ជាតិ
អង្គការហ្គ្រេត ជំរុញឲ្យមានការគាំទ្រកសិករ​ដាំបន្លែសរីរាង្គ និងកសិករដែលមានពិការភាព ​
20, Mar 2023 , 8:00 am        
រូបភាព
សៀមរាប៖ និស្សិតកសិកម្ម និងទេសចរណ៍ ពីសាកលវិទ្យាល័យអង្គរ និង​អ្នកប្រើប្រាស់​បន្លែ​សរីរាង្គ ប្រមាណជាង៦០នាក់ បានទៅទស្សនកិច្ចនៅតាមសហគមន៍កសិកម្ម ដែលគាំទ្រដោយ អង្គការហ្រ្គេត (​GRET)។ ទស្សនកិច្ចនោះរៀបចំលើងក្នុងបំណងលើកកម្ពស់ការប្រើប្រាស់ និងជំរុញឲ្យមាន ការគាំទ្របន្ថែមដល់កសិករដាំបន្លែសរីរាង្គ និងដែលមានពិការភាព។

 
លោក ទូច សុខារិទ្ធ ប្រធានគ្រប់គ្រងគម្រោងអង្គការ ហ្គ្រេត (GRET) បានលើកឡើងថា គម្រោងលើកកម្ពស់ជីវភាពគ្រួសារកសិករក្រីក្រក្នុងខេត្តសៀមរាប បានចាប់ផ្ដើមក្នុងឆ្នាំ២០១០ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលរបស់កសិករ និងធ្វើឲ្យ​ប្រសើរឡើងនូវជីវភាព​រស់នៅ​របស់គ្រួសារកសិករខ្នាតតូច ដោយធ្វើការអភិវឌ្ឍន៍កសិកម្មនិរន្តរភាព និងផ្ដល់បច្ចេកទេស​កសិកម្ម​បែបក្សេត្របរិស្ថាន។ រហូតដល់ឆ្នាំ ២០២២ គម្រោងបានចាប់ផ្ដើម​គាំទ្របន្ថែ​ម​លើកសិករដែលមានពិការភាពលើវិស័យកសិកម្ម ក្រោមជំនួយឧបត្ថម្ភថវិកា ពីអង្គការសកម្មភាព​ប្រជាជនដើម្បីអភិវឌ្ឍន៍បរិយាប័ន្ន ហៅកាត់ថា ប៉ាហ្វីត (PAfID)។​គោលបំណងនៃគម្រោង គឺធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់ប្រជាកសិករ ដែលមានពិការភាពដោយពង្រឹងលើបច្ចេកទេសកសិកម្ម និងបង្កើនឲ្យមានពិពិធកម្មក​សិកម្ម​ដោយកាត់បន្ថយការប្រើប្រាស់​ធាតុចូលកសិកម្មផងដែរ។ 
 


ទស្សនកិច្ចដែលធ្វើនៅថ្ងៃទី១៨ ខែមីនា អង្គការហ្គ្រេត បានរៀបចំកម្មវិធីមួយដែលឲ្យឈ្មោះថា ទិវាអ្នកប្រើប្រាស់បន្លែសុវត្ថិភាព ចុះមើលការចិញ្ចឹមមាន់ស្រែ និងបន្លែសុវត្ថិភាព​ក្នុងស្រុកសូទ្រនិគម។​ ទស្សនកិច្ចដោយមានការចូលរួមពី សាស្ត្រាចារ្យ សិស្សនិស្សិត ដែលមកពីសកលវិទ្យាល័យអង្គរ និងប្រជាពលរដ្ឋដែលតែងតែគាំទ្របន្លែសុវត្ថិភាព​ពីសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ហៅកាត់ថា (Eco-farm)​។  កម្មវិធីនេះ មានគោលបំណងធំចំនួន៣ ស្វែងយល់ពីការដាំដុះ និងការចិញ្ចឹមសត្វរបស់កសិករ​មានពិការភាពក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនោះ ស្វែងយល់ពីបន្លែសុវត្ថិភាព និងការអនុវត្តការដាំដុះបន្លែតាមស្តង់ដារសុវត្ថិភាពក្រោមការត្រួតពិនិត្យស្តង់ដាដោយប្រព័ន្ធធានាដែលមានការចូលរួមហៅកាត់ថា PGS និងស្វែងរកការគាំទ្រផ្នែកទីផ្សារ​ដល់សហគមន៍​ក៏ដូចជាស្វែងរកការគាំទ្រដល់ផលិតផលកសិកម្មរបស់ប្រជាកសិករដែលមានពិការភាពក្នុងសហគមន៍ផងដែរ។ 
 
ប្រធានសហគមន៍កសិកម្មដានរុនសាមគ្គី លោក សេ រ៉ៃ បានលើកឡើងថា សហគមន៍​របស់លោកបង្កើតឡើងនៅថ្ងៃទី២៤ មីនា ឆ្នាំ២០២១។ សហគមន៍បាន ទិញលក់មាន់សាច់ លក់ពងមាន់និងកូនមាន់ ព្រមទាំងជាក្រុមផលិតពងមាន់។ បច្ចុប្បន្នសហគមន៍នេះ ផលិតពង​លក់​ឲ្យសមាជិក និងក្រៅសមាជិក ហើយសហគមន៍​មានដំណើរការខ្លាំងខាងផលិតពងអាចលក់​ទៅទីផ្សារ២៥ខេត្ត ក្រុង។ 



អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍ និងទីផ្សារ របស់សហគមន៍កសិកម្មសុវត្តិភាពធម្មជាតិ បានលើកដែរថា សហគមន៍បានបង្កើតឡើងនៅដើមឆ្នាំ២០១៩ និងមានសមាជិក៧០នាក់ មកដល់បច្ចុប្បន្ននេះមានសមាជិកជាង១០០នាក់ហើយ។ ដោយឡែកសហគមន៍​មានការផ្គត់ផ្គង់​ទៅផ្សារ​មួយចំនួនដូចជា ផ្សារកូនខ្មែរនៅភ្នំពេញ ផ្គត់ផ្គង់ទៅលើកសិដ្ឋានខេមរៈ ផ្គត់ផ្គង់ផ្សារកសិករខ្មែរ ​ ផ្សារចុងសប្តាហ៍​ និងផ្សារដំដែកផងដែរ។ 
 
ចំណែកលោក យួន ជា ជាកសិករពិការ បានលើកថា លោកប្រកបរបរកសិកម្ម​នេះ៧ឆ្នាំមកហើយ ដោយមុនដំបូងលោកចិញ្ចឹមមាន់។ ដោយឃើញថា មានអាចម៍មាន់ច្រើន  លោកក៏គំនិតរៀបចំដី ដើម្បីដាំបន្លែ ដោយមិនទាន់បានចូលសហគមន៍នៅពេលនោះ។។ លុះក្រោយមកទើបខាងអង្គការ ហ្គ្រេត  បានសួរនាំ និងបង្រៀនពីរបៀបដាំបន្លែសរីរាង្គ និងធ្វើជីកំប៉ុស។ 
 


លោកក៏បានចូលរួមជាមួយសហគមន៍តាំងពីពេលនោះមក ដោយបន្លែដែលដាំ​មានការ​ពិនិត្យត្រឹមត្រូវ និងគិតគូរពីសុវត្ថភាពខ្ពស់ ទើបអាចលក់នៅលើផ្សាររបស់សហគមន៍បាន។ 
 
កសិករពិការភាពមួយរូបដែរ គឺ អ្នកស្រី សួន សុភាព ដាំបន្លែរយៈពេលជិត១០ឆ្នាំមកហើយ។ ដោយអង្គការ បានរៀបចំជាសិក្ខាសាលា បង្រៀនពីរបៀបដាំបន្លែសរីរាង្គ និងធ្វើជាកំប៉ុស ព្រមទាំងបានផ្តល់នូវសម្ភារៈមួយចំនួន ដើម្បីឲ្យកសិករមានភាពងាយស្រួល​ដោយមិនចាំបាច់​ចំណាយថវិកាទៅទិញ។ 



ជាមួយគ្នានោះ កសិករដែលមានពិការភាព បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រ បន្លែសរីរាង្គ និងបន្លែមានសុវត្ថិភាព បន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់កសិករ ពិសេសជនពិការដែលមិនអាចធ្វើការធ្ងនៗបាន៕

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com