អន្តរជាតិ
តៃវ៉ាន់​ថា យន្តហោះ​ចិន​១០​គ្រឿង​បាន​ឆ្លង​ខ្សែបន្ទាត់ខណ្ឌចែក​ច្រកសមុទ្រ​តៃវ៉ាន់​
01, Apr 2023 , 5:59 pm        
រូបភាព
ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី១ ខែមេសាបានលើកឡើងថា យន្តហោះចិនចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ដែលចែកច្រកសមុទ្រតៃវ៉ាន់ជាពីរ ហើយត្រូវសន្មត់ជាព្រំដែនមិនផ្លូវការរវាងភាគីទាំងពីរ។



នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធាចិន នៅថ្ងៃទី១ ខែមេសា ក្រសួងការពារជាតិតៃវ៉ាន់លើកឡើងថា យន្តហោះចម្បាំងចំនួន៩គ្រឿង និងដ្រូន​មួយគ្រឿងរបស់ចិន នៅម៉ោង ៦ ព្រឹកថ្ងៃទី១ ខែមេសា បានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់​។ ជាការឆ្លើយតប តៃវ៉ាន់បានបញ្ជូនយន្តហោះខ្លួនទៅបណ្តេញយន្តហោះចិន ខណៈប្រើប្រាស់ប្រព័ន្ធមីស៊ីលដើម្បីត្រួតពិនិត្យ។
 
តៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែងបានត្អូញត្អែរពីសកម្មភាពរបស់កងទ័ពអាកាសចិនដែលកើតឡើងស្ទើរតែរាល់ថ្ងៃ​នៅប៉ែកនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។ 
 
ការបញ្ជូនយន្តហោះ​ឆ្លង​ខ្សែបន្ទាត់​ ត្រូវមើលឃើញថា ជាសារគំរាមរបស់ទីក្រុងប៉េកាំងចំពោះប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដែលឥឡូវកំពុងធ្វើដំណើរនៅទ្វីបអាម៉េរិក។
ចាប់តាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាម៉េរិកលោកស្រី Nancy Pelosi ទៅតៃវ៉ាន់ ចិនបានបង្កើនការធ្វើសមយុទ្ធយោធា និងសកម្មភាពយោធាផ្សេងៗនេះជុំវិញកោះតៃវ៉ាន់។ 
​នៅថ្ងៃទី៣១ ខែមីនា យន្តហោះចិនចំនួន៩គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម​នៃ​ច្រកសមុទ្រ​តៃវ៉ាន់ម្ដងរួចមកហើយដែរ៕
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com