កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ភ្លើងគប់ ត្រូវបានដង្ហែចេញពីកម្ពុជាឆ្ពោះទៅវៀតណាមហើយ មុនបន្តទៅប្រទេសអាស៊ានផ្សេងទៀត
22, Mar 2023 , 6:29 pm        
រូបភាព
លោក ហោ សារុន (ឆ្វេង)និងលោក ទៀ សីហា (ស្តាំ)ក្នុងពិធីដង្ហែរព្រះអគ្គិកីឡាទៅកាន់ព្រលានយន្តហោះខេត្តសៀមរាប។ រូបពី SRPA
លោក ហោ សារុន (ឆ្វេង)និងលោក ទៀ សីហា (ស្តាំ)ក្នុងពិធីដង្ហែរព្រះអគ្គិកីឡាទៅកាន់ព្រលានយន្តហោះខេត្តសៀមរាប។ រូបពី SRPA
ដោយ:
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលតម្កល់ទុកក្នុងវត្តរាជបូណ៌ក្នុងខេត្តសៀមរាបរយៈពេលមួយយប់ បានដង្ហែចេញឆ្ពោះទៅកាន់ ទីក្រុងហាណូយ ប្រទេសវៀតណាម ហើយនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

 
ព្រះអគ្គិជ័យកីឡា នឹងធ្វើដំណើរទៅកាន់ប្រទេសទាំង១១ ក្នុងតំបន់អាស៊ានដែលជាសមាជិកត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ប្រធានប្រតិភូដឹកនាំដង្ហែរព្រះអគ្គិកីឡានេះដែរ គឺលោក ហោ សារុន អនុប្រធានគណៈកម្មការពិធីបើក-បិទ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 

ពិធីដង្ហែភ្លើងគប់កីឡាស៊ីហ្គេម ចេញពីវត្តរាជបូណ៌ ទៅកាន់ព្រលានយន្តហោះខេត្តសៀមរាប។ រូបពី SRPA
 
ក្រោយពីទទួលព្រះអគ្គិជ័យកីឡាពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយកាលពីថ្ងៃទី២១ ខែមីនា គណៈប្រតិភូនឹងចេញដំណើរទៅកាន់ប្រទេសវៀតណាម រួចបន្តទៅប្រទេសហ្វីលីពីន មុនចេញទៅ ប្រទេសព្រុយណេ។
 
បន្ទាប់មកនឹងដង្ហែឆ្ពោះទៅ ប្រទេសឥណ្ឌូណេស៊ី បន្តទៅ ប្រទេសទីម័រខាងកើត និងបន្តទៅកាន់ ប្រទេសម៉ាឡេស៊ី រួចហើយបន្តទៅកាន់ ប្រទេសសិង្ហបុរី និងបន្តដង្ហែទៅ ប្រទេសថៃ មុនបន្តដំណើរ ប្រទេសមីយ៉ាន់ម៉ា និងចុងក្រោយដង្ហែរមកកាន់ ប្រទេសឡាវ មុនធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ច្រកព្រំដែនខេត្តស្ទឹងត្រែង។
 
បន្ទាប់ពីសម្រាកនៅ រាជធានីភ្នំពេញ មួយយប់ពិធីដង្ហែនឹងឆ្ពោះទៅកាន់ ខេត្តកំពង់ឆ្នាំ បន្តទៅខេត្តពោធិ៍សាត់ មុនបន្តទៅខេត្តបាត់ដំបង និងខេត្តសៀមរាប និងចុងក្រោយទៅខេត្តកំពង់ធំ និងបន្តដង្ហែចូលទៅកាន់ពហុកីឡដ្ឋានមរតកតេជោតែម្តង៕
 
 
 

Tag:
 ព្រះអគ្គិ
 ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com