កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូឡូញ, អង់គ្លេស, រដ្ឋបាល់ទិក ជំរុញ IOC ហាមអត្តពលិករុស្ស៊ី និងបេឡារុសនៅអូឡាំពិកប៉ារីស
28, Mar 2023 , 5:09 pm        
រូបភាព
អត្តពលិករុស្ស៊ី និងបេឡារុស អាចដកការហាមឃាត់ពីការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លុះត្រាតែទីក្រុងម៉ូស្គូដកទ័ពចេញពីអ៊ុយក្រែន។ នេះបើតាមការលើកឡើងពីសំណាក់ប្រទេសប៉ូឡូញ, អង់គ្លេស និងបណ្តារដ្ឋបាល់ទិក បើទោះបីជាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបើកផ្លូវឱ្យពួកគេប្រកួតប្រជែងក្រោមរូបភាពអព្យាក្រិត្យក្តី។



IOC ធ្លាប់បានដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡេរុស បន្ទាប់ពីទីក្រុងម៉ូស្គូបានចូលលុកលុយប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែនៅពេលនេះ IOC បែរជាស្ទាក់ស្ទើរការដកចេញអត្តពលិកមកពីប្រទេសទាំងពីរនេះពីការប្រកួតអូឡាំពិកទីក្រុងប៉ារីស ទន្ទឹមនឹងការភ័យខ្លាចពីការធ្វើពហិការពីប្រទេសដទៃ។
 
កាលពីខែកុម្ភៈ គណៈកម្មាធិការអូឡាំពិកអាស៊ី ក្នុងកិច្ចប្រជុំមួយជាមួយ IOC ថាពួកគេនឹងបើកភ្លើងខៀវទៅកាន់អត្តពលិករុស្ស៊ី និងបេឡារុសវិលចូលរួមប្រកួតក្នុងតំបន់អាស៊ីដើម្បីស្វែងរកកៅអីប្រកួតនៅ Paris 2024 ក្រោមរូបភាពអត្តពលិកអព្យាក្រិត្យ។ តែយ៉ាងណាការសម្រេចចិត្តនេះ​ បន្តទទួលបានការប្រឆាំងជាច្រើនពីសំណាក់ប្រទេសតំបន់អឺរ៉ុប ជាពិសេសអ៊ុយក្រែន។ អ៊ុយក្រែនបានគំរាមកំដកខ្លួនចេញពីការប្រកួត ហើយបន្ទាប់មកក៏មានប្រទេសផ្សេងៗដែលគាំទ្រអ៊ុយក្រែន នឹងដកខ្លួនដូចគ្នា។
 
មកដល់ពេលនេះក៏មានការអំពាវនាវថ្មីបន្ថែមទៀតពីសំណាក់ ប៉ូឡូញដែលជាប្រទេសនៅជាប់អ៊ុយក្រែន អង់គ្លេស និងប្រទេសរដ្ឋបាល់តិចដែលជាប្រទេសជាប់ទឹកដីរុស្ស៊ីតែម្តង ដែលនេះទំនងជាការដាស់តឿនទៅកាន់ IOC នឹងបញ្ចប់កម្តៅក្នុងដំណើរទៅប្រកួត Paris 2024។
 
«យើងពិតជាជឿជាក់ខ្លាំងដែលថាពេលនេះ គឺមិនមែនជាពេលវេលាស័ក្តិសមនោះទេដែលត្រូវបើកផ្លូវសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស ដើម្បីវិលទៅការប្រកួតនៅកីឡាអូឡាំពិកតាមរូបភាពផ្សេងៗ។»។ នេះបើតាមក្រសួងការបរទេសប៉ូឡូញ និយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចូលរួមពីសំណាក់អង់គ្លេស, ឡាតវី, លីទុយអានី និងអេស្តូនី។
 
ទោះប្រកួតក្រោមរូបភាពអត្តពលិកអព្យាក្រិត្យដោយមិនប្រើប្រាស់ទង់ជាតិរុស្ស៊ី និងភ្លេងជាតិ ដោយតម្រូវឱ្យអត្តពលិកមកពីប្រទេសទាំងពីរប្រើប្រាស់រូបភាពទង់អូឡាំពិក ឬទង់អត្តពលិក ក៏ប្រទេសជាច្រើនស្នើឱ្យហាមឃាត់ដដែល៕
 

Tag:
 IOC
  Paris 24
© រក្សាសិទ្ធិដោយ thmeythmey.com