ជាតិ
អាជ្ញាធរប្រឆាំងគ្រឿងញៀន ស្នើទៅអភិបាលរាជធានី-ខេត្ត ឲ្យជួយផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនអំឡុងចូលឆ្នាំខ្មែរ
14, Mar 2023 , 10:29 pm        
រូបភាព
លោក មាស វីរិទ្ធ ដឹកនាំកិច្ចប្រជុំមួយកាលពីចុងឆ្នាំ២០២២។ រូបពីហ្វេសប៊ុក៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD
លោក មាស វីរិទ្ធ ដឹកនាំកិច្ចប្រជុំមួយកាលពីចុងឆ្នាំ២០២២។ រូបពីហ្វេសប៊ុក៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD
តាមរយៈលិខិតរបស់ខ្លួន ចុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ ជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងអំឡុងចូលឆ្នាំខ្មែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនដល់ប្រជាជន។



អភិបាលរាជធានី-ខេត្ត គួរស្នើសុំពិធីករ-ពិធីការិនី តាមកម្មវិធីកម្សាន្តផ្សេងៗ ដូចជាការប្រគំតន្រ្តី ជាអាទិ៍ ឲ្យជួយផ្ញើសារអប់រំពីបញ្ហាគ្រឿងញៀនដល់អ្នកទស្សនា ហើយតាមច្រកចេញចូលទីតាំងសំខាន់ៗ ដូចជាតាមរមណីយដ្ឋាន ជាដើម គួរមានចងបដាអំពីពាក្យស្លោកប្រឆាំងគ្រឿងញៀន។ នេះជាមតិរបស់លោក មាស វីរិទ្ធ ជូនទៅអភិបាលរាជធានី-ខេត្ត ដែលជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត។ 
 
លោកអគ្គលេខាធិការ លើកឡើងថា ការចងបដាតាមទីតាំងសំខាន់ៗ គឺជាការក្រើនរំឭកដល់ប្រជាជនអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ 
 
ក្រៅពីអភិបាលរាជធានី-ខេត្ត នៅមានតួអង្គផ្សេងៗជាច្រើនទៀត ក៏ទទួលបានលិខិតពីលោក មាស វីរិទ្ធ ដែរ។ តួអង្គទាំងនោះ រួមមាន អគ្គនាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមទូរទស្សន៍កម្ពុជា រួមទាំងក្រុមហ៊ុន និងផលិតកម្មមួយចំនួនទៀត។ លិខិតរបស់លោក មានន័យជារួមដូចគ្នា គឺស្នើឲ្យស្ថាប័នឬតួអង្គទាំងនោះ ជួយផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងអំឡុងចូលឆ្នាំ។
 
លោកអគ្គលេខាធិការ ជូនពាក្យស្លោកសំខាន់ៗមួយចំនួន ទៅតួអង្គខាងលើ ដើម្បីយកទៅផ្សព្វផ្សាយ ក្នុងអំឡុងចូលឆ្នាំខ្មែរ រួមមាន ជួយអ្នកញៀនគ្រឿងញៀន ត្រូវការការចួលរួមពីគ្រួសារ​និងសហគមន៍, ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ, គ្រឿងញៀន បង្កឲ្យមានអំពើហិង្សា និងឧក្រិដ្ឋកម្ម, ចូលប្រាប់មនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន, ត្រូវនិយាយថាទេចំពោះគ្រឿងញៀន, គ្រឿងញៀន បំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវជន, ចូលរួមទាំងអស់គ្នា ដើម្បីឲ្យជីវិតនិងសហគមន៍គ្មានគ្រឿងញៀន, ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង ។ល។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងមកដល់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com