ជាតិ
កម្ពុជាបាននាំចេញដំណាំកសិកម្មជាង៨លានតោនក្នុងឆ្នាំ២០២២
25, Mar 2023 , 3:01 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុប ៨,៦លានតោន ទៅទីផ្សារអន្តរជាតិ ចំនួន៧៤ប្រទេស។ តាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនកសិផលនាំចេញនេះបានកើនឡើងជាង៧ ភាគរយ បើធៀបនឹងឆ្នាំ២០២១។

 
ក្នុងចំណោមកសិផលនាំចេញសរុបជាង៨លានតោននោះ មានអង្ករចំនួន៦៣៧ពាន់តោន កើនឡើង ៣,២៣ភាគរយ និងកសិផលក្រៅពីស្រូវអង្ករ៥,៧៨លានតោន កើនឡើង ១១,៦ភាគរយ បើធៀបឆ្នាំ២០២១។
 
ក្រៅពីនេះ ក៏មានការនាំចេញកៅស៊ូសរុប៣៧២ពាន់តោន កើនឡើង១,៨១ភាគរយ បើធៀបនឹងឆ្នាំ២០២១ដូចគ្នា។ នេះបើតាមលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម នាពិធីបិទសន្និបាតបូកសរុបការងារកសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែមីនា។
 
កន្លងមក រយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលសរុបកសិកម្មសរុបចំនួន៧,៩៨លានតោន ទៅកាន់ប្រទេសចំនួន៦៨ ដែលការនាំចេញនេះ អាចរកចំណូលបានប្រមាណ៥ពាន់លានដុល្លារឯណោះ៕

Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com