អន្តរជាតិ
តុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី
18, Mar 2023 , 4:00 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែន។ យ៉ាងណាមិញ រុស្ស៊ី មិនមែនជាភាគីនៃតុលាការអន្តរជាតិនេះឡើយ។

 
 
ភាគីអ៊ុយក្រែន បានអះអាងថា កុមារអ៊ុយក្រែនច្រើនជាង ១៦០០០នាក់ ត្រូវបាននាំចេញពីអ៊ុយក្រែន ទៅរុស្ស៊ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រោមហេតុផលនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្រោមបទចោទនិរទេសកុមារអ៊ុយក្រែនចេញពីប្រទេស។ 
 
ទន្ទឹមនេះ តុលាការអន្តរជាតិមួយនេះ ក៏បានចេញដីកាចាប់ខ្លួន លោកស្រី Maria Lvova-Belova ស្នងការសិទ្ធិកុមាររបស់ប្រធានាធិបតីរុស្ស៊ី ជុំវិញបទចោទស្រដៀងគ្នានេះដែរ។ 
 
យ៉ាងណាមិញ វិមានក្រេមឡាំង បានច្រានចោលដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងចាត់ទុកជាមោឃ។ រុស្ស៊ី មិនមែនជាភាគីនៃតុលាការអន្តរជាតិមួយនេះឡើយ។ បើតាមលោក Piotr Hofmanski ប្រធានតុលាការ ICC បានអះអាងថា ការអនុវត្តដីកាមួយនេះ គឺផ្អែកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។ 
 
សូមបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ និងជាចំណាត់ការចុងក្រោយក្នុងការដោះស្រាយឧក្រិដ្ឋកម្មសង្រ្គាម នៅពេលប្រទេសណាមួយ មិនអាចកាត់ទោសជនសង្ស័យដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមបាន៕ 
 

Tag:
 (រុស្ស៊ី
  ICC)
© រក្សាសិទ្ធិដោយ thmeythmey.com