កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បាល់ទះ៖ កម្ពុជា ឈ្នះសិង្ហបុរី ៣-១សិត ទៅជួបម៉ាឡេស៊ីឈុត(B) ដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ Tri-Nation
31, Mar 2023 , 9:37 am        
រូបភាព
តួប្រយុទ្ធវាយបាល់វែងរបស់ក្រុមកម្ពុជា ពិន សារុន(ស) ក្នុងជំនួបទល់នឹងក្រុមសិង្ហបុរី(ខ្មៅ)។ រូបពី VFC
តួប្រយុទ្ធវាយបាល់វែងរបស់ក្រុមកម្ពុជា ពិន សារុន(ស) ក្នុងជំនួបទល់នឹងក្រុមសិង្ហបុរី(ខ្មៅ)។ រូបពី VFC
ដោយ:
ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា បានយកឈ្នះសិង្ហបុរីដោយលទ្ធផល ៣-១សិត ក្រោយតស៊ូយ៉ាងស្វិតស្វាញ ក្នុងការប្រកួតពានរង្វាន់បាល់ទះក្នុងសាល Tri-Nation នៅទីលាន MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

 
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី បានបញ្ចប់ទៅដោយភាពតានតឹងជាខ្លាំង ពោលនៅក្នុងសិតទី១ ក្រុមកម្ពុជា បាននាំមុខសិង្ហបុរី ក្នុងលទ្ធផលប្រកៀកប្រកិតគ្នា ២៥-២០ ហើយបន្តឈ្នះនៅសិតទី២ ដោយលទ្ធផលពិន្ទុដាច់ឆ្ងាយ ២៥-១៩។
 


តែយ៉ាងណាក្រុមខ្លាំងសិង្ហបុរី បានវាយបកយកឈ្នះក្រុមកម្ពុជាមកវិញនៅសិតទី៣ ដោយលទ្ធផលប្រដេញគ្នា ២៥-២២។ អ្វីដែលតានតឹងសម្រាប់ក្រុមទាំងពីរគឺការប្រយុទ្ធនៅសិតទី៤ ដែលជាការកាត់សេចក្តីចុងក្រោយ។ ជាលទ្ធផលក្រុមកម្ពុជា នៅតែធ្វើបានល្អដោយបានយកឈ្នះលើសិង្ហបុរី ដោយលទ្ធផលដាច់ឆ្ងាយ ២៥-១២។
 
ចំណែកក្រុមបាល់ទះម៉ាឡេស៊ី(A) បានយកឈ្នះម៉ាឡេស៊ី(B)ដោយមិនមានការតដៃបានឡើយ ពោលគឺបានបញ្ចប់ក្នុងលទ្ធផល ៣-០សិត។ នៅសិតទី១ ម៉ាឡេស៊ី(A) នាំមុខដាច់ឆ្ងាយ ដោយលទ្ធផល ២៥-១៥ និងបន្តឈ្នះនៅសិតទី២ ដោយស្ថានភាពតានតឹង គឺបញ្ចប់ដោយលទ្ធផល ២៩-២៧ ហើយចុងក្រោយនៅសិតទី៣ បញ្ចប់ក្នុងលទ្ធផល ២៥-១៦។
 
គួរបញ្ជាក់ថា ក្រោយឈ្នះសិង្ហបុរី ក្រុមកម្ពុជានឹងបន្តទៅជួបក្រុមម៉ាឡេស៊ីឈុត(B) នៅម៉ោង ៧ និង៣០នាទីយប់ ចំណែកសិង្ហបុរី ត្រូវទៅជួបម៉ាឡេស៊ី(A) នៅម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីសម្រេចក្តីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទះ Tri-Nation ប្រចាំប្រទេសម៉ាឡេស៊ី៕ 
 

Tag:
 កីឡាបាល់ទះ
 Tri-Nation
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com