ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឲ្យអាជ្ញាធរស្រង់ស្ថិតិអ្នកសេពគ្រឿងញៀនទូទាំងប្រទេស
23, Mar 2023 , 3:41 pm        
រូបភាព
យុវជន៣នាក់ សម្តែងត្រង់ឈុនជក់គ្រឿងញៀន ក្នុងរឿងអប់រំខ្លីស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ រូបពីវីដេអូលើយូធូបឈ្មោះ Seth Record
យុវជន៣នាក់ សម្តែងត្រង់ឈុនជក់គ្រឿងញៀន ក្នុងរឿងអប់រំខ្លីស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ រូបពីវីដេអូលើយូធូបឈ្មោះ Seth Record
នៅកម្ពុជា គេ គ្រាន់តែដឹងពីចំនួនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងក្នុងមណ្ឌលស្តារនីតិសម្បទា តែគេ ពុំដឹងពីចំនួនជាក់លាក់នៃអ្នកប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេសឡើយ ជាពិសេសអ្នកប្រើប្រាស់គ្រឿងញៀន ដែលកំពុងរស់នៅក្រៅមន្ទីរឃុំឃាំង។ 



សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកឡើងថា បច្ចុប្បន្ន អាជ្ញាធរ គ្រាន់តែស្មានប៉ុណ្ណោះថា អ្នកសេពគ្រឿងញៀននៅកម្ពុជា មានចំនួននេះឬប៉ុណ្ណោះ តែពុំបានសិក្សារកឲ្យឃើញចំនួនជាក់លាក់នោះទេ។ សម្តេច ជំរុញឲ្យស្ថាប័នបង្ក្រាបគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើស្ថិតិអំពីជនរងគ្រោះ ដែលប្រើប្រាស់គ្រឿងញឿនៅទូទាំងប្រទេស ដោយការប្រមូលស្ថិតិនេះ ត្រូវចាប់ផ្តើមពីថ្នាក់ភូមិឡើងទៅ។
 
ធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចរដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖«ឲ្យមេភូមិរាយការណ៍មក ក្នុងភូមិហ្នឹង មានប៉ុន្មាននាក់ ដែលប្រើប្រាស់គ្រឿងញៀន។ មនុស្សប៉ុន្មាននាក់ក្នុងភូមិរបស់គាត់ [មិនដែល] ក្តាប់មិនបាន។ អ៊ីចឹងប្រមូលព័ត៌មានពីភូមិ ពីឃុំ ពីស្រុក ពីខេត្តមក យើង ឃើញមានប៉ុន្មានហើយ។ វា មិនត្រូវ១០០ភាគរយទេ តែវា ប្រាកដប្រជាជាងយើងស្មាន»។ 
 
យោងតាមរបាយការណ៍ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានប្រមាណ៣,៨ម៉ឺននាក់ ដោយក្នុងនោះ គ្រាន់តែអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន មានដល់ទៅជាង៥០ភាគរយ៕ 


 សម្តេច ស ខេង ប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើជាអធិបតីរួមគ្នាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com