អន្តរជាតិ
ហុងឌូរ៉ាស ស្វះស្វែងរកទំនាក់ទំនងផ្លូវការជាមួយចិន
15, Mar 2023 , 9:29 pm        
រូបភាព
លោកស្រី Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាស។ រូបភាព AFP
លោកស្រី Xiomara Castro ប្រធានាធិបតីហុងឌូរ៉ាស។ រូបភាព AFP
ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro នៅថ្ងៃទី១៤ ខែមីនា បានបញ្ជាឱ្យរដ្ឋមន្រ្តីការបរទេសខ្លួននាំយកការបើកចំហទំនាក់ទំនងផ្លូវការជាមួយចិន។ ក្រោយការប្រកាសបែបនេះ តៃវ៉ាន់ បានអំពាវនាវឱ្យហុងឌូរ៉ាសពិចារណាឱ្យបានល្អត់ល្អន់ ដើម្បីចៀសវាងការធ្លាក់ក្នុងអន្ទាក់ចិន។

 
ហុងឌូរ៉ាស ស្ថិតនៅក្នុងប្រទេស និងដែនដីតូច ដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ បើគិតត្រឹមពេលនេះ។ ក្នុងបណ្តាញសង្គម Twitter ប្រមុខរដ្ឋហុងឌូរ៉ាស លោកស្រី Xiomara Castro បានសរសេរថា លោកស្រីបានប្រាប់ប្រមុខការទូតរបស់ខ្លួន ឱ្យរៀបចំការបើកទំនាក់ទំនងផ្លូវការជាមួយចិន។ 
 
«ការសម្រេចចិត្តនេះ ជាសញ្ញានៃការប្តេជ្ញារបស់ខ្ញុំ ដើម្បីបំពេញផែនការរបស់រដ្ឋាភិបាល និងពង្រីកព្រំដែន»។ ប្រធានាធិបតីប្រទេសស្ថិតនៅតំបន់អាម៉េរិកកណ្តាល បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៤ ខែមីនា។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមក លោកស្រី Castro ក៏បានលើកឡើងពីគំនិត ចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុងតៃប៉ិ និងចាប់ផ្តើមចំណងជាមួយក្រុងប៉េកាំងផងដែរ។ 
 
ក្រោមគោលនយោបាយចិនតែមួយ រដ្ឋាភិបាលក្រុងប៉េកាំង មិនអនុញ្ញាតឱ្យប្រទេសណាមួយ ដែលមានទំនាក់ទំនងផ្លូវការជាមួយខ្លួន មានចំណងផ្លូវការជាមួយរដ្ឋាភិបាលក្រុងតៃប៉ិឡើយ។ ប្រសិនបើហុងឌូរ៉ាសផ្តាច់ទំនាក់ទំនងមែន តៃវ៉ាន់ នឹងសល់ប្រទេស និងដែនដីត្រឹម ១៣ប៉ុណ្ណោះ ដែលមានទំនាក់ទំនងផ្លូវការជាមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ក្នុងស្រុកនៅថ្ងៃទី១៤ ខែមីនា រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស លោក  Eduardo Reina បានអះអាងថា​ ហុងឌូរ៉ាស ត្រូវតែពិនិត្យលើហេតុផលជាក់ស្តែង និងស្វែងរកផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនខ្លួន។ 
 
ក្រោយការប្រកាសរបស់ប្រធានាធិបតីហុងឌូរ៉ាសខាងលើ ក្រសួងការបរទេសតៃវ៉ាន់ បានអំពាវនាវឱ្យប្រទេសនៅតំបន់អាម៉េរិកកណ្តាលមួយនេះ ពិចារណាឱ្យបានម៉ត់ចត់ ដើម្បីចៀសវាងការសម្រេចចិត្តខុស ហើយធ្លាក់ក្នុងអន្ទាក់របស់ចិន ដែលអាចធ្វើឱ្យប៉ះពល់ដល់ទំនាក់ទំនងទ្វេភាគី​ ក្នុងរយៈពេលយូរ។ 
 
កន្លងមក ប្រទេសជាបន្តបន្ទាប់បានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ និងឆ្ពោះទៅចាប់ដៃចិនវិញ ដើម្បីអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងការអភិវឌ្ឍ។ ប្រទេសមួយចំនួន ដែលផ្តាច់ទំនាក់ទំនងមួយរយៈចុងក្រោយជាមួយតៃវ៉ាន់មានដូចជា នីការ៉ាហ្កា នៅក្នុងឆ្នាំ២០២១ អែលសាល់វ៉ាឌ័រ នៅក្នុងឆ្នាំ២០១៨ និងប៉ាណាម៉ា នៅក្នុងឆ្នាំ២០១៧ជាដើម៕ 
 

Tag:
 ចិន
  តៃវ៉ាន់
  ហុងឌូរ៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com