ជាតិ
សង្គមជាតិ
យុទ្ធនាការផ្លាស់ប្ដូរឥរិយាបថ «ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត» លើកទឹកចិត្តបុរសឱ្យជួយមើលថែកូនៗ
02, Apr 2023 , 3:29 pm        
រូបភាព
លោក ចន វីលៀម អាមេស ក្នុងពិធីប្រកាសជាផ្លូវការយុទ្ធនាការ ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត នៅផ្សារហេរីថេក វ៉ក នាថ្ងៃទី១ មេសា ឆ្នាំ២០២៣។
លោក ចន វីលៀម អាមេស ក្នុងពិធីប្រកាសជាផ្លូវការយុទ្ធនាការ ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត នៅផ្សារហេរីថេក វ៉ក នាថ្ងៃទី១ មេសា ឆ្នាំ២០២៣។
សៀមរាប៖ យុទ្ធនាការផ្លាស់ប្ដូរឥរិយាបថសហគមន៍ ក្រោមប្រធានបទ «ប្ដីខ្ញុំឆ្លាត កូនខ្ញុំឆ្លាត» ត្រូវបានប្រកាសអនុវត្តន៍ជាផ្លូវការនៅខេត្តសៀមរាប។ យុទ្ធនាការនេះធ្វើឡើងក្នុងបំណង លើកទឹកចិត្តបុរសចេះថែទាំកូនតូចៗ ហើយវាមិនមែនជាការងារផ្ដាច់មុខរបស់ស្រ្តីម្នាក់ឯងទេ។

 
នាយកប្រចាំប្រទេស និងនាយកគម្រោងអភិវឌ្ឍន៍កុមារតូច នៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ អន្ដរជាតិ លោក ចន វីលៀម អាមេស បានឱ្យដឹងថា យុទ្ធនាការផ្លាស់ប្ដូរឥរិយាបថសហគមន៍ក្រោមប្រធានបទ ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត ជាសកម្មភាពមួយរបស់យុទ្ធនាការគម្រោងអភិវឌ្ឍន៍កុមារតូច (IECD)។ ក្នុងពិធីប្រកាសអនុវត្តន៍ជាផ្លូវការគម្រោងដែលរៀបចំនៅថ្ងៃទី១ មេសា លោក  ចន វីលៀម អាមេស  បញ្ជាក់ថា កម្មវិធីនេះមានបំណងជួយកុមារតូចកម្ពុជាឱ្យមានការលូតលាស់ផ្នែករាងកាយ បញ្ញាការគិត ភាសា និងសង្គមអារម្មណ៍ឱ្យបានល្អប្រសើរ។
 


លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាសមាជិកា គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប បានលើកឡើងថា យុទ្ធនាការនៃកម្មវិធី ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត ជាគន្លឹះក្នុងការកាត់បន្ថយការប្រកាន់តួនាទីផ្សេងគ្នា រវាងបុរស និងស្រ្តីក្នុងការថែទាំកុមារ ដែលជះឥទ្ធិពលខ្លាំង និងជាផ្នត់គំនិតសង្គមដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលបានកំណត់តួនាទីនេះតាំងពី​យូរលង់មក គឺការថែទាំកូនតូចៗ និងកិច្ចការផ្សេងៗជាភារកិច្ចរបស់ស្រ្តីជាម្ដាយ។
 
លោកស្រី ថុន ស៊ីណា បន្ថែមថា៖« ឪពុកក៏ធ្វើបានដែរ បានល្អជាងម្ដាយទៅទៀត ហើយម្យ៉ាងវិញទៀត នៅពេលឪពុកផ្លាស់ប្ដូរតួនាទីមកជួយដល់កូនតូចៗ គាត់មានភាពស្និទ្ធស្នាលជាមួយកូនបានច្រើន»។
 


ពលរដ្ឋមកពីឃុំព្រះដាក់ ស្រុកបន្ទាយស្រី អ្នកស្រី ទូច សុភាព ចាប់អារម្មណ៍ចំពោះយុទ្ធនាការ ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត។ អ្នកស្រីយល់ថា សព្វថ្ងៃបុរសជាស្វាមីបានជួយការងារថែទាំកូនបានមួយផ្នែក ដែលជាការ សម្រាលបន្ទុកស្រ្ដីជាភរិយា។ សម្រាប់អ្នកស្រី សុភាព ការផ្លាស់ប្ដូរឥរិយាបថដូច្នេះ ជួយឱ្យគ្រួសារ កាន់តែមានភាពកក់ក្ដៅ សុភមង្គលមួយកម្រិតទៀត។
 
គួរបញ្ជាក់ថា យុទ្ធនាការផ្លាស់ប្ដូរឥរិយាបថសហគមន៍ក្រោមប្រធានបទ ប្ដីខ្ញុំល្អ កូនខ្ញុំឆ្លាត ដែលជាសកម្មភាពមួយរបស់យុទ្ធនាការ គម្រោងអភិវឌ្ឍន៍កុមារតូច ទទួលបានមូលនិធិគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID)  ដែលដឹកនាំអនុវត្តន៍ដោយ​វិទ្យាស្ថានស្រាវជ្រាវត្រីកោណ សហការជាមួយអង្គការ ហេឡែន ខេលល័រ អន្ដរជាតិ (Helen Keller Intl) និងអង្គការសេហ្វហេវិន៕



Tag:
 យុទ្ធនាការប្តីខ្ញុំល្អ
© រក្សាសិទ្ធិដោយ thmeythmey.com