប្រទេស​ជប៉ុន ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ មេ​បញ្ជាការ​ជាន់ខ្ពស់នៃ​​កងទ័ព​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូបាស៊ីហ្វិក​​លោក​ឧត្តមសេនីយ៍ Charles A. Flynn (កណ្ដាល) និយាយ​ជាមួយ​នឹង​កងទ័ព​ដទៃទៀត​នៅ​កោះ​ Amami Oshima ប្រទេស​ជប៉ុន ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
ដោយ: VOA
មេ​បញ្ជាការ​ជាន់ខ្ពស់នៃកងទ័ព​សហរដ្ឋ​អាមេរិក​ ក្នុង​តំបន់​ឥណ្ឌូបាស៊ីហ្វិក​ បាន​ផ្តល់​ទស្សនៈ​ដ៏​ជាក់ច្បាស់​អំពី​ការ​ប្រឈម​ដែល​កើត​ចេញពី​ការ​កសាង​កម្លាំង​យោធា​ចិន​ក្នុង​តំបន់ ដោយ​លើក​ឡើងថា ការ​ខ្វះខាត​អាវុធ​យុទ្ធភណ្ឌស្ថិត​ក្នុង​ចំណោម​វិស័យ​នានា​ ដែល​សហរដ្ឋ​អាមេរិក​ត្រូវពង្រឹង ដើម្បី​ទប់ទល់ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​នឹង​ភាព​គឃ្លើន​របស់​ប្រទេស​ចិន។ ​

 
លោក​នាយ​ឧត្តមសេនីយ៍ Charles A. Flynn មេ​បញ្ជាការ​កងទ័ព​ជើង​គោក​តំបន់​ប៉ាស៊ីហ្វិករបស់សហរដ្ឋ​អាមេរិក​ បាន​ប្រាប់អ្នក​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​សប្តាហ៍​មុនថា​ «​ខ្ញុំ​បាន​តាម​ដានកងទ័ព​ជើង​គោកចិន​និង​កងទ័ព​រំដោះ​ប្រជាជន​ចិន PLA ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។លោក​បាន​សម្រាក​ពី​តួនាទី​ដ៏​កម្រ​នៃបញ្ជាការដ្ឋាន​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែល​លោកធ្លាប់ធ្វើ​មេបញ្ជាការ​នៃកងពល​ជើង​គោក​ទី​២៥​ ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋហាវ៉ៃ​ សហរដ្ឋ​អាមេរិក។
 
លោក​ឧត្តមសេនីយ៍​ ​Flynn បាន​ពណ៌នា​កង​កម្លាំង​យោធា​ចិន​ថាមិន​ធម្មតា និង​«វិវត្តន៍ទៅរកការ​ផ្លាស់​ប្តូរ​ជា​ប្រវត្តិសាស្រ្ត​មួយ»​ ដោយ​កត់​សម្គាល់ថា​ ពួក​គេ​កំពុង​ហាត់​សម​ អនុវត្ត​ សាកល្បង​ ហើយ​ពួក​គេ​កំពុងត្រៀម​កម្លាំង​ដើម្បី​ធ្វើ​អ្វី​មួយ»។
 
លោក​បាន​ចែក​រំលែក​ដល់​អ្នក​ចូលរួម​ក្នុង​កម្មវិធី​មួយ​នាពេល​ថ្មីៗ​ ​របស់​វិទ្យាស្ថាន​សហគា្រស​អាមេរិក​ អំពីការ​បង្កើន​វត្តមាននិង​សមត្ថភាព​យោធាចិនដ៏​រឹង​មាំ​មួយ​ នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ តាំង​ពី​ឆ្នាំ​២០១៤​ រហូត​មក​ដល់​ពេល​នេះ​ ដោយ​រំលេច​ឡើង​ពីការរៀបចំឡើង​វិញ​ និង​ការ​រួម​បញ្ជូល​នូវការ​ធ្វើទំនើបកម្ម​ ដែល​ចិន​ចាប់​ផ្តើម​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៥​មក​ ក៏​ដូច​ជា​ការ​បង្កើត​រចនា​សម្ពន្ធ​ទី​បញ្ជាការ​ដ្ឋាន​ថ្មី​ជាបន្ត​បន្ទាប់។​ ​
 
លោក Flynn និយាយ​ថា​ មក​ដល់​ឆ្នាំ​២០១៨​ ប្រទេស​ចិន​ បាន​ស្ថាបនា​កោះ​សប្បនិមិ្មត្ត​បំពាក់​អាវុធមួយ​ចំនួន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​និង​បង្កើន​ប្រតិបត្តិការ​រួម​គ្នា។​ បច្ចុប្បន្ន​នេះលោក​សង្កេត​ឃើញ​ពីសកម្មភាព​ដឹកជញ្ជូន​សំខាន់ៗជា​ច្រើនកើន​ឡើង​នៅ​ទី​នោះ​ ដែល​គេ​កំពុងធ្វើគ្រប់​សេវា​កម្ម​ទាំង​អស់​ តាំង​ពី​កងកម្លាំង​បាញ់​គ្រាប់​រ៉ុកក្កែត​ ​ដល់​កម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​ ដល់​ទីអវកាស ប្រព័ន្ធ​អ៊ីនធឺណិត​ ​លើ​ដី​និង​លើ​ទឹក» ជា​ដើម។
 
លោក​ឧត្តមសេនីយ៍​ Flynn បញ្ជាក់​ថា ​មាន​រឿង​៣នៅពេល​នេះ​ដែល​ចិន​មាន​ប្រៀប​ជាង​សហរដ្ឋ​អាមេរិក។​
 
«ពួក​គេ​កំពុង​ប្រតិបត្តិការ​លើ​អ្វី​ដែល​ហៅ​ថា​ខ្សែ​បន្ទាត់​ខាងក្នុង។​ ពួក​គេ​ស្ថិត​នៅ​ជិត​នឹង​គោលដៅដ៏​សំខាន់ ហើយ​យើង​មិន​បាច់​ឆ្ងល់​ទេរឿង​នេះ គឺបញ្ហា​តៃវ៉ាន់​ និង​ទឹកដី»។​ ​
 
លោក​បន្ត​ថា​ រឿង​ទី​២​ដែល​ចិន​កំពុង​មាន​ គឺ​ចំនួន​កងទ័ពច្រើន​។​
 
លោក Flynn​ ពន្យល់​បន្ថែមទៀត​ថា​៖ «ហើយ​ជាការពិត​រឿង​ទី​៣​ ដែល​ចិនមាន​ច្រើន​ គឺ​គ្រាប់រំសេវ​។​ ចិន​មាន​គ្រប់​អាវុធ​យុទ្ធភណ្ឌ​ច្រើន​ មាន​ជម្រើស​ឬ​យុទ្ធសាស្ត្រ​ច្រើន»។​
 
កងទ័ព​របស់​ចិន​ កំពុង​បង្កើតអ្វី​ដែល​លោក​ Flynn ហៅ​ថា​ «ជា​ខ្សែបន្ទាត់​ខាងក្នុង​រួម» ដើម្បី​ជំរុញ​និងទប់ទល់​ទៅនឹងការ​ប្រឆាំងណា​មួយ នៃ​ការ​ពង្រីក​មូលដ្ឋាន​យោធា​ចិន​ ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។​
 
លោក Flynn បញ្ជាក់​ទៀត​ថា​ ​ក្នុង​ចំណោម​មូលដ្ឋាន​សំខាន់ៗ​ដែល​ចិន​មានជា​ច្រើន​កន្លែងក្នុង​តំបន់​ គឺ​ វាល​យន្តហោះ​១២​កន្លែង​ ដែល​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​បញ្ជាការដ្ឋានតំបន់​ខាង​លិចរបស់​ចិន​ ដែល​ភាគ​ច្រើនមាន​ទំហំ​ប៉ុនព្រលាន​យន្តហោះ Dulles » ដោយ​លោក​សំដៅ​ទៅ​លើ​ព្រលាន​យន្តហោះ​អន្តរជាតិដ៏​ធំ​ ​ក្នុង​រដ្ឋ​ Virgina ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក»។ ​
 
ទី​បញ្ជាការដ្ឋានតំបន់​ភាគខាង​លិចរបស់​ចិន​ ដែល​ជា​បញ្ជាការ​ដ្ឋាន​យោធា​មួយ ​ក្នុង​ចំណោម​ទី​បញ្ជាការ​យោធា​ទាំង​៥របស់​ចិន​ ដែល​ត្រូវ​បង្កើត​ឡើង​ ក្រោម​ការ​ណែនាំ​របស់​ប្រធានាធិបតី​ចិនលោក Xi Jinping នោះ​ ​ធ្វើប្រតិបត្តិការ​លើ​ដែន​យុត្ថាធិការ​ព្រំដែន​របស់​ចិន ​ជា​មួយ​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ាគីស្ថាន​ ឥណ្ឌា​ នេប៉ាល់​ និង​ប្រទេស​មីយ៉ាន់ម៉ា។​
 
លោក Flynn បញ្ជាក់ទៀត​ថា បន្ថែម​លើមូលដ្ឋាន​យោធា​ខាង​លើ​ ​រដ្ឋាភិបាលក្រុង​ប៉េកាំង​ ក៏​បាន​ដក​យោធា​របស់​ខ្លួន​ចំនួនពីរអង្គភាព​ ឱ្យ​ទៅ​ឈរជើង​នៅតំបន់ «ត្រួត​ពិនិត្យ​ជាក់ស្តែង​ Actual Control »​ ដែល​ជា​ចំណុច​ព្រំដែន​រវាង​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា បង្កើត​វាលចំណត​ឧទ្ធម្ភាចក្រ​ និង​ទីតាំង​បាញ់​គ្រាប់​មីស៊ីលពី​ដី​ទៅលើ​អាកាស​ជា​ច្រើន​កន្លែង​ ក៏​ដូច​ជា​បិទ​ខ្ទប់​តំបន់​ទឹក​សាប នៅ​ក្នុង​តំបន់​ទន្លេមេគង្គជា​ដើម។​ ទំនប់​ទឹក​ដែលធ្វើ​ឡើង​ដោយ​ចិន​នៅ​ទីតាំងខ្សែទឹក​ខាង​លើ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ត្រូវ​បានក្រុម​អ្នក​ស្រាវជ្រាវ​និងស៊ើបអង្កេតពណ៌នា​ថា​ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ ក៏​ដូច​ជា​បង្កើត​នូវ​កន្លែង​រាំង​ខ្ទប់​ផ្លូវទឹក​យុទ្ធសាស្ត្រ​មួយ​លើ​ដង​ទន្លេមេគង្គ​ សម្រាប់​ប្រទេស​និង​សហគមន៍ដែល​រស់​នៅខ្សែ​ទឹកខាង​ក្រោម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។​ ​
 
លោក​Flynn ក៏​បាន​កត់​សម្គាល់ផង​ដែរថា​ ខ្សែ​បណ្តាញ​ទំនាក់ទំនង​ ដែល​ត្រូវ​បាន​ដាក់​កាត់​តាមប្រទេស​មីយ៉ាន់ម៉ា​ និង​ប៉ាគីស្ថាន​ ដើម្បី​ងាយ​ស្រួល​ចូលទៅ​ដល់​តំបន់​សមុទ្រ​អូតូម៉ង់ ក៏​ជា​រឿង​គួ​ឱ្យ​ព្រួយបារម្ភ​មួយទៀតដែរ។ លោក​បន្ថែម​ទៀត​ថា​ បញ្ហា​ជនភៀស​ខ្លួនប្រមាណ​១លាន​២សែន​នាក់​ ក្នុង​ប្រទេស​បង់ក្លាដែស​ ក៏​ជា​ការ​ប្រឈម​ដ៏​សំខាន់​មួយ​ដែរ​ ​«ដែល​នេះ​គ្រាន់​តែនៅ​ក្នុង​តំបន់​អាស៊ីខាង​ត្បូង​មួយ​ប៉ុណ្ណោះ»។
 
បើ​តាម​លោក Flynn បាន​ឱ្យ​ដឹង​ថា ស្របពេល​ដែលតំបន់​អាស៊ីអាគ្នេយ៍កំពុង​មាន​ទំនោរក្នុង​ទិស​ដៅ​វិជ្ជមាន​មួយ​នៃ​ទំនាក់​ទំនង​ជា​មួយ​សហរដ្ឋ​អាមេរិក​ និង​អូសេអានី​នោះ​ ពេល​នេះ​កំពុង​ទទួល​រង​ការ​ប៉ះពាល់​និង​បៀតបៀន។​ លោក​បន្ថែម​ដូច​នេះ​ទៀត​ថា​ ​នៅ​ក្នុង​តំបន់​នេះ​ ចិន​បាន​បង្កើត​បណ្តាញ​ចូលទៅក្នុង​ប្រទេស​ទាំង​នោះ ​តាម​រយៈការ​ទាក់ទងសម្រប​សម្រួល​ជា​មួយ​ឥស្សរជន​សំខាន់ៗ។​ ​
 
លោក​ថ្លែង​ទៀត​ថា​ «ចិន​បាន​ប្រើ​លុយរបស់​គេ​ ដើម្បី​ជា​ធ្នាក់​នៃអំពើ​ពុករលួយ​ ដោយទី​បំផុត​ចិន​ចូល​ទៅ​ដល់​ទី​កន្លែង​សំខាន់​ៗ»។
 
លោក​ Flynn បាន​លើក​បង្ហាញ​ពីវិស័យមួយ​ចំនួន​ ដែល​ចិន​អាច​ប្រើប្រាស់​ដើម្បី​ចូល​ទៅ​ដល់​ក្នុង​ទឹកដី​នៃ​តំបន់​នោះ​ ដែល​រួម​មាន​ការ​ជួយ​ផ្នែក​បច្ចេកវិជ្ជា​ បណ្តាញ​អគ្គិសនី​ ឃ្លាំង​ផ្ទុក​សម្ភារៈ​ ផែ​ចូល​ចត​នាវា ព្រលាន​យន្តហោះ​ និងកំពង់​ផែជា​ដើម។​
 
លោក ​Flynn ក៏បាន​លើក​ឈ្មោះ​ប្រទេស​មួយ​ចំនួន​ ដែល​ឥទ្ធិពល​របស់​ចិន​ កំពុង​បង្កការ​ប្រឈម​ជា​ពិសេស​មួយ​ដែលក្នុង​នោះមាន​ប្រទេស​គិរីបាទី​ ដែនកោះ​ Solomon Islands ដែនដី​ ប៉ាពូអាស៊ីនូវែល​ហ្គីណេ ជា​ដើម។​
 
លោក​បញ្ជាក់ថា​ បើ​យើង​ក្រឡេកមើលជុំវិញ​តំបន់នោះ​ ​មាន​កន្លែងដទៃ​ផ្សេង​ៗទៀត​ ដែល​ភាព​តានតឹង​បាន​កើត​ឡើង។ លោក​ថា​ ជា​ការពិត​ណាស់​ មានសកម្មភាពនៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​និងខាង​កើត​ ​និង​នៅជុំវិញ​កោះតៃវ៉ាន់​ផង​ដែរ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com