កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ម្ចាស់មេដាយមាស ម៉េត សុភត្រា្ត៖ យកការប្រកួតជើងឯកវ៉ូវីណាម ជាការត្រៀមស៊ីហ្គេម២០២៣
31, Mar 2023 , 11:30 am        
រូបភាព
ការប្រកួតកីឡាវ៉ូវីណាម លើវិញ្ញាសាសម្តែងមេគុនគ្មានអាវុធបុរសពីរនាក់។
ការប្រកួតកីឡាវ៉ូវីណាម លើវិញ្ញាសាសម្តែងមេគុនគ្មានអាវុធបុរសពីរនាក់។
ដោយ:
កីឡាករ ម៉េត សុភត្ត្រា ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ នៅវៀតណាមចាត់ទុកការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ នៅកម្ពុជា ជាសារដាស់តឿនសម្រាប់ខ្លួន ក៏ដូចជាអត្តពលិកផ្សេងទៀតសម្រាប់ត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខែឧសភា ខាងមុខ។

 
កីឡាករ ម៉េត សុភត្រ្តា លើកឡើងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៨ ខែមីនា នាសាលប្រកួតកីឡាវ៉ូវីណាម ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នេះមានសារៈសំខាន់សម្រាប់ខ្លួន ដែលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាន់តែកៀកខិតជិតមកដល់។

ការសម្តែងវិញ្ញាសាមេគុនបុរស៣នាក់ និងនារី១នាក់ ក្រុមមានអាវុធ។
 
លោក ម៉េត សុភត្រ្តា និយាយថា៖«បាទ!ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ជាស្ពាន និងជាដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ សម្រាប់ការដាស់ស្មារតីដល់អត្តពលិកថ្មីៗ និងជាការរំឮកឡើងវិញនូវវិញ្ញាសាខ្លះដែលយើងខានប្រកួតយូរមកប្រកួតនៅជើងឯកអាស៊ីអាគ្នេយ៍នេះគឺពិតជាល្អសម្រាប់យើងត្រៀមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា»។
 
បន្ថែមពីលើទៀតនោះ កីឡាករវ៉ូវីណាមជម្រើសជាតិកម្ពុជានេះបន្តថា ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា គឺពិតជាសំខាន់ព្រោះនេះជាអ្វីដែលកម្ពុជារង់ចាំអស់រយៈពេលជាង៦០ឆ្នាំ ហើយ ខ្លួនក៏បានត្រៀមរួចរាល់ក្នុងការប្រជែងមេដាយជូនជាតិ ជូនគ្រួសារ និងសាម៉ីខ្លួនផងដែរ។
 

ការសម្តែងវិញ្ញាសាមេគុនបុរស៣នាក់ និងនារី១នាក់ ក្រុមគ្មានអាវុធ។
 
ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍បីសម័យ ម៉េត សុភត្រ្តា គូសបញ្ជាក់ថា៖«សម្រាប់ស៊ីហ្គេមនៅកម្ពុជា ខ្ញុំមានការតាំងចិត្តខ្លាំង និងខិតខំបង្ហាញភ្ញៀវដែលមកចូលរួមប្រកួតជាមួយយើងឱ្យដឹងថាម្ចាស់ផ្ទះគឺខ្លាំង»។ យ៉ាងណា សុភត្រ្តាបន្តថា ការតាំងចិត្តខ្ពស់គឺគួបផ្សំនឹងការហ្វឹកហាត់ខ្លាំង។ សម្រាប់ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១ ក៏បានត្រៀមចាក់បំពេញបន្ថែមផងដែរនូវចំណុចខ្វះខាតរបស់ខ្លួន។
 
«ចំណុចខ្វះខាតនៅមានបន្តិចបន្តួចដែរ តែពេលចប់ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ហ្នឹងទៅ ខ្ញុំនឹងបំពេញបន្ថែម»។  សុភត្រ្តា និយាយដូច្នេះ មុនបន្ថែមថាខ្លួនក៏ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសវៀតណាមរយៈពេលខ្លីនាពេលខាងមុខផងដែរមុនការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាមកដល់។
 
គួបញ្ជាក់ថា កីឡាករ ម៉េត សុភត្រ្តា ឈ្នះមេដាយសរុប៧ ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ នៅកម្ពុជា។ មេដាយមាស២ ធ្វើបានលើវិញ្ញាសាមេគុនការពារខ្លួនបុរស៣នាក់ និងនារី៣នាក់(ក្រុម) និងមេគុនកាំបិទធំការពារខ្លួនបុរស២នាក់(ក្រុម) មេដាយប្រាក់៣ ធ្វើបានលើវិញ្ញាសាមេគុនការពារខ្លួននារី១ និងបុរស៣ មានអាវុធ, មេគុនការពារខ្លួនបុរស២នាក់ កាំបិតខ្លីមានអាវុធ និងមេគុននារី១ និងបុរស១ កាំបិតខ្លីមានអាវុធ និងមេដាយសំរឹទ្ធ២ ធ្វើបានលើវិញ្ញាសាមេគុនសម្តែងស្នៀតគៀបកករបុរស៤នាក់ និងមេគុនការពារខ្លួនបុរស២នាក់គ្មានអាវុធ៕
 
 
 

Tag:
 កីឡាវ៉ូវីណាម
 ម៉េត សុភត្រា្ត
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com