អន្តរជាតិ
ហ្វីលីពីននិងចិន បញ្ជាក់ជំហរដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធី
25, Mar 2023 , 2:29 pm        
រូបភាព
រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន Theresa Lazaro ចាប់ដៃសមភាគីចិន Sun Weidong ។ រូបថត AFP
រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន Theresa Lazaro ចាប់ដៃសមភាគីចិន Sun Weidong ។ រូបថត AFP
ក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងចិន និងហ្វីលីពីននៅថ្ងៃទី២៤ ខែមីនា បញ្ហាដែនសមុទ្រនៅតែជារឿងបង្កព្រួយបារម្ភធ្ងន់ធ្ងរ។ ប៉ុន្តែភាគីទាំងពីរក៏បានសន្យាថាប្រើប្រាស់មធ្យោបាយការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីផងដែរ។

 
បញ្ហាអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ដែលជាសម្បូរដោយធនធាធម្មជាតិ និងជាផ្លូវនាវាចរណ៍ដ៏សំខាន់ ជាប្រធានបទសំខាន់ក្នុងជំនួបថ្នាក់ខ្ពស់រវាងហ្វីលីពីន និងចិន។ ចិន ហ្វីលីពីន និងប្រទេសពាក់ព័ន្ធឯទៀត មិនទាន់រកឃើញច្រកចេញពីជម្លោះនេះឡើយ ខណៈដែលចិនបន្តសកម្មភាពអុងអាត់កាន់តែខ្លាំង។
 
«មេដឹកនាំនៃប្រទេសរបស់យើងទាំងពីរបានឯកភាពថាបញ្ហាដែនសមុទ្រគួរតែត្រូវបានដោះស្រាយតាមរយៈការទូត និងកិច្ចសន្ទនា ហើយមិនត្រូវឆ្លងកាត់ការបង្ខិតបង្ខំ និងការបំភិតបំភ័យឡើយ»។ រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនលោកស្រី Theresa Lazaro  និយាយបែបនេះនៅក្នុងពិធីបើកកិច្ចចរចាទ្វេភាគីស្តីពីសមុទ្រចិនខាងត្បូងជាមួយសមភាគីចិន Sun Weidong នៅទីក្រុងម៉ានីល។
 
អនុរដ្ឋមន្ត្រីការបរទេសចិនលោក Sun Weidong បាននិយាយថា បញ្ហាសមុទ្រជាផ្នែកសំខាន់នៃទំនាក់ទំនងចិន-ហ្វីលីពីន ដែលមិនគួរត្រូវបានមិនអើពើ។ លោក Sun ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនៅទីក្រុងម៉ានីល បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តាមរយៈការសន្ទនា និងពិគ្រោះយោបល់ជាលក្ខណៈមិត្តភាពប្រទេសទាំងពីរបានគ្រប់គ្រង និងដោះស្រាយយ៉ាងមានប្រសិទ្ធភាពចំពោះភាពខុសគ្នាលើបញ្ហាដែនសមុទ្រ។ ភាគីទាំងពីរក៏បានជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅផងដែរ។ 
 
ក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចចរចាលោកស្រី Lazaro បាននិយាយថា ភាពខុសគ្នាលើបញ្ហាដែនសមុទ្រជាមួយទីក្រុងប៉េកាំងគឺជាក្តីបារម្ភដ៏ធ្ងន់ធ្ងរដែរ ប៉ុន្តែអាចត្រូវបានដោះស្រាយ តាមរយៈការប្រើគ្រប់មធ្យោបាយការទូតដោយចាប់ផ្តើមពីការបញ្ឈប់សកម្មភាពឈ្លានពាន។
 
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងដែលទាមទារផ្នែកធំនៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់មួយចំនួននៅដែនទឹកហ្វីលីពីន បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃវត្តមានយោធារបស់អាមេរិកនៅហ្វីលីពីន ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការបង្កើនភាពតានតឹងក្នុងតំបន់។ កន្លងមក ហ្វីលីពីនក៏បានអនុញ្ញាតឱ្យអាមេរិកចូលប្រើមូលដ្ឋានទ័ពចំនួន៤បន្ថែមទៀតរួមទាំងមូលដ្ឋានទ័ពនៅក្បែរសមុទ្រចិនខាងត្បូងផងដែរ៕
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com