ជាតិ
ក្រសួង​ទេសចរណ៍ ស្នើ​ឱ្យ​ភាគីពាក់ព័ន្ធចូលរួមប្រើនិមិត្តសញ្ញាយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា២០២៣»
31, Mar 2023 , 5:29 pm        
រូបភាព
ពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»។ រូបភាព៖ ញឹក ស្រីល័ក្ខ
ពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​​ក្រសួង​ទេសចរណ៍​ បាន​ស្នើ​ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់និមិត្តសញ្ញារបស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យបានទូលំទូលាយ ដើម្បី​បង្កើន​ការ​ផ្សព្វផ្សាយ​យុទ្ធនាការនេះ។ លោកលើកឡើង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​​ផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី​២៨ មីនា។



នៅ​ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានអុនម័តលើវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដែល​មាន​បំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្ដល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ យុទ្ធនាការនេះ ក៏​ជា​ផ្នែក​មួយ​ផ្សារ​ភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រារព្ធនៅឧសភាខាងមុខផងដែរ​។
  

លោក ទិត ចន្ថា អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
ក្នុងយុទ្ធនាការនេះ ក្រសួង​ទេសចរណ៍ បា​ន​កំណត់​និមិត្តសញ្ញា និង​ខ្លឹម​សារនៃ​យុទ្ធនាការនេះ គឺ«ឆ្នាំទស្សនាកម្ពុជា ២០២៣-Visit Cambodia Year 2023» ដោយភ្ជាប់ជាមួ​យ​ពាក្យ​ស្លោក​«គ្រប់​ថ្ងៃ​ គឺជា​អច្ឆរិយភាព»។​ និមិត្តសញ្ញានេះ មានរំលេចដោយ​​រូបភាព​អង្គរ​វត្ត និង​ពណ៌ត្នោតមាស។​
 
«សូមស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ និងប្រតិបត្តិករក្នុងវិស័យឯកជន សូមចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញារបស់យុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ឱ្យបានទូលំទូលាយនៅគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ គោលដៅទេសចរណ៍ និង​រមណីយដ្ឋាននានា។ ជាពិសេស នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះចូលកម្ពុជា, អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាជាដើម»។ នេះ​ជាការ​ស្នើសុំ​​របស់​លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុង​ពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីថ្ងៃទី២៨ មីនា។
  
រូបភាពពីក្រសួងទេសចរណ៍

បើតាម​ក្រសួង​ទេសចរណ៍ ​ខ្លឹមសារនៃ​និមិត្ត​សញ្ញានេះ ធ្វើឡើង​ផ្អែកតាមការសិក្សាស្រាវជ្រាវលើ​ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩ភាគរយ​ ដែល​ឆ្លើយថា ប្រាសាទអង្គរវត្ត បានទាក់ទាញឱ្យមកកម្សាន្តនៅកម្ពុជា។ ដោយ​ឡែក ៦២ភាគរយ ឆ្លើយថាមកពី​កត្តាមនុស្ស។​​
 
ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់ពី​ខ្លឹមសារនៃ​និមិត្ត​សញ្ញាដូច្នេះ៖ «ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬបាតុភូតសមរាត្រី (Equinox)។ ធាតុសំខាន់ៗ ដូចជាការរចនាក្បាច់ប្រាសាទ និងពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ។ កត្តាមនុស្ស សំដៅដល់ពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រឡាញ់ និងកក់ក្តៅ»។
 
យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើរស្របតាមខ្លឹមសារយុទ្ធនាការផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ»។ ក្រសួង​ទេសចរណ៍ បន្តថា និមិត្តសញ្ញានេះ មាន​ភាព​សាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ការ​កំណត់​និមិត្ត​សញ្ញាខាងលើ ក៏​ផ្ដោត​សំខាន់​លើ​ទីផ្សារគោលដៅភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ ដែលជំរុញចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា៕​
 

Tag:
 ទេសចរណ៍
  យុទ្ធនាការ
  ឆ្នាំទស្សនាកម្ពុជា២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com