ជាតិ
ក្រសួងកសិកម្ម សន្យារកដៃគូវិនិយោគ និងកម្ចីដែលមានការប្រាក់ទាប ដល់សហគមន៍កសិកម្ម
15, Mar 2023 , 5:29 pm        
រូបភាព
លោក​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្ម ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣។ រូបភាព៖ ក្រសួងកសិកម្ម
លោក​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្ម ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសគាំទ្របន្ថែម ក្នុងការរកដៃគូវិនិយោគ និងកម្ចីដែលមានការប្រាក់ទាប ដល់សហគមន៍កសិកម្ម ដើម្បីអាចឱ្យពួកគេពង្រីកការផលិត ហើយទទួលបានប្រាក់ចំណេញ ជាពិសេស ចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។ 



ក្នុងពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍កសិកម្មជាចលករនៃផលិតកម្មកសិកម្មតាមកិច្ចសន្យា» នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ ខែមីនា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម វាយតម្លៃថា សហគមន៍កសិកម្មទូទាំងប្រទេស បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងផលិតកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្ដល់សេវាគាំទ្រនានា ដល់ផលិតកម្មកសិកម្ម។ ពិសេស ការអនុវត្តកសិកម្មតាមកិច្ចសន្យា ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម។
  

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ថតរូបជុំគ្នាជាមួយតំណាងសហគមន៍កសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។ រូបភាព៖ ក្រសួងកសិកម្ម 
 
រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រាប់​ដល់​ប្រធានមន្ទីរកសិកម្មទាំងអស់ ត្រូវពិនិត្យ និងលុបចោលនូវសហគមន៍កសិកម្មណាដែលមិនមានសកម្មភាព។ បន្ថែមពីនេះ សហគមន៍ ត្រូវមានផែនការដាំដុះច្បាស់លាស់ ស្របតាមកិច្ចសន្យា និងមានព័ត៌មានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្មនីមួយៗតាំងពីអ្នកផលិតរហូតទីផ្សារ។ សហគមន៍ទាំងអស់ត្រូវទុកចិត្តគ្នា ធ្វើការរួមគ្នា និងជៀសវាងដាច់ខាតនូវការបោកប្រាស់ ឬកេងបន្លំគ្នាទៅវិញទៅមក។ នេះជាការណែនាំរបស់ លោក ឌិត ទីណា។
 
រដ្ឋមន្រ្តីរូបនេះ សង្កត់ធ្ងន់ថា ក្រសួងកសិកម្ម នឹងជួយគាំទ្របន្ថែម ក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប។ ការណ៍នេះ ដើម្បីជួយដល់ការបង្កើតមូលនិធិសហគមន៍ ការកសាង និងពង្រីកទៅតាមបណ្ដោយនៃក្រុមអ្នកផលិត ដែលអាចផ្ដល់ប្រាក់ចំណេញ និរន្តរភាពសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។  
 
គួរឱ្យដឹងថា សហគមន៍កសិកម្ម ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០០៣ ដោយមានតែមួយសហគមន៍ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ ២០២៣ សហគមន៍កសិកម្មបានកើនឡើងដល់ចំនួន ១២៥១ ដោយមានសមាជិកសរុប ១៧០ ២០៨នាក់ ក្នុងនោះស្រ្តី ១០៧ ៣៨០នាក់ ដែលមានភាគហ៊ុនប្រមាណ ១២.៨លានដុល្លារ និងដើមទុនសរុបជាង ២៦លានដុល្លា។
 
ដោយឡែក មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មមានដូចជា ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម។ ក្នុងនោះ មានដំណាំសំខាន់ៗដូចជា ស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត  ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម៕
 
 

Tag:
 កសិកម្ម
  ក្រសួងកសិកម្ម
  លោក ឌិត ទីណា
  សហគមន៍កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com