កីឡាជាតិ
ជាតិ
ការប្រកួតទូកកានូ និងរ៉ូអ៊ីង គិតលើថិរវេលាដោយម៉ាស៊ីនស្វ័យប្រវត្តិ
27, Mar 2023 , 7:59 am        
រូបភាព
លោក គង សុភាព មន្ដ្រីបច្ចេកទេសកីឡាទូកប្រពៃណី
លោក គង សុភាព មន្ដ្រីបច្ចេកទេសកីឡាទូកប្រពៃណី
លោក គង់ សុភាព មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រាប់ពីបច្ចេកទេសដាក់ពិន្ទុលើប្រភេទកីឡាប្រណាំងទូកថា គិតទៅលើថិរវេលា ដែលបានសម្រេចទីក្នុងរយៈពេលតិច ឬច្រើនជាងគ្នា។ ចំពោះការប្រកួតស៊ីហ្គេម និងអន្ដរជាតិធំៗ មន្ដ្រីបច្ចេកទេស និងអ្នកដាក់ពិន្ទុ នឹងប្រើម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីគិតទៅលើថេរវេលា របស់គូប្រកួតនីមួយៗ។



លោក គង់ សុភាព បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា ការប្រកួតប្រណាំងទូក គឺគិតពីថេរវេលានៃការដល់គោលដៅមុន ឬក៏ក្រោយគ្នា របស់គូប្រកួតនីមួយៗ។ សម្រាប់ព្រឹត្តិការណ៍ធំៗ បែបអន្ដរជាតិ ជាពិសេសស៊ីហ្គេម នៅកម្ពុជា លទ្ធផលចាញ់-ឈ្នះ គឺត្រូវប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីគិតពីថិរវេលា នៃគូប្រកួត។

មន្ដ្រីបច្ចេកទេសរូបនេះ ក៏បានប្រាប់ផងដែរថា ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើប្រភេទវិញ្ញាសានេះ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គ្រោងនឹងជួលអ្នកបច្ចេកទេសជំនាញខ្លះ មកពីបរទេស ដើម្បីសម្រួលដល់ការរៀបចំការប្រកួត ព្រោះសហព័ន្ធ ពុំទាន់មានធនធានមន្ដ្រីបច្ចេកទេសច្រើននៅឡើយទេ។

ចំណែកម៉ាស៊ីនគិតថេរវេលាស្វ័យប្រវត្តិ សហព័ន្ធ ក៏មិនទាន់មាននៅឡើយដែរ ប៉ុន្ដែ បញ្ហានេះ គឺស្ថិតក្នុងការត្រៀម មុនពេលព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា។ ទាំងនេះ គឺជាអ្វីដែល លោក គង់ សុភាព លើកថាជាឧបសគ្គក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម។ ដោយឡែកសម្រាប់ ការពង្រឹងសមត្ថភាពអត្ដពលិក មិនមែនជាបញ្ហាធំទេ ព្រោះសហព័ន្ធ បានត្រៀមកីឡាករ កីឡាការិនី ទៅតាមវិញ្ញាសានីមួយៗ រួចរាល់ហើយ។ មន្ដ្រីបច្ចេកទេសរូបនេះ បានបញ្ជាក់ថា គ្រូបង្វឹកអន្ដរជាតិ បានបង្រៀនអត្ដពលិក ពីយុទ្ធសាស្ដ្រសម្រាប់ប្រកួត។ លោក គង់ សុភាព មិនបានលម្អិតទេ អំពីយុទ្ធសាស្ដ្រនេះ ដោយសុំមិនបញ្ចេញ។


អត្ដពលិកជម្រើសជាតិកម្ពុជា ហ្វឹកហាត់កីឡាទូក

«ចំពោះអត្ដពលិក យើងបានត្រៀមរួចអស់ហើយ ទៅតាមវិញ្ញាសាមួយៗ។ យើង ត្រៀមទាំងបច្ចេកទេស។ គ្រូបង្វឹកអន្ដរជាតិ បានបង្រៀនកីឡាករ ពីយុទ្ធសាស្ដ្រប្រកួត។ អ្វី ជាឧបសគ្គ គឺយើងត្រូវការហ្វឹកហាត់ឲ្យកើនជាងនេះ ទៅទៀត ពីមួយថ្ងៃទៅមួយថ្ងៃ។ ពាក់ព័ន្ធមន្ដ្រីបច្ចេកទេស យើងបានរៀបចំហើយៗ។

យើងនៅតែខ្វះសម្ភារៈរៀបចំ ដូចជារៀបចំទីលាន និងការរៀបចំនៅលើគោក។ សម្ភារៈ មួយចំនួនសហព័ន្ធ បានទិញជាបណ្ដើៗ។»។ លោក គង់ សុភាព បាននិយាយប្រាប់ដូច្នេះ។ ជាមួយនិងការហ្វឹកហាត់សម្រាប់ស៊ីហ្គេម មន្ត្រីបច្ចេកទេសរូបនេះ បន្ដទៀតថា អត្ដពលិក កម្ពុជា មានសន្ទុះល្អ ជាងមុន ហើយសមត្ថភាព និងបច្ចេកទេស មានការអភិវឌ្ឍខ្លាំង។ លោក សុភាព និយាយបែបនេះ ដោយសម្អាងថាការប្រកួតកន្លងមកជាមួយកីឡាករ ក្នុងតំបន់ អត្ដពលិកកម្ពុជា បានសម្រេចទីក្នុងថេរៈវេលាប្រហាក់ប្រហែលគ្នាជាមួយកីឡករបរទេសទាំងនោះ។ ជាឧទាហរណ៍ ការប្រកួតជើងឯកអាស៊ាននៅប្រទេសថៃកន្លងមក កម្ពុជា ជាប់ចំណាត់ថ្នាក់លេង៤ ក្នុងចំណោម១១ ប្រទេស ដែលបានចូលរួម។

ដោយឡែក ចំណុចខ្វះខាត ដែលកម្ពុជាមាននោះ គឺកីឡាករភាគច្រើន នៅថ្មី និងខ្វះបទពិសោធន៍ប្រកួតច្រើន ប៉ុន្ដែអត្ដពលិកទាំងនោះ ធ្វើបានល្អក្នុងការប្រកួតជើងឯកអាស៊ីកន្លងមកនេះ៕
 

Tag:
 កីឡាប្រណាំងទូក
  ទូកប្រពៃណី
  គង់ សុភាព
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com