អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាសទៅចិនដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងការទូត
24, Mar 2023 , 9:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina បានធ្វើដំណើរទៅកាន់ចិនដែលជាទស្សនកិច្ចមួយនឹងអាចឈានដល់ការបញ្ចប់ទំនាក់ទំនងដ៏យូរអង្វែងជាមួយកោះតៃវ៉ាន់។ តៃវ៉ាន់ឯណោះ ក៏កោះហៅអគ្គរដ្ឋទូតហុងឌូរ៉ាសដើម្បីបង្ហាញការមិនពេញចិត្ត។

 
«រដ្ឋមន្ត្រីការបរទេស Eduardo Enrique Reina តាមការណែនាំរបស់ប្រធានាធិបតី Xiomara Castro បានធ្វើដំណើរទៅកាន់ចិនកាលពីថ្ងៃទី២២ ខែមីនា​ ដើម្បីលើកកម្ពស់កិច្ច​ខិតខំ​សម្រាប់​ការ​បង្កើត​ទំនាក់​ទំនងការទូត»។ នេះជាការបញ្ជាក់របស់លេខាធិការ​សារព័ត៌មាន​របស់ប្រធានាធិបតី​ Ivis Alvarado។
 
ប្រសិនជាការផ្លាស់ប្តូរនេះកើតឡើង ដង្ហើមការទូតរបស់កោះតៃវ៉ាន់នឹងកាន់តែខ្សត់ ហើយនឹងនៅ​មាន​ទំនាក់ទំនង​ការទូត​តែជា​មួយ​ប្រទេស​ចំនួន​១៣ប៉ុណ្ណោះ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីហុងឌូរ៉ាស Xiomara Castro បានបង្ហោះសារលើបណ្ដាញសង្គម Twitter ជាមួយនឹងបំណងស្វែង​រក​ការ​បើក​ចំហ​ទំនាក់ទំនងជាមួយក្រុងប៉េកាំងផងដែរ។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា ទីក្រុង​ប៉េកាំង បានស្វាគមន៍ចំពោះអាកប្បកិរិយាវិជ្ជមាន​របស់រដ្ឋាភិបាលហុង​ឌូរ៉ាសចំពោះ​ការ​កសាង​ទំនាក់​ទំនងទ្វេភាគី ហើយមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងនេះដោយផ្អែកលើសមភាព និងការ​គោរព​គ្នា​ទៅវិញទៅមក។
 
ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ឯណោះ ក៏បានកោះហៅអគ្គរដ្ឋទូតហុងឌូរ៉ាស​ដើម្បី​បង្ហាញ​ពី​ការ​មិនពេញចិត្តយ៉ាងខ្លាំងរបស់ខ្លួននៅក្នុងដំណើរទស្សនកិច្ចដែលបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍​របស់រដ្ឋាភិបាល និងប្រជាជនតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ។
 
លើសពីនេះ ហុងឌូរ៉ាសបានបដិសេធពីការចោជុំវិញការទាមទារជំនួយចំនួន២,៥ពាន់លានដុល្លារ​ពី​តៃវ៉ាន់មុនពេលការប្រកាសរបស់ខ្លួនដើម្បីស្វែងរកការបើកចំហទំនាក់ទំនងជាមួយចិន។ ជំនួសមកវិញ ហុងឌូរ៉ាសអះអាងថា ខ្លួនបានស្នើសុំម្តងហើយម្តងទៀតឱ្យតៃវ៉ាន់ទិញបំណុលសាធារណៈរបស់ខ្លួន៕
 

Tag:
 ហុងឌូរ៉ាស
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com