ជាតិ
​​​ន​យោ​បាយ​ជាតិ​
អេហ្ស៊ីប ពិចារណាបើកស្ថានទូតនៅកម្ពុជា
31, Mar 2023 , 4:29 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក សាម៉េ ស៊ូគ្រី រដ្ឋមន្រ្តីអេហ្ស៊ីប ចុះហត្ថលេខាលើឯកសារមួយចំនួន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ រូបពីក្រសួងការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក សាម៉េ ស៊ូគ្រី រដ្ឋមន្រ្តីអេហ្ស៊ីប ចុះហត្ថលេខាលើឯកសារមួយចំនួន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ រូបពីក្រសួងការបរទេសកម្ពុជា
អេហ្ស៊ីប នឹងពិចារណាលើការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ នេះជាប្រសាសន៍របស់លោក សាម៉េ ស៊ូគ្រី (Sameh Shoukry) រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា។



លោក ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣។ ខ្លឹមសារអំពីដំណើរទស្សនកិច្ចនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 
 
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ត្រូវបានធ្វើឡើងស្របនឹងខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អេហ្ស៊ីប។ លោក ប្រាក់ សុខុន និងលោក សាម៉េ ស៊ូគ្រី ឯកភាពគ្នាថា នឹងពិចារណាបង្កើតកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំង២។ លោករដ្ឋមន្រ្តីទាំង២ យល់ថា យន្តការពិគ្រោះយោបល់នេះ គឺជាវិធី និងជាមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ។ 
 
ជាមួយគ្នានេះ ភាគីទាំង២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន៣ គឺ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការផ្នែកបុរាណវិទ្យា សារមន្ទីរ និងបតិភណ្ឌ និងអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា ជាមួយវិទ្យាស្ថានសិក្សាការទូតអេហ្ស៊ីប៕ 
 

Tag:
 កម្ពុជា-អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com