ជាតិ
អាម៉េរិក “American First” ឯកម្ពុជា “Peace First”
30, Mar 2023 , 9:59 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមអមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២១។ រូបពីហ្វេសប៊ុករបស់លោក កែវ រ៉េមី
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមអមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២១។ រូបពីហ្វេសប៊ុករបស់លោក កែវ រ៉េមី
ដោយ៖ ទេពញាណ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោក កែវ រ៉េមី ជាប្រធាន បានចេញសេចក្តីសង្ខេបមួយ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងសេចក្តីសង្ខេបជាង១០ទំព័រ ដែលចេញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនចោលពាក្យសន្តិភាពឡើយ។



គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសន្តិភាពជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ គណៈកម្មាសិទ្ធិមនុស្សកម្ពុជា បន្តថា ពាក្យស្លោក «អរគុណសន្តិភាព» បានលាន់រន្ទឺពេញផ្ទៃប្រទេស។ 
 
ស្ថាប័នសិទ្ធិមនុស្សមួយនេះ រំលេចឡើងថា៖«ប្រទេសនីមួយៗ តែងមានអាទិភាពខុសៗគ្នា ដូចជា សហរដ្ឋអាម៉េរិក គឺ American First ដោយឡែក សម្រាប់កម្ពុជា គឺ Peace First»។ 
American First មានន័យថា អាម៉េរិកទី១ ឬគិតពីអាម៉េរិកមុនគេ។ Peace First មានន័យថា គិតពីសន្តិភាពមុនអ្វីៗទាំងអស់។
 
តាមរយៈសេចក្តីសង្ខេបរបស់ខ្លួន គណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីភាពទូលំទូលាយនៃសិទ្ធិសេរីភាពនៅកម្ពុជា ដោយគណបក្សនយោបាយមានជាង៤០ អង្គការសង្គមស៊ីវិលមានជាង៦ពាន់ ហើយប្រព័ន្ធផ្សព្វផ្សាយមានជាង២ពាន់ស្ថាប័ន។ 
 
បន្ថែមពីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្កត់ធ្ងន់ថា កម្ពុជា ប្តេជ្ញាលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដោយអនុលោមតាមច្បាប់របស់ខ្លួន ហើយប្រជាធិបតេយ្យ កំពុងដំណើរការជាធម្មតា។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងទៀតថា កម្ពុជា ចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងយន្តការសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕
 

Tag:
 សិទ្ធិមនុស្ស
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com