កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អគ្គលេខាធិការ CAMSOC៖ រៀបចំស៊ីហ្គេម ផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជា
28, Mar 2023 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត រូបពី Cambodia 2023
លោក វ៉ាត់ ចំរើន ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត រូបពី Cambodia 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បាននិយាយថា ការទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ កម្ពុជា បានត្រៀមថវិការជាតិ ជាង១០០លានដុល្លាអាមេរិក ដើម្បីចំណាយ និងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។ អគ្គលេខាធិការរូបនេះ ជឿថាអ្វី ប្ដូរបានមកវិញ ជាកិត្តិយសជាតិ សុខភាព និងផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន។



យោងទៅលើការផ្សាយរបស់ Cambodia 2023 នាថ្ងៃទី២៧ ខែមីនា លោក វ៉ាត់ ចំរើន បានថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នេះថា ប្រជាជនកម្ពុជា ១៦លាននាក់ មានមោទកភាព ក្នុងការធ្វើជាម្ចាស់ផ្ទះ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏នឹងអាចជំរុញឲ្យប្រជាជនទាំងអស់ ផ្លាស់ប្ដូរឥរិយាបទផងដែរ។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ អគ្គលេខាធិការរូបនេះ ក៏បានប្រាប់ផងដែរថា កម្ពុជា ត្រៀមថវិការជាតិជាង ១០០លានដុល្លាអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដំបូង ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។
  

អ្នកស្ម័គ្រចិត្ត ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល រូបពី Cambodia 2023

«ប្រជាជនជាម្ចាស់ផ្ទះ ធ្លាប់តែមិនធ្លាប់ធ្វើកិច្ចការជាមួយគ្នា មិនសូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ប៉ុន្តែពេលយើងកំពុងត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ គឺយើងទាំងអស់គ្នា សប្បាយរីករាយ និងមានស្មារតីរួមគ្នាមួយ។ ជាក់ស្តែង ដូចជាអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ជាដើម មានស្មារតីរួបរួមគ្នា ក្នុងការជួយជ្រោមជ្រែងបម្រើដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ។ 
 
អគ្គលេខាធិការរូបនេះ បន្ដទៀតថា ប្រជាជនកម្ពុជា គួរតែមានស្មារតីជាតិនិយម តាមរយៈការគាំទ្រ នៅទីកន្លែងប្រកួតផ្ទាល់ ឬក៏តាមគេហដ្ឋាន។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ៖«យើងសម្រួចស្មារតីជាតិនិយមរបស់យើង ចេះស្រឡាញ់ជាតិរបស់យើងទាំងអស់គ្នា តាមរយៈស្មារតីគាំទ្រ ហ៊ោកញ្ជ្រៀវអបអរសាទរដល់ការប្រកួតរបស់យើងជាដើម។ ទឹកចិត្ត ស្មារតីនៃការចូលរួមរបស់យើង មិនមែនទាល់តែត្រូវចូលរួមនោះទេ ពោលគឺគ្រាន់តែយើងផ្តល់ការគាំទ្រ នោះគឺជាស្មារតីជាតិនិយមហើយ។»។
 
លោក វ៉ាត់ ចំរើន ស្នើឲ្យអ្នកស្ម័គ្រចិត្ត បម្រើការងារដោយឥរិយាបថល្អ និងផ្តល់ស្នាមញញឹម ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ កម្ពុជា បានរង់ចាំការធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំ។ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកឯ អាស៊ានប៉ារ៉ាហ្គេម នឹងត្រូវចាប់ផ្ដើម នៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com