អន្តរជាតិ
វិមានក្រេមឡាំងថា កិច្ចព្រមព្រៀងនាវាមុជទឹករបស់ AUKUS បង្កើតជាសំណួរលើបញ្ហានុយក្លេអ៊ែរ
15, Mar 2023 , 2:08 pm        
រូបភាព
រុស្ស៊ីនាថ្ងៃទី១៤ ខែមីនាបានលើកឡើងថា ផែនការរួមគ្នារបស់អាមេរិក អង់គ្លេស និងអូស្ត្រាលីដើម្បីសងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែបង្កើតជាសំណួរអំពីការរីកសាយអាវុធនុយក្លេអ៊ែរ។

 
មេដឹកនាំអាមេរិក អង់គ្លេស និងអូស្ត្រាលីកាលពីថ្ងៃទី១៣ ខែមីនាបានប្រកាសព័ត៌មានលម្អិតនៃ​ផែនការសាងសង់នាវាមុជទឹកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសម្ព័ន្ធភាព AUKUS របស់ពួកគេ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារ​ដោយថាមពល​នុយក្លេអ៊ែរ​ចាប់​ពី​ដើម​ទសវត្សរ៍ឆ្នាំ ២០៣០ ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ខណៈចិនថ្កោលទោសខ្លាំង រុស្ស៊ីក៏នៅមិនស្ងៀមដែរ។ វិមានក្រេមឡាំង បានរិះគន់ផែនការនេះ ពិសេសលទ្ធភាពនៃការរីកសាយនុយក្លេអ៊ែរ។
 
«វាមានសំណួរជាច្រើននៅទីនេះដែលទាក់ទងនឹងបញ្ហានៃការមិនរីកសាយភាយ។ នៅទីនេះ យើង​ត្រូវ​ការតម្លាភាពពិសេស ហើយយើងត្រូវឆ្លើយសំណួរដែលកើតឡើង»។ អ្នកនាំពាក្យ វិមានក្រេមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានបែបនេះ ប៉ុន្តែមិនបាន បញ្ជាក់លម្អិតអំពីលក្ខណៈនៃក្តីបារម្ភរបស់រុស្ស៊ីទេ។
 
ទាក់ទងរឿងនេះ ប្រធានាធិបតី​អាមេរិក ចូ បៃឌិន បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី១៣ ខែមីនា ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស និង​អូស្ត្រាលី​នៅ​ទីក្រុង San Diego ថា នាវា​មុជ​ទឹកនឹង​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ មិន​មែន​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទេ។
 
មកទល់ពេលនេះ មានតែអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង ដែលមាន​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ។ នាវាបែបនេះអាចស្ថិតនៅក្រោមទឹកបាន​យូរជាងនាវាធម្មតា​ហើយ​ពិបាក​រក​ឃើញ។
 
គួរបញ្ជាក់ថា កងនាវាចរណ៍ប្រចាំប៉ាស៊ីហ្វិករបស់រុស្ស៊ីមាននាវាមុជទឹក១៧គ្រឿង រួម​ទាំង​នាវា​មុជ​ទឹកមីស៊ីលបាលីស្ទីកចំនួន៣ដែលជាផ្នែកមួយនៃសមត្ថភាពសម្ញែងអានុផភាពយោធារបស់ខ្លួន។ នេះ​បើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ៕
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com