ជាតិ
រដ្ឋាភិបាល បង្កើតគណៈកម្មការ១៣រូប រៀបចំកិច្ចប្រជុំការងា និងវេទិកាទេសចរណ៍មេគង្គ
16, Mar 2023 , 5:32 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំនួន១៣រូប  ដើម្បីរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ។



នៅក្នុងសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលកម្ពុជា  គណៈកម្មការអន្តរក្រសួងនេះ  មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាអនុប្រធាន ព្រមទាំងមានមន្រ្តីជាន់ខ្ពស់ចំនួន៦នាក់ ដែលមកពីក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន និងជាអនុប្រធានអចិន្រ្តៃយ៍ ។ រីឯ មន្រ្តីមកពី អគ្គស្នងការដ្ឋាននគរបាលជាតិ  កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងទ័ពជើងទឹក ចំនួន៥នាក់ ជាសមាជិក។ 
 
ក្នុងសេចក្ដីសម្រេចដដែល គណៈកម្មការអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។
 
គណៈកម្មការអន្តរក្រសួង មានសិទ្ធបង្កើតលេខាធិការដ្ឋានមួយជាសេនាធិការ និងអនុគណៈកម្មការមួយចំនួនតាមការចាំបាច់ ដោយសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួង។ 
 
ជាមួយគ្នានេះ គណៈកម្មការខាងលើ ក៏មានសិទ្ធប្រើប្រាស់ថវិការបស់ក្រសួងទេសចរណ៍ និងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីដំណើរការការងារ និងមានសិទ្ធស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភដល់ដំណើរការរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣។ គណៈកម្មការអន្តរក្រសួងនេះ នឹងត្រូវរំសាយក្រោយចប់ភារកិច្ច៕  
 

Tag:
 ទេសចរណ៍
 វេទិកាទេសចរណ៍មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com