ជាតិ
សង្គមជាតិ
ក្រសួងប្រគល់បទស្ពានកំពង់ហ្លួង និង៣បទទៀត ទៅឲ្យភរិយាកវី គង្គ ប៊ុនឈឿន គ្រប់គ្រង
29, Mar 2023 , 4:59 pm        
រូបភាព
រូបពីយូធូប៖ Natester
រូបពីយូធូប៖ Natester
បទចម្រៀង៤បទបន្ថែមទៀត រួមមាន បទស្ពានកំពង់ហ្លួង បទម្លប់ស្នេហ៍ដើមស្រឡៅ បទសែនឈឺចិត្ត និង បទប្រពន្ធខាំញេច នឹងត្រូវក្រសួងវប្បធម៌ ប្រគល់សិទ្ធិទៅឲ្យអ្នកស្រី គាត គឹមលន ភរិយារបស់លោក គង់ ប៊ុនឈឿន គ្រប់គ្រង។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ ដែលចេញជំនួសអ្នកស្រី ភឿង សកុណា ជារដ្ឋមន្រ្តី។


ក្នុងសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ លើកឡើងថា អ្នកស្រី គាត់ គឹមលន បានស្នើទៅក្រសួងវប្បធម៌ ដើម្បីសុំគ្រប់គ្រងបទចម្រៀងទាំង៤បទនេះ។ លោករដ្ឋលេខាធិការរូបនេះ បញ្ជាក់ថា ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងវប្បធម៌ពិនិត្យឃើញថា ចម្រៀងទាំង៤បទខាងលើនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន។ 
 
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ប្រាប់ថា ភាគីពាក់ព័ន្ធ អាចដាក់បណ្តឹងទៅកាន់ក្រសួងវប្បធម៌ ដើម្បីសុំជំទាស់នឹងការប្រគល់សិទ្ធិជូនអ្នកស្រី គាត គឹមលន ក្នុងការគ្រប់គ្រងបទចម្រៀងទាំង៤បទនេះ។ 
 
បទស្ពានកំពង់ហ្លួង ច្រៀងដោយអ្នកស្រី សូ សាវឿន បទម្លប់ស្នេហ៍ដើមស្រឡៅ ច្រៀងរួមគ្នាដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា បទសែនឈឺចិត្ត ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ហើយបទប្រពន្ធខាំញេច ច្រៀងរួមគ្នាដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន។
 
បទស្ពានកំពង់ហ្លួង

 
 
សូមរម្លឹកថា កន្លងមក ក្រសួងវប្បធម៌ ធ្លាប់បានប្រគល់សិទ្ធិជូនទៅអ្នកស្រី គាត គឺមលន លើការគ្រប់គ្រងបទចម្រៀងមួយចំនួនរួចមកហើយ ដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន ជាស្វាមី៕ 
 

Tag:
 ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com