អន្តរជាតិ
អាមេរិកចំណាយ២,៤លានដុល្លារដើម្បីធ្វើឱ្យមានភ្លៀងសិប្បនិមិ្មត ឱ្យមានទឹកក្នុងទន្លេ Colorado
25, Mar 2023 , 5:29 pm        
រូបភាព
ទន្លេ Colorado ហូរកាត់រដ្ឋកាលីហ្វ័រញ៉ា
ទន្លេ Colorado ហូរកាត់រដ្ឋកាលីហ្វ័រញ៉ា
ដោយ: VOA
វិធីកែប្រែអាកាសធាតុប្រើយន្តហោះនិងកាំភ្លើងធំដើម្បីបាញ់សារធាតុ Iodide ចូលក្នុងពពក ដើម្បីឱ្យមានសំណើមនៅក្នុងចំណែកល្អិតៗដែលធ្លាក់ជាទឹកកកផុសៗនិងទឹកភ្លៀង។

 
ការផ្តល់ប្រាក់ជំនួយនេះមានឡើងនៅពេលអាងរក្សាទឹកសំខាន់ៗនៅតាមដងទន្លេ Colorado មានទឹកតិចដល់កម្រិតទាបមិនធ្លាប់មានពីពេលមុនៗ ហើយក្រុងនិងឧស្សាហកម្មនៅប៉ែកខាងលិចសហរដ្ឋអាមេរិកគ្មានជោគជ័យក្នុងការសម្របសម្រួលការប្រើទឹករបស់ពួកគេនៅពេលមានការផ្គត់ផ្គង់ទឹកតិច។
 
លោក Andrew Rickert ដែលសម្របសម្រួលការបង្កើតភ្លៀងសិប្បនិម្មិតនៅរដ្ឋ Coloradoសម្រាប់ក្រុមប្រឹក្សាថែរក្សាទឹកនៅរដ្ឋ Colorado បាននិយាយថា៖ «ទឹកប្រាក់នេះដែលបានមកពីការិយាល័យសហរដ្ឋអាមេរិកខាងការចាត់ចែង អភិវឌ្ឍនិងការពារទឹក ជាការល្អអស្ចារ្យ យើងត្រូវតែសម្រេចធ្វើបែបណាដើម្បីឱ្យយើងបានទទួលផលប្រយោជន៍‍»។
 
បើតាមឯកសាររបស់អាជ្ញាធរទឹកនៅផ្នែកខាងត្បូងរដ្ឋ Nevada សម្រាប់ការប្រជុំនៃក្រុមប្រឹក្សាថាការផ្តល់ប្រាក់សហព័ន្ធនឹងត្រូវចំណាយសម្រាប់ការបង្កើនសមត្ថភាពម៉ាស៊ីនភ្លើងប្រើដៃឱ្យទៅជាម៉ាស៊ីនភ្លើងអាចមានដំណើរការដោយមានការបញ្ជាពីចម្ងាយនិងសម្រាប់ការប្រើយន្តហោះដើម្បីបង្កើតភ្លៀងសិប្បនិម្មិតនៅក្នុងផ្នែកសំខាន់ៗនៃអាងទឹកនៅតាមដងទន្លេ Colorado ភាគខាងលើ។ 
 
លោក Rickert បានថ្លែងថាការធ្វើឱ្យមានម៉ាស៊ីនភ្លើងគ្រប់គ្រាន់ជាឧបសគ្គមួយ។ លោកបានថ្លែងថា«គ្មានម៉ាស៊ីនភ្លើងច្រើនសម្រាប់បង្កើតភ្លៀងសិប្បនិម្មិតទេ។ យើងមិនប្រាកដជារកបានម៉ាស៊ីនទាំងនេះទេ តែគួរមានការផលិតម៉ាស៊ីនទាំងនេះឱ្យបានច្រើនតាមសេចក្តីត្រូវការរបស់យើង‍»។
 
ការិយាល័យសហរដ្ឋអាមេរិកខាងការចាត់ចែង អភិវឌ្ឍនិងការពារទឹកមិនបានធ្វើអត្ថាធិប្បាយអំពីសេចក្តីសម្រេចផ្តល់ប្រាក់ជំនួយនេះទេ។
 
អាជ្ញាធរទឹកផ្នែកខាងត្បូងរដ្ឋ Nevada បាននិយាយថាប្រាក់ជំនួយនេះ ទោះជាត្រូវគ្រប់គ្រងដោយរដ្ឋ Nevada ក៏ដោយ ក៏មិនមែនជាអត្ថប្រយោជន៍ផ្តាច់មុខរបស់រដ្ឋនេះទេ។ លោក Corey Enus មន្ត្រីខាងទំនាក់ទំនងសាធារណៈបានសរសេរតាមអ៊ីមែលថា៖ «ប្រាក់ជំនួយនេះនឹងត្រូវប្រើសម្រាប់បង្កើតភ្លៀងសិប្បនិម្មិតក្នុងអាងទឹកផ្នែកខាងលើដើម្បីជាអត្ថប្រយោជន៍របស់អ្នកប្រើទឹកទន្លេនេះទាំងអស់គ្នា‍»។
 
នៅក្នុងអាងទឹកទន្លេ Colorado ផ្នែកខាងលើ រដ្ឋUtah និងរដ្ឋ Colorado បានបង្កើតភ្លៀងសិប្បនិម្មិតជាច្រើនទសវត្សរ៍មកហើយ។ រដ្ឋ Wyoming បានធ្វើដូច្នេះមួយទសវត្សរ៍មកហើយ ហើយកាលពីពេលថ្មីៗនេះរដ្ឋ New Mexico បានចាប់ផ្តើមអនុញ្ញាតឱ្យមានការបង្កើតភ្លៀងសិប្បនិម្មិតនៅរដូវមានអាកាសធាតុក្ដៅល្មមក្នុងប៉ែកខាងកើតរបស់រដ្ឋនេះ។
 
រដ្ឋ Colorado រដ្ឋ Utah និងរដ្ឋ Wyoming បានចំណាយប្រាក់ចន្លោះពី ១លានទៅ ១លាន៥សែនដុល្លារក្នុងមួយឆ្នាំសម្រាប់បង្កើតភ្លៀងសិប្បនិម្មិត។ កាលពីពេលថ្មីៗនេះ ស្ថាប័ននីតិបញ្ញត្តិនៃរដ្ឋ Utahបានបង្កើនវិនិយោគក្នុងកម្មវិធីបង្កើតភ្លៀងសិប្បនិម្មិតនៅក្នុងថវិការដ្ឋនៅឆ្នាំក្រោយ ដែលមានទឹកប្រាក់១៤លានដុល្លារ។
 
ការសិក្សាស្រាវជ្រាវមួយចំនួនបញ្ជាក់ថាការបង្កើតភ្លៀងសិប្បនិម្មិតអាចបង្កើនទឹកភ្លៀងពី ៥%ទៅ១៥%៕
 
ប្រែសម្រួលដោយលោក ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com