ជាតិ
ទារកដែលមានជំងឺធ្ងន់ធ្ងរ មានច្រើនជាងចំនួនគ្រែ បណ្តាលឲ្យចង្អៀតខ្លាំងនៅគន្ធបុប្ផាទី៧
28, Mar 2023 , 2:06 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក៖ Dr
រូបពីទំព័រហ្វេសប៊ុក៖ Dr
ទំព័រហ្វេសប៊ុក Dr. Beat Richner ជូនដំណឹងជាសាធារណៈថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះថា ទារកដែលមានជំងឺធ្ងន់ធ្ងរបំផុត និងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ នៅផ្នែកសង្គ្រោះទារកនៃមន្ទីរពេទ្យជយវរ្ម័នទី៧ ខេត្តសៀមរាប មានចំនួនច្រើនលើសពីចំនួនគ្រែ រហូតបណ្តាលឲ្យមានភាពណែនណាន់តាន់តាប់។

 
ទំព័រហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងទៀតថា ក្នុងចំណោមទារកដែលមានជំងឺធ្ងន់ធ្ងរបំផុត មានទារក៧០ភាគរយ ដែលត្រូវបានបញ្ជូនមកពីគ្លីនិកឯកជន រួមទាំងមន្ទីរពេទ្យរដ្ឋ ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ តាមរយៈទំព័រហ្វេសប៊ុក Dr. Beat Richner មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញការលះបង់របស់បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ក្នុងការខិតខំបំពេញការងារទាំងយប់ថ្ងៃ ដោយមិនខ្លាចនឿយហត់ និងប្រកបដោយវិជ្ជាជីវៈ។ មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណដល់ពួកគេ។ 
 
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា ថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតទារក និងអរគុណដល់សប្បុរសជនគ្រប់រូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។ រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ៕ 
 
 

Tag:
 គន្ធបុប្ផា
  ទារក
© រក្សាសិទ្ធិដោយ thmeythmey.com