កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មាស ស៊ីណាត ប្តូរពីកីឡាករទាញព្រ័ត្រ ទៅទូកប្រពៃណី ដើម្បីប្រជែងនៅស៊ីហ្គេម២០២៣
23, Mar 2023 , 11:50 am        
រូបភាព
កីឡាករទូកប្រពៃណី ហ្វឹកហាត់ត្រៀមសម្រាប់ស៊់ីហ្គេម
កីឡាករទូកប្រពៃណី ហ្វឹកហាត់ត្រៀមសម្រាប់ស៊់ីហ្គេម
អត្តពលិកជម្រើសជាតិកម្ពុជា មាស ស៊ីណាត ផ្លាស់ប្តូរពីកីឡាករទាញព្រ័ត្រ ទៅជាកីឡាករទូកប្រពៃណី ដើម្បីមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ ស៊ីណាត ប្រាប់ពីសុទិដ្ឋិនិយមជុំវិញការផ្លាស់ប្ដូរនេះថា មិនមានឧបសគ្គខ្លាំងប៉ុន្មានទេ ឲ្យតែមានឆន្ទៈ និងការស្រឡាញ់។


មាស ស៊ីណាត កីឡាករវ័យ ៣៣ឆ្នាំ បានផ្លាស់ប្ដូរពីកីឡាទាញព្រ័ត្រ មកហ្វឹកហាត់ជាកីឡាករប្រណាំងទូកប្រពៃណី។ ស៊ីណាត បានហ្វឹកហាត់កីឡាទាញព្រ័ត្ររយៈពេល២ឆ្នាំ គិតពីឆ្នាំ២០១៧ មុនប្តូរជាកីឡាករទូកប្រពៃណី នៅឆ្នាំ២០១៩ រហូតសព្វថ្ងៃ។ 
  

លោក មាស ស៊ីណាត ផ្ដល់បទសម្ភាស មកកាន់សារព័ត៌មានថ្មីៗ
 
កីឡាករជម្រើសជាតិកម្ពុជារូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្ដូរអាជីពកីឡា មិនលំបាកណាស់ណាទេ ប៉ុន្ដែអ្វី ដែលសំខាន់នោះ គឺជាឆន្ទៈ និងចំណង់ចំណូលចិត្ត។ «ខ្ញុំ ជាអតីតកីឡាករទាញព្រ័ត្រ បន្ទាប់មក ខ្ញុំចូលជាកីឡាទូកប្រពៃណីនេះ។ ការផ្លាស់ប្ដូរពីកីឡាមួយ មកកីឡាមួយប្រភេទទៀត មិនមានភាពលំបាកទេសម្រាប់ ខ្ញុំ ព្រោះមានចិត្តស្រឡាញ់។

កីឡាទាញ់ព្រ័ត្រ ក៏យើងស្រឡាញ់ កីឡាទូក ក៏យើង ស្រឡាញ់។ ហើយពេលខ្ញុំ មកកីឡាទូក ខ្ញុំ មានឱកាស ប្រកួតស៊ីហ្គេម ដើម្បីតំណាងឲ្យកម្ពុជា។ ដូច្នេះ ខ្ញុំខំប្រឹងហ្វឹកហាត់ឲ្យខ្លាំង។»។
 
ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម របស់កម្ពុជា គឺជាលើកដំបូង ចំណែកលោក ស៊ីណាត ឱកាសនេះ ក៏ជាលើកទី១ សម្រាប់លោក ក្នុងការតំណាងឲ្យមាតុភូមិ ប្រកួតព្រឹត្តិការណ៍អន្ដរជាតិផងដែរ។ កីឡាករទូកប្រពៃណីនេះថាខ្លួន ពិតជាមានមោទកភាពណាស់ ក្នុងការប្រឡូកក្នុងវិស័យកីឡានារយៈពេល ៦ឆ្នាំកន្លងមកនេះ។
 
«ខ្ញុំមានចំណាប់អារម្មណ៍ ចង់ប្រកួត។ ខ្ញុំ មិនដែលបានចូលរួមប្រកួត ដូចជារៀមច្បងផ្សេងៗទេ។ ជាលើកដំបូងសម្រាប់ខ្ញុំ ខ្ញុំចង់ប្រកួតណាស់។ ខ្ញុំ ត្រូវប្រឹងហ្វឹកហាត់ឲ្យបានខ្លាំង និងស្ដាប់ដំបូន្មាន គ្រូបង្វឹក និងអ្វី ដែលថ្នាក់ដឹកនាំបានណែនាំ។ គ្រូបង្វឹក និងរៀមច្បង បានប្រាប់ខ្ញុំថា ត្រូវប្រឹងហ្វឹកហាត់ឲ្យខ្លាំង គឺត្រូវធ្វើឲ្យបានល្អ។»។ លោក មាស ស៊ីណាត បាននិយាយប្រាប់ដូច្នេះ។
 
អត្តពលិកជម្រើសជាតិកម្ពុជាលើប្រភេទកីឡាទូកប្រពៃណីរូបនេះ ក៏បានថ្លែងអំណរគុណ ដល់លោកប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងការទំនុបបម្រុងជាអាហារ និងការសម្រួលដល់ការស្នាក់នៅរបស់កីឡាករ-កីឡាការិនីអំឡុងពេលហ្វឹកហាត់ ដើម្បីត្រៀមស៊ីហ្គេម នៅកម្ពុជា។ លោក ស៊ី ណាត បានអំពាវនាវឲ្យប្រជាជនកម្ពុជា ទាំងអស់ចូលរួមគាំទ្រជម្រើសជាតិ ប្រកួតព្រឹត្តិការណ៍នេះ និងចូលរួមធ្វើជាម្ចាស់ផ្ទះទាំងអស់គ្នា៕
 

Tag:
 កីឡាប្រណាំងទូក
  ទូកប្រពៃណី
  មាស ស៊ីណាត
© រក្សាសិទ្ធិដោយ thmeythmey.com