អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​កុំ​មិន​វែ​ល​ដូ​មី​និក នឹង​បំពេញ​ទស្សនកិច្ច​កម្ពុជា​លើកដំបូង ពីថ្ងៃ​ទី​២២-២៤​មីនា​
21, Mar 2023 , 10:20 pm        
រូបភាព
លោក វីន ហេន​ដឺ​សាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស​ធុរកិច្ច​អន្តរជាតិ ពាណិជ្ជកម្ម និង​ថាមពល នៃ​ប្រទេស​កុំ​មិន​វែ​ល​ដូ​មី​និក នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ពីថ្ងៃ​ទី​២២-២៤ មីនា ឆ្ន​២០២៣​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ ចេញផ្សាយនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣នេះ។

 
​ក្រសួងការបរទេស​ក​ម្ពុ​ជា​បញ្ជាក់ទៀតថា ក្នុងអំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា​លើកដំបូង​នេះ លោក វីន ហេន​ដឺ​សាន់ នឹងចូលរួម​សម្តែង​ការគួរសម ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ 
 
លោក វីន ហេនដឺសាន់ ក៏​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដោយ​ភាគី​ទាំង​២ នឹង​ពិភាក្សាគ្នា​លើ​វិស័យ​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដោយបាន​បន្តថា បន្ទាប់ពី​ជំនួប​នេះ ភាគី​ទាំង​២ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំង​២ ស្តីពី​ការលើកលែង​ទិ​ដ្ឋ​ការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​។ 
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា ចាត់ទុកថា​ដំណើរ​ទស្សន​ក​ចិ្ច​ជា​លើកដំបូង របស់រដ្ឋមន្ត្រីការបរទេសដូមីនិក លោក វីន ហេន​ដឺ​សាន់ មក​កម្ពុជា នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ការទូត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com