កីឡាអន្តរជាតិ
អន្តរជាតិ
Premier League! អ្នកចាត់ការ ៥នាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបណ្តេញចេញពីក្លិប
18, Mar 2023 , 11:30 am        
រូបភាព
អ្នកចាត់ការក្នុងក្របខណ្ឌ Premier league មកដល់ពេលនេះ បានបង្ហាញសកម្មភាពជោគជ័យ លើការដឹកនាំប្រកួត។ ចំណែកអ្នកផ្សេងទៀតក៏ប្រែក្លាយជាធ្លាក់ទៅក្នុងភាពវឹកវរ ដោយសារក្រុមរងបរាជ័យក្នុងការប្រកួតជាបន្តបន្ទាប់ និងផុងជាមួយបញ្ហាដ៏ជ្រៅ។



ឆ្លងកាត់ការប្រកួតសប្តាហ៍ទី២៧ កន្លងផុតទៅនៃ ​Premier League ត្រូវបានគេមើលឃើញថាលោក Gary O’Neil គ្រូបង្វឹកក្រុម AFC Bournemouth កំពុងស្រវេស្រវ៉ាជួយក្រុមឱ្យឡើងផុតពីចំណាត់ថ្នាក់តំបន់គ្រោះថ្នាក់ បន្ទាប់ពីយកឈ្នះលើក្រុម Liverpool លទ្ធផល ១-០ យ៉ាងភ្ញាក់ផ្អើល។ ចំណែកលោក Antonio Conte ដែលកំពុងមានបញ្ហាក្នុងក្លិប ដឹកនាំក្រុម Tottenham Hotspur យកឈ្នះបានលើ Nottingham Forest ទទួលបាន ៣ពិន្ទុនិងជួយក្រុមឈរចំណាត់ថ្នាក់លេខ ៤។
 
តែយ៉ាងណាលោក David Moyes, Patrick Vieira និង Brendan Rodgers សុទ្ធសឹងតែរងបរាជ័យយ៉ាងអាម៉ាស់ ក្នុងទឹកដីរៀងៗខ្លួន សមស្របតាមរដូវកាលថ្មីនេះ ។ គ្រូបង្វឹកទាំង ៣នាក់ ហាក់ធ្លាក់ទម្រង់ដឹកនាំក្រុមយ៉ាងខ្លាំងខុសពីរដូវកាល ២០២១-២២ ដែលក្រុមស្ថិតក្រោមការដឹកនាំរបស់ពួកគេ បានបង្កភាពភ្ញាក់ផ្អើលក្នុងការប្រកួតប្រជែងនៃ Premier League និងបានរង្វាន់ដទៃផ្សេងទៀត។
 
ខាងក្រោមនេះជាគ្រូបង្វឹក ៥នាក់ដែលទំនងនឹងអាចបាត់បង់ការងាររបស់ពួគគេមុនពេលបញ្ចប់រដូវកាល ២០២២--២៣ នេះ៖

១.លោក David Moyes ក្លិប West Ham United

ប្រៀបបានជារដូវកាលដ៏លំបាកសម្រាប់ West Ham ខណៈក្រុមបានបន្តប្រកួតស្មើ ១-១ ទល់ក្រុមភ្ញៀវ ​Aston Villa ថ្ងៃទី១២ មីនា។ បច្ចុប្បន្នក្រុមញញួរយក្សស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ លើតំបន់ត្រូវកាត់ចោល ដោយមាន ២៤ពិន្ទុស្មើក្រុម Bournemouth លេខ ១៨ ។ ទម្រង់លេងនៃក្រុមធ្លាក់ខ្លាំងរដូវកាល ២០២២-២៣ ខុសពីរដូវកាលចាស់ ដែលបណ្តាលឱ្យអ្នកចាត់ការសញ្ជាតិស្កុតឡែនរូបនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងពីការបញ្ឈប់ការងារពីសំណាក់ក្លិប ស្ថិតក្នុងទីក្រុងឡុងដ៏មួយនេះ។
 
២.​លោក Antonio Conte ក្លិប Tottenham Hotspur

លោក Conte ខិតជិតទៅកាន់ច្រកចេញពីក្លិប Spurs នៅពេលដែលក្រុមបានធ្លាក់ចេញពីការប្រកួត Champions League ដោយថ្វីជើងក្រុម AC Milan នៅទឹកដីអង់គ្លេសកាលពីសប្តាហ៍មុន។ ជាមួយបញ្ហាជាច្រើនបានបណ្តាលឱ្យបុរសសញ្ជាតិអ៊ីតាលីរូបនេះ និងក្រុមជួបបញ្ហាមិនស៊ីចង្វាក់គ្នា​ ដោយការប្រកួតពានរង្វាន់នានា ក្រុមបានធ្លាក់ចេញគ្មានសល់ សូម្បី ​FA Cup ក៏ត្រូវបានក្រុមមកពីលីគលំដាប់ទី២ Sheffield United ទម្លាក់ចេញ។
 
បច្ចុប្បន្ន Spurs នៅសល់តែកៅអី Premier League តែមួយប៉ុណ្ណោះដើម្បីលេង និងប្រជែងកៅអី Champions League រដូវកាលក្រោយ ។ កាលពីសប្តាហ៍មុនលោក Conte ក៏បានលើកឡើងថា ប្រសិនក្រុមបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងទាំង ៤ប្រៀបដូចលើកពាន Premier League។ តែយ៉ាងនាកៅអីដឹកនាំរបស់បុរសអ៊ីតាលីរូបនេះ កំពុងមានកម្តៅខ្លាំង។
 
៣. Patrick Vieira ក្លិប Crystal Palace
 
ទោះបីជាស្ថិតនៅចំណាត់ថ្នាក់លេខ ១២ ប៉ុន្តែក្រុម Crystal មានកម្រិតពិន្ទុដាច់ពីក្រុមស្ថិតនៅតំបន់បាតតារាងត្រឹមតែ ៣ពិន្ទុតែប៉ុណ្ណោះ។ មាន ២៧ពិន្ទុក្នុងដៃ ប៉ុន្តែគ្មានសុវត្ថភាពឡើង បន្ទាប់ពីការប្រកួតសប្តាហ៍មុនចាញ់ Man City ១-០ ។ ក្រុមដឹកនាំដោយលោក Vieira គ្មានលទ្ធផលដើម្បីស្វែងរកឱកាសស៊ុត លើក្រុមភ្ញៀវបានសូម្បីមួយជើង ដែលធ្វើឱ្យមើលឃើញក្រុមកំពុងតែប្រឈមបញ្ហាខ្លាំងក្នុងការប្រកួត។
 
១០ប្រកួតចុងក្រោយក្នុងឆ្នាំ ២០២៣ Crystal Palace រកជ័យជម្នះមិនបាន ដោយស្មើ៥ ចាញ់៥ ខណៈដែលកៅអីដឹកនាំក្រុមរបស់លោក Vieira ក៏កំពុងតែក្លាយជាបញ្ហាធំមួយផង។
 
៤. ​Brenden Rodgers ក្លិប Leicester City
 
បរាជ័យក្រោមថ្វីជើង Chelsea ៣-១ កាលពីថ្ងៃទី១១ មីនា ក្លាយជាការចាញ់លើកទី១៦ សម្រាប់រដូវកាលនេះ ហើយក្រុម Leicester City ក៏បានក្លាយជាកំណត់ត្រាដ៏អាក្រក់ក្នុងលីគកំពូលអង់គ្លេសជាមួយក្រុម Southampton។ មិនតែប៉ុណ្ណោះក៏ជាកំណត់ត្រាចាញ់ដ៏ច្រើនបំផុត សម្រាប់ការដឹកនាំរបស់លោក Rodgers ក្នុងការប្រកួតលីគមួយរដូវកាល។ 
 
Leicester City បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ មាន ២៤ពិន្ទុស្មើក្រុមស្ថិតនៅតំបន់កាត់ចោលលេខរៀងទី១៨ Bournemouth។ ទោះជាកាលពីរដូវកាលមុន Leicester City បានបង្ហាញភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួតនៅពានរង្វាន់ Europa League បានយ៉ាងល្អ និងការប្រកួតក្នុងលីគក៏ដោយក្តី ប៉ុន្តែរដូវកាលនេះ ក្រុមធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ អ្នកគាំទ្របច្ចុប្បន្នក៏កំពុងតែតវ៉ាឱ្យក្លិបបណ្តេញអ្នកចាត់ការរូបនេះផងដែរ។
 
៥. Gary O’Neil ក្លិប Bournemouth 
 
Bournemouth ក្នុង Premier League រដូវកាលនេះរងភាពអាម៉ាស់ខ្លាំងចាញ់ Liverpool លទ្ធផល ៩-០ ដោយកាលនោះក្លិបដឹកនាំដោយលោក Scott Parker ហើយចាញ់ខ្លាំងលោក Parker ក៏ត្រូវបានបណ្តេញចេញភ្លាមៗ។
 
លោក O’Neil រកបានតំណែងខ្លួនតាំងពីក្រុមប្រកួតបានត្រឹម ១១ប្រកួត និងមាន ១៣ពិន្ទុក្នុងដៃមកម្ល៉េះ។ ទោះប្តូរការដឹកនាំក្រុមពីសំណាក់គ្រូថ្មី ប៉ុន្តែ Bournemouth នៅតែធ្វើមិនបានល្អប៉ុន្មានឡើយក្នុងការប្រកួត ។ តែយ៉ាងណាក្រុមមួយហាក់កំពុងបង្ហាញភាពស្រែកឃ្លានរបស់ខ្លួន ក្នុងការគេចចេញពីតំបន់កាត់ចោល ក្រោយបានប្រកួតយកឈ្នះលើ Liverpool លទ្ធផល ១-០ កាលពីពេលថ្មីៗនេះ។
 
តែយ៉ាងនាក៏ដោយតំណែងគ្រូបង្វឹករបស់លោក O’Neil នៅតែជាបញ្ហាចោទដ៏សំខាន់ ខណៈក្រុមស្ថិតក្នុងតំបន់គ្រោះថ្នាក់ ហើយការប្រកួតកាន់តែខិតជិតទៅដល់ការបញ្ចប់រដូវកាល៕
 

Tag:
 (Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com