អន្តរជាតិ
នាយករដ្ឋមន្ត្រីអេស្ប៉ាញជំរុញឱ្យលោក ស៊ី ជជែកជាមួយលោក ហ្សេលេនស្គី
01, Apr 2023 , 11:19 am        
រូបភាព
ពីទស្សនកិច្ចនៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez នាថ្ងៃទី៣១ ខែមីនា បានជំរុញប្រធានាធិបតីចិន ស៊ី ជីនភីង ឱ្យជជែកជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន និងសិក្សាដោយផ្ទាល់​អំពី​ផែនការសន្តិភាព​របស់​ទីក្រុង​កៀវ ដើម្បីជួយបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។

 
ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez  
លើកឡើងថា លោកប្រាប់ប្រធានាធិបតីចិនពីជំហររបស់អេស្ប៉ាញដែលគាំទ្រសំណើបញ្ចប់សង្គ្រាមរបស់ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀ ហ្សេលេនស្គី ដែលរួមមានទាំងការស្ដារស្ថានភាពដើមមុនពេល​ការ​គ្រប់គ្រងតំបន់គ្រីមៀឆ្នាំ ២០១៤ ដោយរុស្ស៊ីផងដែរ។
 
«ខ្ញុំជឿថាវាជាផែនការដែលដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែងនៅអ៊ុយក្រែន ហើយស្របយ៉ាងល្អឥតខ្ចោះជាមួយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រី Sanchez លើក​ឡើង​បែបនេះរួចបន្តថា លោកបានបង្ហាញការព្រួយបារម្ភចំពោះការលុកលុយ​ខុស​ច្បាប់​លើ​អ៊ុយក្រែន ហើយ​បានលើកទឹកចិត្តលោក ស៊ី ឱ្យនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន។
 
កាលពីខែមុន ក្រុងប៉េកាំងបានស្នើចេញផែនការសន្តិសុខ ១២ចំណុច ហើយបានអំពាវនាវឱ្យ មានបទឈប់បាញ់ទូលំទូលាញក្នុងជម្លោះ។ Sanchez បានសរសើរទិដ្ឋភាពពីរនៃឯកសារ គោលជំហររបស់ចិនគឺ ការបដិសេធទាំងស្រុងទាំងលើការប្រើប្រាស់ និងការគំរាមកំហែង ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ហើយព្រមទាំងការគោរពចំពោះបូរណភាពទឹកដី។
 
យ៉ាងណាមិញ លោក Sanchez បដិសេធមិនលើកឡើងពីអ្វីដែលោកស៊ីឆ្លើយតបសម្រាប់បញ្ហា​មួយ​នេះឡើយ។ បើយោងតាមទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បានអំពាវនាវឱ្យបញ្ចប់ចិត្ត​គំនិត​សង្គ្រាម​ត្រជាក់ និងសម្ពាធនៃទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងរុស្ស៊ី។
 
«យើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងកសាងស្ថាបត្យកម្មសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាពតាមរយៈការសន្ទនា និងការពិគ្រោះយោបល់»។ ទូរទស្សន៍ CCTV បានដកស្រង់សម្តីប្រធានាធិបតីចិនបែបនេះ។
 
ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ Sanchez បានជំរុញចិនឱ្យស្វែងរកទំនាក់ទំនង​សេដ្ឋកិច្ច​ដែលមានតុល្យភាពជាងមុនជាមួយអេស្ប៉ាញ ហើយជំរុញឱ្យមានតម្លាភាពកាន់តែច្រើន។ ទិន្នន័យ​របស់ក្រសួងសេដ្ឋកិច្ចអេស្ប៉ាញបានបង្ហាញថានៅឆ្នាំ២០២២ ការនាំចូលរបស់អេស្ប៉ាញ​ពី​ចិន​មាន​ចំនួន៥៣,៩ពាន់លានដុល្លារ ខណៈដែលការនាំចេញ ទៅកាន់ចិន​ឈានដល់​ប្រហែល​៨,៧​ពាន់​លាន​ដុល្លារ។
 
យោងតាមទូរទស្សន៍ CCTV លោក Sanchez ក៏ជួបសមភាគីចិន លី ឈាំង ដែរ។ នាយករដ្ឋមន្ត្រីចិន និយាយថា ទីក្រុងប៉េកាំងចង់ពង្រីកពាណិជ្ជកម្មនិងការវិនិយោគ​ជាមួយអេស្ប៉ាញ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការលើថាមពលថ្មី និងសម្ភារទំនើប ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់​ពាណិជ្ជកម្ម​ផងដែរ៕
 
 

Tag:
 អេស្ប៉ាញ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com