ជាតិ
ស៊ីហ្គេម២០២៣
ប្រមុខរដ្ឋាភិបាលអនុញ្ញាតឱ្យ​បរទេសអាចទៅមើល​ និងផ្សាយពីស៊ីហ្គេម ដោយឥតគិតថ្លៃ
31, Mar 2023 , 9:13 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនា។ 
 
ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលអះអាងដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ផងដែរសថា សហព័ន្ធកីឡាដែលចូលរួមក៏មិនតម្រូវឱ្យបង់លុយនោះដែរ។ ចំពោះការផ្សាយរបស់ទូរទស្សន៍បរទេសវិញ សម្តេចស្នើឱ្យទម្លាក់ថ្លៃឬក៏ឱ្យដោយឥតគិតថ្លៃ (Free) តែម្តង។

ក្រោយការបង្ហោះសារទីមួយ លោក ខៀវ កាញារីទ្ធ បាន​សរសេរសារមួយទៀត ដោយ​បញ្ជាក់ពី​ការបញ្ជា​របស់ប្រមុខ​រដ្ឋាភិបាល ហាម​យកលុយពីការផ្សាយរបស់ទូរទស្សន៍​បរទេស។
 
«សំខាន់គឺផ្សាយពីប្រទេសកម្ពុជាយើង»។ សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ មួយថ្ងៃ បន្ទាប់ពីសម្តេចបានចេញសារជាសំឡេង ដោយហាមឃាត់ការលក់សំបុត្រចូលទស្សនាពិធីបើក ពិធីបិទ និងរាល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងរៀបចំលើកដំបូងនៅកម្ពុជា៕

 

© រក្សាសិទ្ធិដោយ thmeythmey.com