អន្តរជាតិ
អ៊ុយក្រែនមានគម្រោងនឹងបើកការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ីវិញ
26, Mar 2023 , 8:29 am        
រូបភាព
ទាហានអ៊ុយក្រែនបើករថក្រោះសំដៅទៅក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ទាហានអ៊ុយក្រែនបើករថក្រោះសំដៅទៅក្រុង Bakhmut នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
ដោយ: VOA
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា យោធាអ៊ុយក្រែន មានគម្រោងនឹងធ្វើការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ី ប៉ុន្តែត្រូវការការជួយពីបណ្តាប្រទេសក្បែរខាងអឺរ៉ុបរបស់ខ្លួន។

 
លោកបានព្រមានដល់ក្រុមមេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «ប្រសិនបើអឺរ៉ុបរង់ចាំនោះ ក្រុមសត្រូវបីសាចនឹងមានពេលក្នុងការរៀបចំកម្លាំងឡើងវិញនិងត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលរាប់ឆ្នាំទៀត»។
 
នៅក្នុងសុន្ទរកថាតាមវីដេអូដែលត្រូវធ្វើឡើងតាមរថភ្លើងនោះ លោក Zelenskyy បានស្នើដល់មេដឹកនាំសហភាពអឺរ៉ុបឱ្យពង្រីកនិងបង្កើនល្បឿនក្នុងការផ្តល់អាវុធនិងគ្រាប់រំសេវដល់ប្រទេសអ៊ុយក្រែនដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធរបស់ខ្លួនដើម្បីបណ្តេញក្រុមកងកម្លាំងឈ្លានពានរុស្ស៊ីចេញពីប្រទេសអ៊ុយក្រែន។
 
មេដឹកនាំសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ២ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយកិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយក្រុមរដ្ឋមន្ត្រីការបរទេសនិងការពារជាតិសហភាពអឺរ៉ុបកាលពីដើមសប្ដាហ៍នេះ។ កិច្ចព្រមព្រៀងនេះ បានស្នើឱ្យមានការបញ្ជូនគ្រាប់រំសេវដែលមានស្រាប់ក្នុងឃ្លាំង និងស្នើដល់ប្រទេសសហភាពអឺរ៉ុបទាំងអស់ត្រូវធ្វើការរួមគ្នា ក្នុងការបញ្ជាទិញគ្រាប់រំសេវជាថ្មីបន្ថែមទៀត។
 
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងគោកអ៊ុយក្រែននិយាយថាការប៉ុនប៉ងដើម្បីដណ្ដើមកាន់កាប់ទីក្រុង Bakhmut របស់កងកម្លាំងរុស្ស៊ី កំពុងត្រូវបានរាំងខ្ទប់ ហើយការរង់ចាំជាយូរមកហើយ ក្នុងការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
 
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters
 

© រក្សាសិទ្ធិដោយ thmeythmey.com