កីឡាជាតិ
ជាតិ
ត្រឹមវ័យ១៥ឆ្នាំ យុវតី ផានិត ស្រីលីន មានមហិច្ឆិតាចង់ប្រកួតគុនខ្មែរតំណាងជាតិ
19, Mar 2023 , 8:59 pm        
រូបភាព
ផានិត ស្រីលីន ហ្វឹកហាត់ប្រដាល់គុនខ្មែរ
ផានិត ស្រីលីន ហ្វឹកហាត់ប្រដាល់គុនខ្មែរ
យុវតី សល់ ស្រីលីន កីឡាការិនីប្រដាល់គុនខ្មែរ ក្លិបសុវណ្ណកុមារគុនខ្មែរ មានឆន្ទៈមួយ គឺចង់ប្រកួតតំណាងឲ្យកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ធំៗ និងលើឆាកអន្ដរជាតិ។ ដើម្បីសម្រេចក្ដីស្រម៉ៃបាន យុវតីវ័យ ១៥ឆ្នាំរូបនេះ បាននិយាយថា មានតែប្រឹងប្រែងហ្វឹកហាត់ និងការស្ដាប់តាមដំបូន្មានគ្រូបង្វឹកប៉ុណ្ណោះ។



កីឡាការិនី សល់ ស្រីលីន កំពុងហ្វឹកហាត់យ៉ាងសកម្ម នៅក្នុងក្លិបប្រដាល់សុវណ្ណកុមារគុនខ្មែរ ដែលស្ថិតនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល។ យុវតីរូបនេះ ត្រូវបានដាក់ឈ្មោះប្រកួតលើសង្វៀនថា ផានិត ស្រីលីន ព្រោះដាក់ទៅតាមឈ្មោះ លោក អ៊ុំ ផានិត ដែលជាគ្រូបង្វឹក និងជាម្ចាស់ក្លិបប្រដាល់គុនខ្មែរមួយនេះ។ 
  
កីឡាការិនី ផានិត ស្រីលីន កំពុងហ្វឹកហាត់

ជាសិស្សថ្នាក់ទី១០ នៅសាលាវិទ្យាល័យព្រែកតាទែន យុវតីរូបនេះ បានចំណាយពេលវេលាទំនេររបស់ខ្លួនបន្ទាប់ពីការសិក្សា ទៅហ្វឹកហាត់ប្រដាល់គុនខ្មែរ។ ស្រីលីន បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ ទាំងទឹកមុខស្មើៗថា ខ្លួន ត្រូវងើបពីម៉ោង ៥:00 ព្រឹក ដើម្បីហ្វឹកហាត់ប្រដាលគុនខ្មែរ ដល់ម៉ោង ៧:០០ ព្រឹក។ ហើយម៉ោង ៨:០០-១១:០០ ព្រឹក ស្រីលីន ត្រូវទៅសាលារៀន។ ចំណែកម៉ោង ១:០០រសៀល សិស្សវិទ្យាល័យរូបនេះ ត្រូវចូលរៀនម្ដងទៀត ដល់ម៉ោង ៣:០០រសៀល។ បន្ទាប់ពីចេញពីរៀន ផានិត ស្រីលីន ត្រូវហ្វឹកហាត់គុនខ្មែរម្ដងទៀត ចាប់ពីម៉ោង ៣:០០រសៀល។ យុវតីរូបនេះ ត្រូវអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ។
 
ចំពោះការហ្វឹកហាត់ជាប្រចាំនេះ ស្រីលីន បានបន្ដថា មានទាំងការរត់​នៅតាមផ្លូវ ការវាយឡាំ លោតលើកង់ឡាន និងវាយខ្យល់ជាដើម។ សិស្សថ្នាក់ទី១០រូបនេះ ទើបហាត់ប្រដាល់គុនខ្មែរ បានជាង៣ខែប៉ុណ្ណោះ ហើយបង្ហាញខ្លួនលើសង្វៀន បានចំនួន ៣លើក ក្នុងនោះឈ្នះ២ និងស្មើ១។ បើទោះជាមិនទាន់បរាជ័យ ក៏ដោយ ស្រីលីន បាននិយាយថារូ បខ្លួនត្រូវតែហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន។ 
  
កីឡាការិនី ផានិត ស្រីលីន ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មី

«យុវតីរូបនេះ បានតាំងចិត្តថា នឹងប្រឹងហ្វឹកហាត់ឲ្យបានល្អ។ កីឡាការិនីរូបនេះ សង្ឃឹមថាថ្ងៃណារូបខ្លួនអាច ចូលរួមក្នុងព្រឹត្តិការណ៍ជាតិ នឹងអន្ដរជាតិធំៗ ដើម្បីបង្ហាញមុខមាត់ជាតិ។»។ កីឡាការិនី ផានិត ស្រីលីន បានប្រាប់ដូច្នេះ។
 
ជាមួយនិងការប្រឹងហ្វឹកហាត់ យុវតី ស្រីលីន ក៏ប្រាប់ពីការពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនផងដែរ។ ចំណុចខ្លាំងនោះ គឺស្រីលីន មានស្មារតីប្រកួត និងមិនខ្លាចគូប្រកួត នៅពេលឡើងលើសង្វៀន។ រីឯចំណុចខ្សោយនោះ គឺកីឡាការិនីរូបនេះ មានមាឌតូច ដែលជាហេតុធ្វើឲ្យខ្លួនពិបាកពេលជួបគូប្រកួត ដែលមានមាឌធំជាងខ្លួន។ យុវតីវ័យ ១៥ឆ្នាំរូបនេះ ប្រាប់ដូច្នេះថា៖«ខ្ញុំ មានមាឌតូចជាងគេ ពិបាកក្នុងការប្រកួតជាមួយដៃគូ។»។
  
កីឡាការិនី ផានិត ស្រីលីន កំពុងហ្វឹកហាត់

ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនេះ ស្រីលីន មិនដែលគិតថាចង់បោះបង់ចោលទេ បើទោះជាប្រកួតពេលខ្លះ របួសបន្ដិចបន្ដួច ដោយសារដៃគូក៏ដោយ។ ម្យ៉ាងវិញទៀត កីឡាការិនីវ័យក្មេងរូបនេះ សង្ឃឹមថា ថ្ងៃអនាគត រូបគេក៏អាចមានឱកាសប្រកួតតំណាងជាតិ ហើយអាចនាំយកកិត្តិយសឲ្យកម្ពុជាបាន ដូចកីឡាករ-កីឡាការិនី ដែលជារៀមច្បងក្នុងវិស័យកីឡានេះផងដែរ។
យុវតីរូបនេះ បានបន្ថែមប្រាប់ថា៖«ខ្ញុំ នឹងខំប្រឹងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ព្រោះខ្ញុំស្រឡាញ់ខាងហ្នឹង។ ហើយខ្ញុំចង់ក្លាយជាកីឡាការិនីមួយ ដែលល្បីក្នុងប្រទេសកម្ពុជា នាថ្ងៃអនាគត ហើយនាំយកជ័យជម្នះឲ្យប្រទេសខ្ញុំ។»។
 
ដូចគ្នានេះដែរ លោក អ៊ុំ ផានិត គ្រូបង្វឹកប្រដាល់ក្លិបសុវណ្ណកុមារគុនខ្មែរ បានប្រាប់ថា កុមារីរូបនេះ មានការព្យាយាម និងគោរពការណែនាំពីគ្រូបង្វឹក ហើយក៏មិនដែលភ្លេចការសិក្សាដែរ បើទោះជាស្រីលីន មមាញឹកហាត់ប្រដាល់ក៏ដោយ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ផានិត ស្រីលីន
© រក្សាសិទ្ធិដោយ thmeythmey.com