ជាតិ
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ សន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ
30, Mar 2023 , 4:29 pm        
រូបភាព
ភ្នំពេញ៖ សំឡេង១០៥លើ១០៥ នៃអង្គប្រជុំរដ្ឋសភា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ នៃការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជានិងឡាវ ខណៈប្រទេសទាំងពីព្រមព្រៀងគ្នាលើលទ្ធផលនៃការពិនិត្យខ្សែព្រំដែនរួមបាន៨៦ភាគរយ។

 
កិច្ចប្រជុំពេញអង្គដែលដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាថ្ងៃទី៣០មីនា មានសមាជិករដ្ឋសភា១០៥រូបចូលរួម។ ពួកគេ យល់ព្រមអនុម័តគាំទ្រ សេចក្ដីព្រាងច្បាប់ ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជានិងឡាវ ដែលមាន៣មាត្រា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា។ 
 
ក្នុងកិច្ចប្រជុំសម្រេចខាងលើនេះ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ជាអ្នកឡើ់ងរាយការណ៍ ពីលទ្ធផលនៃការពិនិត្យនិងសិក្សាពីសេចក្ដីព្រាងច្បាប់។ ចំណែក លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលតំណាងរាជរដ្ឋាភិបាល ជាអ្នកឡើងការពារសេចក្ដីព្រាងច្បាប់។ 
 
សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជានិងឡាវ រៀបចំឡើងក្នុងសុឆន្ទៈកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង។ សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងដោយផ្អែកតាមមូលដ្ឋាននៃការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី គោលផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ។ 
 
បច្ចុប្បន្ន កម្ពុជា-ឡាវ បោះបង្គោលព្រំដែនជាមួយបាន៨៦ភាគរយហើយ ដែលមានប្រវែង៤៦៥គីឡូម៉ែត្រ។ ទាំងនេះជាការអះអាងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ព្រំដែននៅសល់១៤ភាគរយទៀត (មានប្រវែង៧៥គីឡូម៉េត្រ) ភាគីទាំង២ នឹងបន្តដោះស្រាយនិងបោះបង្គោលឲ្យបានឆាប់។ 
 
មុននឹងឈានដល់ ការព្រមព្រៀងគ្នាបាន៨៦ភាគរយនេះ គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បានជួបប្រជុំចរចាគ្នាចំនួន១៨៨លើក ដែលចាប់តាំងពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៩ គឺមានបោះបង្គោលព្រំដែនបានចំនួន១២១បង្គោលនៅលើដីជាក់ស្តែង នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី៕ 
 
telate 
 

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com