អន្តរជាតិ
អូស្រ្តាលី មិនបានសន្យាជាមួយអាម៉េរិកជួយការពារតៃវ៉ាន់ ដើម្បីជាថ្នូរនឹងនាវាមុជទឹក លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី។ រូបភាព AFP
× រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles នៅថ្ងៃទី១៩ ខែមីនា បានអះអាងថា អូស្រ្តាលី មិនបានសន្យាគាំទ្រអាម៉េរិកនៅក្នុងជម្លោះយោធាណាមួយពាក់ព័ន្ធនឹងតៃវ៉ាន់ ដើម្បីជាថ្នូរនឹងនាវាមុជទឹកឡើយ។
អូស្រ្តាលី អាម៉េរិក និងអង់គ្លេស នៅថ្ងៃទី១៣ ខែមីនាកន្លងទៅ បានបញ្ចេញផែនការលើការអភិវឌ្ឍ និងទិញនាវាមុជទឹក ស្របពេលចិន កំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ រដ្ឋាភិបាលអូស្រ្តាលី បានចាត់ទុកកិច្ចព្រមព្រៀងដែលត្រូវចំណាយលើនាវាមុជទឹកប្រមាណ ២៤៦ពាន់លានដុល្លារពិតជាសំខាន់។
យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ទូរទស្សន៍ABC រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles ត្រូវបានសួរពាក់ព័ន្ធនឹងសន្យាជួយកោះតៃវ៉ាន់ ដើម្បីជាថ្នូនឹងនាវាមុជទឹក ដែលអាម៉េរិកមានសិទ្ធិលក់អោយអូស្រ្តាលី និងជួយអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
ជាការឆ្លើយតប លោក Marles បានអះអាងថា អូស្រ្តាលី មិនបានសន្យាគាំទ្រអាម៉េរិកនៅក្នុងជម្លោះយោធាណាមួយពាក់ព័ន្ធនឹងតៃវ៉ាន់ ដើម្បីជាថ្នូរនឹងនាវាមុជទឹកឡើយ។
កន្លងមក ចិន តែងតែចាត់ទុកភាពជាដៃគូសន្តិសុខត្រីភាគី AUKUS ជុំវិញការអភិវឌ្ឍនាវាមុជទឹក នឹងនាំឱ្យមានការរីកសាយនៃអាវុធនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ ជាដែនដីមួយរបស់ខ្លួន និងជំរុញឱ្យប្រទេសខាងក្រៅគោរពគោលនយោបាយ «ចិនតែមួយ» និងកុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង ជាញយៗប្រកាសចាត់វិធានការម៉ឹងម៉ាត់ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យពីខ្លួន៕
Tag:
អាម៉េរិក
អូស្រ្តាលី
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com