ជាតិ
សង្គមជាតិ
និស្សិតជាង​៤០នាក់នៅ​សៀមរាប ឈ្វេងយល់​ពី​ការ​ប្រើ​ប្រាស់បណ្តាញសង្គម​ប្រកបដោយ​ការទទួលខុសត្រូវ
23, Mar 2023 , 2:28 pm        
រូបភាព
និស្សិតចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «យុវជន និងការប្រើប្រាស់បណ្ដាញសង្គមប្រកប ដោយការទទួលខុសត្រូវ»។
និស្សិតចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «យុវជន និងការប្រើប្រាស់បណ្ដាញសង្គមប្រកប ដោយការទទួលខុសត្រូវ»។
សៀមរាប៖ និស្សិត​ចំនួន៤៤នាក់ នៅក្រុងសៀមរាប ខេត្តសៀមរាបបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីមួយស្ដីពី «យុវជននិងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ»។ការចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍រយៈពេល​ពេញមួយថ្ងៃ នា​ថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៣ នេះ រៀបចំដោយ​សារព័ត៌មានឌីជីថល​​ថ្មីៗ នៅ​បណ្ណាល័យអាមេរិក (AmericanCorner) ក្នុងសាកលវិទ្យាល័យ​សៅស៍អ៊ីសថ៍អេយសៀ​ខេត្តសៀមរាប។

 
ដើម្បីជ្រាបច្បាស់​ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 
 
 
វគ្គបណ្ដុះបណ្ដាលដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃនេះ ជា​ការ​ចែករំលែក​បទពិសោធន៍​​ប្រចាំថ្ងៃ​​របស់ក្រុម​ការងារ​សារព័ត៌មាន​ឌីជីថលថ្មីៗដែលមាន​គេហទំព័រព័ត៌មាន ThmeyThmey, ThmeyThmey25 និង Cambodianess ជាភាសាអង់គ្លេស។
 
ប្រធានបទសំខាន់ៗដែលក្រុម​ការងារ​បាន​ចែក​រំលែក​ដល់​និស្សិត​ក្នុងខេត្ត​សៀមរាប ជាង​៤០នាក់​នោះ មាន​ដូចជា  ឥទ្ធិពលនៃព័ត៌មាន, ការពារ និងទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត, ប្រុងប្រយ័ត្នព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត, អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន, ហេតុអ្វីការផលិតព័ត៌មានតាមទូរស័ព្ទដៃ(MoJo)មានសារសំខាន់? និងការណែនាំពីការទាញយកកម្មវិធីទូរស័ព្ទសម្រាប់ផលិត MoJo។ 
 
បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដុះ កញ្ញា ផាត វិច្ឆិកា​ ជាអ្នកចូលរួមនិងជានិស្សិតជំនាញព័ត៌មានវិទ្យាលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់ចំណេះដឹងដល់កញ្ញាបន្ថែម ពាក់ព័ន្ធនឹងព័ត៌មានពិត និងព័ត៌មានមិនពិតក្នុងបណ្ដាញសង្គម។ យុវតីវ័យ២១ឆ្នាំរូបនេះបន្ថែមទៀតថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះខ្លួនក៏កាន់តែប្រុងប្រយ័ត្ន និងពិចារណាមុនការចែករំលែកព័ត៌មានបន្តនៅក្នុងបណ្ដាញសង្គម។ 

កញ្ញា ផាត វិច្ឆិកា​ ជានិស្សិតជំនាញព័ត៌មានវិទ្យា(ស្ដាំ)។ 

ស្រដៀងនឹងកញ្ញា វិច្ឆិកាដែរ យុវជន សុង វុធឌីនិស្សិតជំនាញអក្សរសាស្ត្រខ្មែរ ក៏បានយល់ដឹងលើការបែងចែករវាងព័ត៌មានពិតនិងព័ត៌មានមិនពិតនេះផងដែរ។ យុវជនវ័យ២៣ឆ្នាំរូបនេះបន្ថែមទៀតថា ការពិចារណាមុនការរចែករំលែកព័ត៌មាន​ ជាពិសេសនៅលើបណ្ដាញសង្គមនេះពិតជាសារៈសំខាន់ព្រោះព័ត៌មានទាំងនោះ ជះឥទ្ធិពលទៅលើមនុស្សនៅក្នុងសង្គម។ 
 
គួរជម្រាបផងដែរថា វគ្គបណ្ដុះបណ្ដាល ««យុវជន និងបណ្ដាញព័ត៌មានសង្គម»ត្រូវបានរៀបចំដោយសារព័ត៌មានឌីជីថលថ្មីៗក្រោមការគាំទ្រពីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ កម្មវិធីបណ្ដុះបណ្ដាលដូចគ្នានេះត្រូវបាន​រៀបចំឡើង​កាលថ្ងៃទី​១៨ ខែកុម្ភៈ នៅការិយាល័យ AmCam ក្នុងរាជធានីភ្នំពេញ ដោយមាន​និស្សិត​ចូលរួម​ចំនួន​២៥នាក់ ហើយ​ក្រុម​ការងារនឹង​រៀបចំជាបន្តបន្ទាប់នៅ​ខេត្តបាត់ដំបងនិងកំពង់ចាម៕
 
លោក សុង វុធឌី និស្សិតជំនាញអក្សរសាស្ត្រខ្មែរ (ស្ដាំ)។ 
 

Tag:
 ThmeyThmey
  យុវជន និងបណ្ដាញព័ត៌មានសង្គម
  American Corner
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com