អន្តរជាតិ
លោក ​Bolsonaro ​ត្រឡប់​ទៅ​ប្រេស៊ីល​វិញ​ដើម្បី​ដឹកនាំ​​ក្រុម​ប្រឆាំង​ស្តាំ​​​​និយម
31, Mar 2023 , 7:29 pm        
រូបភាព
លោក Bolsonaro ត្រឡប់ទៅប្រេស៊ីលដើម្បីដឹកនាំគណបក្សប្រឆាំងស្តាំនិយម
លោក Bolsonaro ត្រឡប់ទៅប្រេស៊ីលដើម្បីដឹកនាំគណបក្សប្រឆាំងស្តាំនិយម
ដោយ: VOA
អតីត​ប្រធានាធិបតីនិយមនយោបាយស្តាំ​ជ្រុលនៃ​ប្រទេស​ប្រស៊ីលលោក Jair Bolsonaro ​បានត្រឡប់​ពីស.រ.អ.នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​មាន​ការ​អបអរសាទរ​ពី​ពួក​អ្នកគាំទ្រ​លោករាប់រយ​នាក់​នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី ​Brasilia ​ដើម្បីទទួល​ស្វាគមន៍​លោក​មក​វិញ​ក្រោយ​ពេល​បី​ខែ។

 
ក្រុម​មន្ត្រីគណបក្ស​សេរីនិយម របស់​លោក​បាន​និយាយ​ថា​លោក Bolsonaro​ ដែល​មិន​បានទទួល​ស្គាល់ថា​លោក​ចាញ់ឆ្នោតក្នុង​ការបោះឆ្នោតកាលពីឆ្នាំ​ទៅ ​ត្រូវ​រំពឹង​ថានឹង​ដឹកនាំ​ក្រុម​ប្រឆាំងនឹងប្រធានាធិបតី​ឆ្វេង​និយម​លោក Luiz Inacio Lula da Silva។
 
នៅមុន​លោកឡើងយន្តហោះ​មួយ​គ្រឿង​នៅក្នុង ​ទីក្រុង Orlando ​លោក ​Bolsonaro មិន​បានសង្កត់​ធ្ងន់​លើមុខនាទីដឹកនាំ​របស់​លោក​ទេ​ ហើយ​លោក​បាន​និយាយ​ថា​លោក​នឹងប្រើ​បទ​ពិសោធរបស់​លោកដើម្បីជួយគណបក្ស​លោក​គឺ​គណបក្ស​សេរី​និយម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ក្នុង​កា​របោះឆ្នោត​ថ្នាក់​មូលដ្ឋាន​ ដោយ​បាន​បន្ថែមថាការបោះឆ្នោត​កាលពីខែ​តុលា​ដែល​លោក​បានចាញ់ឆ្នោតជា​ជំពូក​មួយ​ត្រូវ​បិទហើយ។
 
លោក​បាននិយាយ​ប្រាប់បណ្តាញ​ទូរទស្សន៍ ​CNN ​ប្រេស៊ីល​ ថា​«យើង​បាន​បិទ​ទំព័រមួយ​ហើយ ​ហើយ​នៅ​ពេល​នេះ​យើង​នឹង​ប្រុង​ប្រៀបសម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ‍»។
 
លោក Bolsonaro បាន​ធ្វើដំណើរមក​ស.រ.អ.​ពីរ​ថ្ងៃមុន​លោក​មាន​កំណត់ប្រគល់​ខ្សែ​ឆៀង​ប្រធានាធិបតីឱ្យ​លោក​ Lula ​កាល​ពី​ថ្ងៃ​ទី១​មករា។ លោក​បាន​និយាយ​ថាលោក​ត្រូវការ​សម្រាក ​តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​លោក​បាន​ជៀសវាង​ការ​ប្រថុយ​ប្រថាន​អំពី​ការស៊ើបអង្កេតជាង​១២ដែល​លោក​អាច​ប្រឈម​ក្នុងប្រទេស​ប្រេស៊ីល។​
 
ការស៊ើបអង្កេត​ខាង​ផ្លូវ​ច្បាប់បាន​ផ្តោត​លើការវាយប្រហារ​របស់​លោក​លើប្រព័ន្ធ​បោះឆ្នោតនៃ​ប្រទេសប្រេស៊ីល​និង​មុខនាទី​លោកក្នុង​ការលើក​ទឹកចិត្ត​ពួក​អ្នកគាំទ្រ​លោកឱ្យ​ចូលលុក​ក្នុង​អគារ​រដ្ឋាភិបាល​ក្នុង​កុបកម្មកាលពីថ្ងៃទី៨​ខែមករាដែល​ស្រដៀងគ្នា​នឹងការ​ចូលលុក​ក្នុង​អគារ​សភាកាពីតូលស.រ.អ.​ដែរ។
 
លោក Bolsonaro ​ដែលចាត់ទុក​អតីត​ប្រធានាធិបតី​ស.រ.អ.​លោក​ Donald Trump ថាជាមនុស្ស​ដែល​លោក​គោរព​ខ្លាំង បាន​ចូលរួម​ក្នុង​ការប្រជុំ​របស់​អង្គការ​ Conservative Political Action Conference ​នៅ​ខែនេះក្នុង​រដ្ឋធានី​ Washington​ ដែលនៅ​ទីនោះ​លោកបាន​លើកឡើង​ពី​ការសង្ស័យ​អំពី​លទ្ធផល​នៃការបោះឆ្នោតកាលពី​ខែតុលាដែល​លោក Lula ​បាន​ឈ្នះ​បន្តិច ហើយ​លោក​បាន​និយាយ​ថា​បេសកកម្ម​របស់​លោកក្នុង​ប្រ​ទេសប្រេស៊ី​ល«មិនទាន់​ចប់​នៅឡើយ​ទេ‍»៕
Top of Form
Top of Form
Top of Form
 

© រក្សាសិទ្ធិដោយ thmeythmey.com